Menu

Sousdei France៖ គម្រោងផ្លាស់ប្ដូរកម្មសិក្សារបស់និស្សិតផ្នែកវេជ្ជសាស្រ្ត


Sousdei France៖ គម្រោងផ្លាស់ប្ដូរកម្មសិក្សារបស់និស្សិតផ្នែកវេជ្ជសាស្រ្ត

ក្រុមនិស្សិត ១៥នាក់ ផ្នែកវេជ្ជសាស្រ្តមកពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានធ្វើការចុះកម្មសិក្សាក្នុងមន្ទីរពេទ្យនៅប្រទេសបារាំង រយៈពេល ២ខែ នាវិស្សមកាលក្រោមកម្មវិធីឈ្មោះថា«Sousdei France»។ កម្មវិធីនេះធ្វើឡើងក្រោមការគាំទ្រដោយ សមាគម FORICA និងការឧបត្ថម្ភពីស្ថាប័នឯកជន ផ្សេងៗរួមមាន មន្ទីរសម្រាកព្យាបាលកម្ពុជា។ 

ដោយឡែក Sousdei France គឺជាគម្រោងមួយដែលត្រូវបានបង្កើតឡើងដោយនិស្សិតពេទ្យកម្ពុជាមួយក្រុមហើយគោលបំណងគឺចង់បញ្ជូនយុវជនកម្ពុជាដែលនិយាយភាសាបារាំងឲ្យទៅធ្វើកម្មសិក្សាសង្កេតនៅក្នុងមន្ទីរពេទ្យបារាំង។ ហើយគម្រោងនេះនឹងជួយពួកគេចាប់យកបទពិសោធន៍ថ្មីៗដែលភ្ជាប់ទៅនឹងបរិយាកាសការងារថ្មីរបស់ពួកគេក៏ដូចជាពង្រឹងចំណេះដឹងដែលមានស្រាប់។ បទពិសោធន៍នេះផងដែរក៏នឹងជួយពួកគេជ្រើសរើសជំនាញវេជ្ជសាស្រ្តរបស់ពួកគេក្នុងថ្ងៃអនាគតផងដែរ។ លើសពីនេះ គម្រោងមួយនេះដែរផ្តើមឡើងដោយនិសិ្សតវេជ្ជសាស្រ្តឆ្នាំទី៤ ទី៥ និងទី៦ ដែលមានការជួយណែនាំពីលោក Steve Vilhemដែលជាអតីតបុគ្គលិកស្មគ្រ័ចិត្តតំណាងរបស់ស្ថានទូតបារំាងនៅ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ។ 

នាឱកាសនេះដែរ កញ្ញា សុខ វិរ៉ាបុត្រ  ជានិស្សិតឆ្នាំទី៧ ផ្នែកវេជ្ជសាស្រ្ត ជំនាន់ទី៤២នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដែលជានិស្សិតម្នាក់ក្នុងចំណោមនិស្សិត ១៥នាក់ដែលបានចុះកម្មសិក្សានៅមន្ទីរពេទ្យនៃប្រទេសបារាំងក៏បានលើកឡើងថា កម្មវិធី Sousdei Franceគឺជាកម្មវិធីដំបូងគេដែលផ្ដល់ឲ្យនិស្សិតពេទ្យឆ្នាំទី៤ ៥ និង ៦ អាចមានសិទ្ធិចុះកម្មសិក្សាជំនាញដែលគាត់ចង់រៀននៅថ្ងៃអនាគតនៅមន្ទីរពេទ្យបារាំង ។ កញ្ញាក៏បានបន្តទៀតថា«ទន្ទឹមនឹងកិច្ចការងារចុះកម្មសិក្សានេះ កញ្ញាបានសង្កេតមើលពីរបៀបរបបក្នុងការរស់នៅ និងអត្តចរិកការងាររបស់ប្រជាជនក្នុងប្រទេសបារាំងទៀតផង។ អំឡុងពេលចុះកម្មសិក្សានៅប្រទេសបារាំង កញ្ញាបានឲ្យដឹងថា ដំបូងកញ្ញាមានការលំបាកបន្តិចទាក់ទងនឹងភាសា និងការហូបចុក»។ 
    
កញ្ញាបានបញ្ជាក់ទៀតថា កម្មវិធីនេះមានគោលបំណងដើម្បីឲ្យនិស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានឱកាសបានក្រេបយកចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗបន្ថែមទៀតពីបណ្តាប្រទេសដែលស្តង់ដារវិស័យសុខាភិបាលមានកម្រិតខ្ពស់ មានការទទួលស្គាល់ជាលក្ខណៈតំបន់ និងអន្តរជាតិដើម្បពង្រឹងអាជីពក្នុងវិស័យសុខាភិបាល របស់និស្សិតប្រកបដោយគុណភាព និងជំនាញពិតប្រាកដហើយអាចកសាងទំនុកចិត្តបន្ថែមចំពោះប្រជាពលរដ្ឋកម្ពុជាលើគុណភាពវិស័យសុខាភិបាលរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងនិងរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជាឲ្យមានការរីកចម្រើនមួយកម្រិតទៀត និងអាចប្រកួតប្រជែងកាន់តែខ្លាំងឡើងខាងគុណភាពជាមួយបណ្តាប្រទេសនៅក្នុងតំបន់នាថ្ងៃអនាគត ។

ជាចុងក្រោយ កញ្ញាផ្តាំផ្ញើរដល់និស្សិតគ្រប់រូបឲ្យខិតខំសិក្សាស្រាវជ្រាវបន្ថែម ដើម្បីត្រៀមខ្លួនសម្រាប់ឱកាសលើកក្រោយ ដែលអាចឲ្យយើងបង្កើននូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ថ្មីៗ សម្រាប់ខ្លួន និងប្រទេសជាតិទាំងមូល។

2020 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
 


Share:

អត្ថបទទាក់ទង