Menu

កម្មវិធីសន្និសីទសារព័ត៌មានព្រឹត្តិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ឆ្នាំ ២០១៩ ក្រោមប្រធានបទ « អភិរក្សស៊ីក្លូ ដើម្បីទេសចរណ៍»


កម្មវិធីសន្និសីទសារព័ត៌មានព្រឹត្តិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ឆ្នាំ ២០១៩ ក្រោមប្រធានបទ « អភិរក្សស៊ីក្លូ ដើម្បីទេសចរណ៍»

នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩  សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA (Cambodia Association of Travel Agents) ជាសមាគមថ្នាក់ជាតិដែលមានវ័យចំណាស់ជាងគេនៅក្នុងការប្រត្តិបត្តិវិស័យទេសចរណ៍ផ្នែកឯកជនក្នុងព្រះរាជាណាចក្រកម្ពុជាជាងពីរទសវត្សរ៍មកនេះ។ បន្ថែមពីនេះ សមាគមមានសេចក្តីសោមនស្សសូមជម្រាបជូនទៅដល់សាធារណជនពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ស្ថាប័នជំនាញ និងវិជ្ជាជីវៈ អ្នកសារព័ត៌មានទាំងក្នុង និងក្រៅប្រទេសមេត្តាជ្រាបថា៖ ដើម្បីចូលរួមអនុវត្តយុត្តិសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការសហការជាមួយក្រសួងទេសចរណ៍ និងក្រសួងពាក់ព័ន្ធក្នុងការជំរុញពង្រីកគោលដៅទេសចរណ៍នានាក្នុងព្រះរាជាណាចក្រកម្ពុជាទូទាំង២៥ខេត្តក្រុង និងលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋស្វែងយល់បន្ថែមពីសក្តានុពលនៃវិស័យទេសចរណ៍ និងទទួលបានព័ត៌មានដែលមានក្នុងបច្ចុប្បន្នភាពនៃទេសចរណ៍។

ជាក់ស្តែង សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA បានសហការជាមួយក្រសួងទេសចរណ៍ និងសមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធដែលមានការចូលរួមសហការគាំទ្រដោយសាលា​ក្រុងភ្នំពេញ និងគណៈកម្មាធិកាជាតិអូឡាំពិចកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ឆ្នាំ២០១៩ ក្រោមប្រធានបទអភិរក្សស៊ីក្លូដើម្បីទេសចរណ៍ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ដល់២៣ ខែមិថុនា ឆ្នាំ២០១៩ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៨យប់នៅសួនព្រះនាងប្រាជ្ញាបរមី (ជិតសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ) រាជធានីភ្នំពេញ។

ដោយឡែក នេះជាលើកទី៣ សម្រាប់ព្រឹត្តិការណ៍ប្រណាំងស៊ីក្លូដែលការប្រណាំងស៊ីក្លូជាលើកចុងក្រោយតាំងពីឆ្នាំ ១៩៩៥មកម្ល៉េះ  ដោយយោងតាមការស្រង់ស្ថិតិរបស់សមាគមបានបង្ហាញថាកាលពីទសវត្សរ៍ទី៩០ចំនួនស៊ីក្លូមានប្រមាណ ១០០០គ្រឿងឯណោះ ក៏ប៉ុន្តែចំនួនស៊ីក្លូនាពេលបច្ចុប្បន្នមានប្រមាណប្រហែល ៣០០គ្រឿងតែប៉ុណ្ណោះ។ ការធ្លាក់ចុះនេះបណ្តាលមកពីការបាត់បង់ប្រជាប្រិយភាពនៃការប្រើប្រាស់ស៊ីក្លូក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន ទើបបណ្តាលឲ្យអ្នកធាក់ស៊ីក្លូជាច្រើនសម្រេចចិត្តផ្លាស់ប្តូរមុខរបរ និងមួយចំនួនទៀតចូលនិវត្តដោយសារមានវ័យចំណាស់មិនអាចប្រកបមុខរបរនេះបន្តទៀតបាន។ យ៉ាងណាមិញ ដោយសារការមើលឃើញការធ្លាក់ចុះយ៉ាងខ្លាំងទើបជំរុញឲ្យមានការព្រឹត្តិការណ៍នេះឡើងក្នុងគោលបំណងបង្កើនប្រជាប្រិយភាព បង្កើនការប្រើប្រាស់ ពិសេសជួយបង្កើនប្រាក់ចំណូលដល់អ្នកធាក់ស៊ីក្លូដើម្បីគាំទ្រគាំពារដល់មុខរបរធាក់ស៊ីក្លូកុំឲ្យបាត់បង់តាមរយៈការប្រើប្រាស់ស៊ីក្លូក្នុងវិស័យទេសចរណ៍។

ទន្ទឹមនឹងនេះភ្ញៀវជាតិ និងអន្តរជាតិនឹងមានឱកាសចូលរួមទស្សនាការប្រណាំងស៊ីក្លូដ៏កម្រដោយមានការចូលរួមប្រកួតប្រជែងស៊ីក្លូប្រមាណ ១៣៦គ្រឿង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកចូលរួមកម្មវិធីនេះអាចទស្សនា និងកម្សាន្តជាមួយសកម្មភាពជាច្រើនទៀតដូចជា ការជិះស៊ីក្លូកម្សាន្តក្នុងបរិវេណសួនព្រះនាងប្រាជ្ញាបរមី ដោយសបញ្ជាក់ការបង្ហាញពីប្រវត្តិ និងរបៀបនៃការបង្កើតស៊ីក្លូ ព្រមជាមួយការលក់ម្ហូបអាហារ និងភេសជ្ជៈជាច្រើនផងដែរ។ លើសពីនេះ ក៏មានការប្រគំតន្ត្រី Acoustic ផ្ទាល់ជាមួយនឹងការតុបតែងតាមបែបជនបទយ៉ាងពិសេសថែមទៀតផង។

គួរបញ្ជាក់ជាថ្មីម្តងទៀតថា សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា សូមអញ្ជើញសាធារណជនទាំងអស់ចូលរួមដោយសេរីក្នុងព្រឹត្កិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ឆ្នាំ ២០១៩ ក្នុងថ្ងៃទី២២ និង២៣ មិថុនានេះ ឲ្យបានច្រើនកុះករ។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 


Share:

អត្ថបទទាក់ទង