Menu

មន្ទីរពេទ្យអន្តរជាតិ បំរុងរ៉ាត់ បើកវេទិកាសុខភាពសាធារណៈផ្តល់ការអប់រំដល់អ្នកម្តាយថ្មីថ្មោងដំបូងបង្អស់នៅកម្ពុជា!


មន្ទីរពេទ្យអន្តរជាតិ បំរុងរ៉ាត់ បើកវេទិកាសុខភាពសាធារណៈផ្តល់ការអប់រំដល់អ្នកម្តាយថ្មីថ្មោងដំបូងបង្អស់នៅកម្ពុជា!

ភ្នំពេញថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០៖ កិច្ចពិភាក្សាស្តីពីសុខភាពសាធារណៈក្រោមប្រធានបទ«ទារក និងដំណើរឆ្ពោះទៅរកភាពជាម្តាយ»ដែលត្រូវបានរៀបចំឡើងយ៉ាងធំនៅក្នុងរាជធានីភ្នំពេញ កាលពីកន្លងទៅនេះ បានទាក់ទាញចំណាប់អារម្មណ៍របស់មហាជនជាច្រើន ជាពិសេសអ្នកម្តាយ និងអ្នកដែលមានគម្រោងចង់បានបុត្រ។ នៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ អ្នកចូលរួមទាំងអស់បានទទួលនូវចំណេះដឹងយ៉ាងច្រើនទាក់ទងនឹងសុខភាពមាតា និងទារកតាមរយៈការចែករំលែកចំណេះដឹងនិងបទពិសោះធន៍ពីសាស្រ្តាចារ្យវេជ្ជបណ្ឌិតដែលមានវិជ្ជាជីវៈដោយឥតគិតថ្លៃ។

ដោយឡែក មន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់ ដែលជាមន្ទីរពេទ្យលំដាប់ពិភពលោក បានសហការជាមួយមជ្ឈមណ្ឌលសុខភាព VitalLife Scientific Wellness Center បានរៀបចំកិច្ចពិភាក្សាស្តីពីសុខភាពសាធារណៈនេះនៅសណ្ឋាគារ សុខា ភ្នំពេញក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីដំណាក់កាលសំខាន់នីមួយៗនៃភាណជាឪពុកម្តាយ។ សិក្ខាសាលានេះ បានបង្ហាញពីសេវាកម្មជាច្រើនដែលអាចរកបានតាមរយៈការត្រួតពិនិត្យសុខភាព ដើម្បីត្រៀមខ្លួនមុនពេលមានគភ៌ ឬសម្រាល។ គ្លីនិក IVF សម្រាប់អ្នកដែលប្រឈមមុខនឹងការពិបាកក្នុងការមានផ្ទៃពោះណែនាំនូវបច្ចេកវិទ្យាថ្មីទំនើប ដែលអាចរកឃើញពីភាពមិនប្រក្រតីក្នុងអំឡុងពេលមានផ្ទៃពោះ អាចហៅបានថា(NIPT) រួមនឹងកញ្ចប់សម្រាលបុត្រថ្មី និងកញ្ចប់ព្យាបាលសុខភាពជាច្រើនផ្សេងទៀតនៅ មន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់ និងមជ្ឈមណ្ឌលសុខភាព VitalLife Scientific Wellness Center។ សេវាកម្មសុខភាពរបស់បុត្រក្រោយពេលសម្រាល ក៏ត្រូវបានលើកយកមកពិភាក្សានៅក្នុងកម្មវិធីនេះផងដែរ។ អ្នកចូលរួមទាំងអស់រីករាយក្នុងការទទួលបាននូវការផ្តល់ជូនសេវាកម្ម និងកញ្ចប់សុខភាពផ្តាច់មុខយ៉ាងពិសេស ដែលមានតែនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះប៉ុណ្ណោះ។

ដោយបើកទូលាយដល់សាធារណជនទាំងឡាយ អ្នកចូលរួមទាំងអស់បានទទួលនូវការយកចិត្តទុកដាក់ និងស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិតរបស់មន្ទីរពេទ្យ បំរុងរ៉ាត់។ កម្មវិធីនេះបានផ្តល់ជូននូវការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាជាច្រើន ដែលធ្វើឡើងដោយសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឯកទេសផ្នែក សម្ភព និងរោគស្រ្តី ដែលសុទ្ធសឹងតែមានបទពិសោធន៍រាប់សិបឆ្នាំមកហើយ។ ក្នុងនោះ លោកស្រីសាស្រ្តាចារ្យវេជ្ជបណ្ឌិត Somri Pitukkijronnakorn ឯកទេសផ្នែកសម្ភព ដែលមានបទពិសោធន៍ច្រើនឆ្នាំ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងចំណោមអ្នកម្តាយនៅក្នុងប្រទេសកម្ពុជា បានធ្វើបទបង្ហាញ និងពិភាក្សាអំពីដំណើរឆ្ពោះទៅរកភាពជាម្តាយប្រកបដោយសុខភាពល្អ ដែលយើងទាំងអស់គ្នាតែងតែប្រាថ្នាចង់បាន។

នាឱកាសនេះផងដែរ លោកស្រីសាស្រ្តាចារ្យវេជ្ជបណ្ឌិត Somri បានលើកឡើងថា «សុខភាពរបស់ទារក និងម្តាយចាំបាច់ត្រូវតែស្ថិតក្នុងកម្រិតមួយដ៏ប្រសើរបំផុតទាំងមុនពេលមានផ្ទៃពោះ  និងក្រោយពេលសម្រាល។ ដោយយល់ឃើញពីភាពសំខាន់បែបនេះហើយ បានជាមន្ទីរពេទ្យអន្តរជាតិបំរុងរ៉ាត់បានសហការជាមួយ VitalLife រៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង។

ជាមួយនឹងបទពិសោធន៍អស់រយៈជាង ៣០ឆ្នាំ សាស្រ្តាចារ្យជំនួយលោកវេជ្ជបណ្ឌិត Pansak Sugkraroek ឯកទេសជំនាញផ្នែកសម្ភព និងរោគស្ត្រី ការអស់រដូវ និងសុខភាពបន្តពូជនៃមជ្ឈមណ្ឌលសុខភាព VitalLife បានចែករំលែកចំណេះដឹង និងបទពិសោធន៍របស់លោកនៅក្នុងសិក្ខាសាលាដ៏ពិសេសមួយនេះ ដោយផ្តោតលើការធ្វើឱ្យប្រសើរឡើងវិញនូវសុខភាពម្តាយ និងការវិវត្តន៍របស់កូនក្រោយពេលសម្រាលរួច។

ជាក់ស្តែង លោកវេជ្ជបណ្ឌិត Pansak បានឲ្យដឹងថា «ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ដ៏ពិសេសនេះម្តងទៀត ដូច្នេះខ្ញុំអាចមានឱកាសគ្រប់គ្រាន់ដើម្បីធ្វើការចែករំលែកចំណេះដឹងរបស់ខ្ញុំអំពីអ្វីដែលត្រូវបានហៅថា ការមានផ្ទៃពោះប្រកបដោយសុខភាពល្អ។ នេះគឺជាព័ត៌មានដ៏ចាំបាច់មិនអាចខ្វះបានសម្រាប់ស្ត្រីទាំងអស់ ដែលបានចូលរួមក្នុងសិក្ខាសាលានៅថ្ងៃនេះ។ ខ្ញុំសង្ឃឹមថា អ្នកចូលរួមទាំងអស់នឹងអាចទាញយកនូវអ្វីដែលពួកគាត់បានរៀនសូត្រ និងទទួលបាននៅពេលនេះ ហើយយកទៅអនុវត្តឲ្យបានល្អប្រសើរដើម្បីសុខភាពរបស់ទារកផង និងខ្លួនគាត់ផង»។

អ្វីដែលកាន់តែពិសេសនៅក្នុងកម្មវិធីនេះ គឺការបង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកនាង ឱក សុគន្ធកញ្ញា ដែលអ្នកនាងទើបតែសម្រាលបានបុត្រដ៏គួរឲ្យស្រឡាញ់ម្នាក់ឈ្មោះ ឆាលី នៅក្នុងមន្ទីរពេទ្យ បំរុងរ៉ាត់។ អ្នកនាងបានចែករំលែកពីបទពិសោធន៍ និងចំណាប់អារម្មណ៍របស់ខ្លួនអំពីដំណើរសម្រាលនៅ មន្ទីរពេទ្យ បំរុងរ៉ាត់ ដោយបានចែករំលែកយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍ដែលបានរៀបចំឡើងដោយ មន្ទីរពេទ្យ បំរុងរ៉ាត់ និងមជ្ឈមណ្ឌលសុពភាព VitalLife ដែលទីនោះជាកន្លែងដែលខ្ញុំបានផ្តល់កំណើតដល់កូនប្រុស ឆាលី របស់ខ្ញុំ។ ពីដំបូងខ្ញុំមានការព្រួយបារម្ភខ្លាំងណាស់អំពីកូនខ្ញុំ និងសុខភាពរបស់ខ្ញុំ ប៉ុន្តែតាមរយៈបទពិសោធន៍របស់ខ្ញុំជាមួយ មន្ទីរពេទ្យ បំរុងរ៉ាត់ ខ្ញុំអាចនិយាយបានដោយប្រាកដក្នុងចិត្តថា គឺជាមន្ទីរពេទ្យដ៏ល្អបំផុតមិនធ្លាប់មានសម្រាប់រូបខ្ញុំ។ 

សូមជម្រាបថា សិក្ខាសាលានេះក៏មានកម្មវិធីសប្បាយៗជាច្រើនផងដែរ។ ក្នុងនោះក្មេងៗបានចូលលេងក្នុងកម្មវិធីកម្សាន្តជាច្រើនដែលមាននៅកន្លែងក្មេងលេង (Kids Zone) ដូចជា៖ ការគូររូបលើមុខ ផ្លុំប៉េងប៉ោង និងតម្រៀបរូប LEGO ជាដើម។ ចំណែកឯអ្នកចូលរួមវិញក៏បានទស្សនាកម្សាន្តនូវការដើរម៉ូដ ដែលសម្តែងដោយកុមារតូចៗនៃមន្ទីរពេទ្យ បំរុងរ៉ាត់ នៅក្នុងកម្មវិធី fashion show ផងដែរ។ 
 
គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់ ត្រូវបានបង្កើតឡើងនៅទីក្រុងបាងកក ប្រទេសថៃក្នុងឆ្នាំ១៩៨០។ បំរុងរ៉ាត់បានក្លាយទៅជាមន្ទីរពេទ្យឈានមុខគេមួយក្នុងពិភពលោកក្នុងការផ្តល់ជូននូវការគាំពារផ្នែកសុខភាព ហើយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកជំងឺអន្តរជាតិអស់រយៈពេលជិត៤ទសវត្សរ៍មកហើយ។ ក្នុងនាមជាមន្ទីរពេទ្យឯកជនធំជាងគេមួយប្រចាំតំបន់អាស៊ីអាគ្នេយ៍ មន្ទីរពេទ្យអន្តរជាតិ បំរុងរ៉ាត់ តែងតែព្យាបាល និងយកចិត្តទុកដាក់ចំពោះអ្នកជំងឺជាង ១.២លាននាក់ មកពីជាង ១៩០ប្រទេសជារៀងរាល់ឆ្នាំ។

2020 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

អត្ថបទទាក់ទង