ម៉េចក៏អ្នកជំងឺទឹកនោមផ្អែមត្រូវទៅជួបពេទ្យ១ខែម្តង?
សំណួរ៖ នាងខ្ញុំអាយុ៦០ឆ្នាំ រស់នៅរាជធានីភ្នំពេញ។ ខ្ញុំចេះតែញ័រខ្លួននៅពេលឃ្លានហើយធាត់ទៅៗ។កូនខ្ញុំក៏នាំខ្ញុំទៅជួបគ្រូពេទ្យនៅជិតផ្ទះហើយគាត់ប្រាប់ខ្ញុំថាខ្ញុំមានជំងឺទឹកនោមផ្អែម។ ខ្ញុំបានទទួលយកការព្យាបាលជាមួយគ្រូពេទ្យនោះ តែខ្ញុំមិនយល់ថាហេតុអ្វីបានជាគ្រូពេទ្យមិនព្រមឲ្យតែថ្នាំខ្ញុំលេបទៅបានហើយម៉េចចាំបាច់ណាត់ឲ្យខ្ញុំទៅជួបមួយខែម្តង?
ចម្លើយ៖ ខ្ញុំសូមជម្រាបជូនថា អ្នកដែលមានទម្ងន់ខ្ពស់ មុននឹងកើតជំងឺទឹកនោមផ្អែមមានរយៈពេលត្រៀមទឹកនោមផ្អែម ពី៥ទៅ១៥ឆ្នាំ។ ក្នុងពេលនេះ អ្នកជំងឺតែងមានអារម្មណ៍ឃ្លានខ្លាំងមុនពេលបាយ និងគាត់មានទំនោរចង់ញ៉ាំស្ករ ទឹកផ្អែម និងរបស់ផ្អែម។
គាត់យល់ថា គាត់ខ្វះជាតិស្ករ គាត់ត្រូវហូបបង្អែម និងជាតិផ្អែមច្រើន។ រយៈពេល៥ទៅ១៥ឆ្នាំក្រោយមក ស្រាប់តែគាត់កើតជំងឺទឹកនោមផ្អែម។ នេះជាយន្តការធម្មជាតិនៃការកើតជំងឺទឹកនោមផ្អែម គឺក្នុងដំណាក់កាលត្រៀមទឹកនោមផ្អែម អាំងស៊ុយលីនខ្ពស់ក្នុងឈាមដែលនាំឲ្យស្ករចុះទាប ធ្វើឲ្យយើងឃ្លាន។ តែនៅពេលដែលយើងញ៉ាំច្រើនក្នុងពេលមួយដែលអាំងស៊ុយលីនមិនមានលទ្ធភាពទប់ជាតិស្ករឲ្យចុះទាបវិញបាន ពេលនោះស្ករនឹងកើនលើសលប់នៅក្នុងឈាម ហើយរោគវិនិច្ឆ័យក៏បញ្ជាក់ថា មានកើតជំងឺទឹកនោមផ្អែម។
ចំពោះរឿងដែលថាពេទ្យឲ្យថ្នាំព្យាបាលហើយនៅមានការណាត់ឲ្យទៅជួបមួយខែម្តងនោះ ខ្ញុំសូមជម្រាបលោកស្រីថា ក្នុងករណីអ្នកជំងឺថ្មីដែលទើបជួបដំបូង ការស្វែងយល់ពីអ្នកជំងឺច្បាស់លាស់ ទាំងការរស់នៅ ហូបចុក ទទួលថ្នាំ លទ្ធភាព និងតាមដានឥទ្ធិពលទាំងអស់នេះ គ្រូពេទ្យត្រូវស្គាល់លោកស្រីឲ្យច្បាស់ ដើម្បីសម្របសម្រួលថ្នាំដែលដាក់ទៅដំបូងឲ្យស្របនឹងការវិវឌ្ឍរបស់អ្នកជំងឺ ដូច្នេះរយៈពេលនៃការតាមដានដំបូង អាចជួបមួយសប្តាហ៍ម្តង ក្រោយមកមួយខែម្តង ក្រោយមកទៀតអាចឈានដល់បីខែម្តង។
ដូច្នោះ ការតាមដានការព្យាបាលជំងឺទឹកនោមផ្អែម មិនទាមទារការតាមដានមួយខែម្តង មួយជីវិតទេ គឺទាមទារការជួប៣ទៅ៤ខែម្តងប្រសិនបើជំងឺទឹកនោមផ្អែមនោះត្រូវគ្រប់គ្រងបានល្អ ដោយថ្នាំដោយរបៀបរស់នៅ ដោយការស្វែងយល់ច្បាស់លាស់។ ហើយចំពោះការពិនិត្យឈាម ដើម្បីតាមដានការប៉ះពាល់ចំពោះអ្នកជំងឺថ្មីក្នុងពេល១០ទៅ២០ឆ្នាំដំបូង បើគាត់នៅមិនទាន់មានការប៉ះពាល់អ្វីទេ ការពិនិត្យឈាមអាចធ្វើ២ទៅ៣ដងក្នុងមួយឆ្នាំ តែបើសិនគាត់មានបញ្ហាខ្សោយតម្រងនោម ខ្សោយបេះដូង មានជំងឺសរសៃឈាមខួរក្បាលជាដើម បានន័យថា ជំងឺទឹកនោមផ្អែមមានការប៉ះពាល់ខ្ពស់ លើសរីរាង្គផ្សេង ហើយគ្រូពេទ្យត្រូវជួបគាត់ឲ្យបាន១ទៅ២ខែម្តង ដើម្បីពិនិត្យ និងរក្សាជីវិតឲ្យរស់បានដូចធម្មតា។
បកស្រាយដោយ ៖ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត កុយ វ៉ាន់នី ឯកទេសជំងឺទឹកនោមផ្អែមនិងក្រពេញ ប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែមនិងក្រពេញកម្ពុជា នៅមន្ទីរពេទ្យកាល់ម៉ែត