សន្និសីទសារព័ត៌មានស្តីពីការបើកដាក់ឲ្យដំណើរការមន្ទីរសម្រាកព្យាបាល អុិនដ្រា



រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៩ មានសនិ្នសីទសារព័ត៌មានស្តីពីការបើកដាក់ឲ្យដំណើរការមន្ទីរពេទ្យសម្រាកព្យាបាល អុិនដ្រា។ ដោយមើលឃើញនូវការវិវត្តន៍ដ៏លេចធ្លោក្នុងវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលធានាឲ្យមាន សុខសន្តិភាព និងស្ថិរភាពនៅទូទាំងប្រទេសបានធ្វើឲ្យវិស័យសុខាភិបាលមានការរីកចម្រើនជាលំដាប់។ ជាក់ស្តែង តាមរយៈការអភិវឌ្ឍន៍ និងភាពរីកចម្រើនរបស់ប្រទេសជាតិ ក្នុងនោះផងដែរក៏មានការសហការចាប់ដៃគូគ្នារវាងគ្លីនិក យីគក់ នៅខេត្តបាត់ដំបង គ្លីនិក សេតេ នៅខេត្តព្រះសីហនុ និងវេជ្ជបណ្ឌិតឯកទេស ចាន់ ប៊ុនថា ព្រមទាំងក្រុមវេជ្ជបណ្ឌិតជំនាញឯកទេសនៅភ្នំពេញបានបង្កើតជាមន្ទីរសម្រាកព្យាបាល អុិនដ្រា ឡើងដើម្បីជួយសម្រួលដល់ការពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ។ ក្នុងនោះផងដែរ សន្និសីទសារព័ត៌មានរយៈពេលកន្លះថ្ងៃនេះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និងភ្ញៀវកិត្តិយសប្រមាណជា ៦០នាក់។
ក្នុងឱកាសនេះដែរ លោកវេជ្ជបណ្ឌិត ចាន់ ប៊ុនថា បានមានប្រសាសន៍ថា« ការបើកដាក់ដំណើរការមន្ទីរសម្រាកព្យាបាល អុិនដ្រា នេះគឺធ្វើឡើងក្នុងគោលបំណងដើម្បីចង់បង្ហាញអំពីការផ្តល់នូវសេវាវេជ្ជសាស្រ្តដែលមានគុណភាពខ្ពស់ក្នុងការពិនិត្យ និងព្យាបាលជំងឺទូទៅ ហើយផ្តោតសំខាន់ទៅលើសុវត្ថិភាពក្នុងការផ្តល់សេវាកម្មប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈដែលឈរលើទស្សនវិស័យពង្រឹង និងលើកកម្ពស់វិស័យសុខាភិបាល ការផ្តល់នូវទំនុកចិត្តខ្ពស់ជូនអតិថិជនក្នុងការទទួលបានសេវាកម្មដ៏ល្អប្រសើរ ជាពិសេសកាត់បន្ថយការធ្វើដំណើរចេញទៅព្យាបាលនៅក្រៅប្រទេស។ បន្ថែមលើនេះមន្ទីរសម្រាកព្យាបាល អុិនដ្រា យើងខ្ញុំក៏មានឧបករណ៍វេជ្ជសាស្ត្រទំនើបទាន់សម័យដូចជា ម៉ាស៊ីនវះកាត់ទំនើបចុងក្រោយដោយការចោះ (Laparoscopic) ម៉ាស៊ីនស៊ីធីស្កែន (CT-Scan) ម៉ាស៊ីនបាញ់ក្រួសតម្រងនោម (Laser Lithotripsy) ម៉ាស៊ីនអ៊ុលដ្រាសោន (Ultrasound) ម៉ាស៊ីនអ៊ិចរ៉េ (X-ray) ដែលកាន់តែមានភាពងាយស្រួលក្នុងការធ្វើរោគវិនិច្ឆ័យផងដែរ។ ជាមួយគ្នានេះដែរ មន្ទីរសម្រាកព្យាបាល អុិនដ្រា ក៏មានការពិនិត្យ និងវះកាត់ជំងឺក្រពេញប្រូស្តាតដោយម៉ាស៊ីនអង់ដូស្កុប វះកាត់ទូទៅ វះកាត់ខួរក្បាល វះកាត់ឆ្អឹងកងខ្នង បំបែកក្រួសក្នុងតម្រងនោមដោយកាំរស្មីឡាស៊ែរសេវាសង្គ្រោះបន្ទាន់ ២៤ម៉ោង ព្យាបាលជំងឺទូទៅ ជំនាញកូនក្មេង និងរោគស្រ្តី។
ដោយឡែក លោកវេជ្ជបណ្ឌិត យី គក់ បានមានចំណាប់អារម្មណ៍នៅក្នុងសន្និសីទសារព័ត៌មានថា« ខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំងដែលបានចូលរួមបើកដាក់ឲ្យដំណើរការ មន្ទីរសម្រាកព្យាបាល អុិនដ្រា ដែលមានសមិទ្ធផលថ្មីមួយបន្ថែមទៀតក្នុងការរួមលើកកម្ពស់វិស័យសុខាភិបាល និងពង្រឹងការផ្តល់សេវាពិនិត្យ និងព្យាបាលជូនដល់ប្រជាជនកម្ពុជា។ ក្រៅពីនេះ គ្លីនិក ក៏ខិតខំពង្រឹងគុណភាព ការផ្តល់នូវសេវាកម្មក៏ដូចជាជំនាញផ្នែកវេជ្ជសាស្រ្តនេះកាន់តែរឹងមាំបន្ថែមទៀត ក្នុងការផ្តល់នូវទំនុកចិត្តជូនប្រជាពលរដ្ឋ ព្រមទាំងជួយកាត់បន្ថយចំណាយ និងសន្សំពេលវេលាដោយមិនបាច់ទៅព្យាបាលនៅក្រៅប្រទេសឡើយ លើសពីនេះ ដោយឃើញថាប្រទេសកម្ពុជាទទួលបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ហើយមានការកើនឡើងជារៀងរាល់ឆ្នាំក្នុងអត្រា ៧,៥ភាគរយ ក្នុងនោះជីវភាពរបស់ប្រជាជនកាន់តែធូរធារ និងមានកម្រិតរស់នៅកាន់តែខ្ពស់ផងដែរនោះបានធ្វើឲ្យតម្រូវការផ្នែកវិស័យសុខាភិបាលសាធារណៈក៏កាន់តែមានការកើនឡើងខ្ពស់ក្នុងការចូលរួមលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋផងដែរ។
គួរបញ្ជាក់ផងដែរថា ការបើកមន្ទីរសម្រាកព្យាបាល អុិនដ្រា ក៏ជាការផ្តល់ឱកាសក្នុងការប្រកួតប្រជែងលើការផ្តល់សេវាកម្មផ្នែកសុខាភិបាលជូនអតិថិជន ព្រមទាំងរួមចំណែកជួយពង្រឹង និងលើកកម្ពស់ដល់វិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានគុណភាពខ្ពស់ និងមានស្តង់ដារស្របតាមប្រទេសក្នុងតំបន់ និងអន្តរជាតិ ជាពិសេសវេជ្ជបណ្ឌិតជំនាញៗ រួមទាំងឧបករណ៍ និងម៉ាស៊ីនវះកាត់ទំនើបៗ។

