Menu

សូមប្រយ័ត្ន៖ មានការកំណត់ពីតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិកហើយ


សូមប្រយ័ត្ន៖ មានការកំណត់ពីតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិកហើយ

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់អំពីករណីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកជាថ្មីម្តងទៀតនៅក្នុងខេត្តត្បូងឃ្មុំ។ ក្នុងករណីនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានប្រកាសឲ្យកម្លាំងជំនាញចាត់វិធានការបន្ទាន់។

រាជធានីភ្នំពេញថ្ងៃទី ០២ ខែកក្តដា ឆ្នាំ២០១៩ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសកំណត់តំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកដែលបានកើតឡើងចំនួនពីរកន្លែងស្ថិតនៅភូមិកំពង់សេរី និងភូមិសោយ ឃុំមាន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ដោយឡែក យោងតាមរយៈលិខិតនេះ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានប្រកាសបញ្ជាឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានចាត់វិធានការបសុព្យាបាលជាបន្ទាន់នៅតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកទាំងពីរដែលបានចែងក្នុងប្រការ ១ខាងលើ និងអនុលោមតាមមាត្រា១៤ ចំនួន ៣ចំណុច៖
• បំផ្លាញចោលចំពោះសត្វជ្រូកគ្រប់ប្រភេទក្នុងតំបន់ផ្ទុះជំងឺទៅតាមវិធានការបសុព្យាបាល
• ផ្អាកលើការទិញ ការលក់ និងការដឹកជញ្ជូនសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទចូល ចេញ ឬឆ្លងកាត់ក្នុងរង្វង់កាំប្រវែង ៣គីឡូម៉ែត្រ ពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ និងដាក់តំបន់នេះជាតំបន់ត្រួតពិនិត្យ និងតាមដាន
• សិក្សាស្រាវជ្រាវប្រភពជំងឺប៉េស្តជ្រូកអាហ្វ្រិក និងត្រួតពិនិត្យឃ្លាំមើលចលនាសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកជាប្រចាំក្នុងរង្វង់ដែលមានកាំប្រវែង ១០គីឡូម៉ែត្រពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានមានប្រសាសន៍បញ្ជាក់ផងដែរថាការចិញ្ចឹម ទិញ លក់ និងដឹកជញ្ជូនសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទនៅក្នុងតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកត្រូវផ្អាកជាបណ្តោះអាសន្ន។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកមិនឆ្លង និងប៉ះពាល់ដល់មនុស្សទេ ប៉ុន្តែជំងឺនេះបណ្តាលឲ្យជ្រូកឈឺ និងងាប់មានអត្រាខ្ពស់រហូតដល់ ១០០ភាគរយដែលបង្កការខាតបង់ធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមជ្រូកតែប៉ុណ្ណោះ។ ដូច្នេះ ហាមផ្សព្វផ្សាយព័ត៌មានផ្ទុយនឹងខ្លឹមសារនៃប្រកាសនេះ។ គួរបញ្ជាក់ផងដែរថា ប្រសិនបើជនណាប្រព្រឹត្តល្មើសនឹងត្រូវផ្តន្ទាទោសតាមច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ។ ការអនុញ្ញាតឲ្យចិញ្ចឹម ទិញ លក់ និងដឹកជញ្ជូនសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកឡើងវិញ និងការរំសាយតំបន់ជំងឺប៉េស្តជ្រូកអាហ្វ្រិកត្រូវកំណត់ដោយប្រកាសជាថ្មី។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 


Share:

អត្ថបទទាក់ទង