2017-02-02 · 8,600 ដងមើល
មើលតែមុខក៏ដឹងពីសញ្ញាណសុខភាព
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
មុខមិនត្រឹមតែជាផ្នែកមួយនៃភាពទាក់ទាញ វាក៏ជាផ្នែកមួយនៃភាពជឿជាក់ផងដែរ។ ប៉ុន្តែ ការពិត ផ្ទៃមុខរបស់អ្នកមានសារៈសំខាន់ លើសពីអ្វីដែលអ្នកដឹង ដោយវាអាចជាប់ទាក់ទិនផ្ទាល់ជាមួយនឹងសុខភាព ក៏ដូចជាអាយុជីវិតរបស់អ្នកផងដែរ។
ជាក់ស្តែង ជំងឺមួយចំនួនដែលអ្នកមិនចាប់អារម្មណ៍អាចបង្ហាញឲ្យដឹងតាមរយៈសភាពរបស់ផ្ទៃមុខរបស់អ្នកផ្ទាល់តែម្តង។ ទាំងនេះជាលក្ខណៈ ឬភាពខុសប្រក្រតីមួយចំនួននៃផ្ទៃមុខដែលចង្អុលបង្ហាញអំពីសុខភាពរបស់អ្នក ហើយក៏ជាសញ្ញាសំខាន់ផងដែរសម្រាប់វេជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យ។
1. ស្បែក ឬបបូរមាត់ស្ងួត និងរបក ជាការព្រមាននៃការបាត់បង់ជាតិទឹកក្នុងខ្លួន។ វាអាចជាប់ទាក់ទងនឹងបញ្ហាធ្ងន់ធ្ងរមួយចំនួនដែលមានឥទ្ធិពលលើក្រពេញញើសដូចជាការថយចុះនូវមុខងាររបស់ប្រពេញទីរ៉ូអ៊ីត(Hypothyroidism) និងជំងឺទឹកនោមផ្អែម។
2. សភាពប្រេះនៅចុងសងខាងបបូរមាត់ អាចទាក់ទងនឹងកង្វះវីតាមីនបេ២ បញ្ហាប្រព័ន្ធរំលាយអាហារ និងក្រពះ។
3. ដំបៅ ឬពងបែកនៅលើបបូរមាត់ អាចបង្ហាញអំពីការផ្តុំនៃជាតិពុលនៅសរីរាង្គក្រពះពោះវៀននិងភាពកកស្ទះណាមួយនៃរាងកាយទាំងមូល។
4. បបូរមាត់ក្រមៅ ជាសញ្ញានៃបញ្ហាថ្លើម តម្រងនោម និងថង់ទឹកប្រមាត់។ផ្ទុយទៅវិញបបូរមាត់ក្រហមភ្លឺខ្លាំងបង្ហាញពីការកើនសម្ពាធឈាម ជំងឺឬក៏ការឆ្លងរោគស្រួចស្រាវ ការពុលថ្លើម និងជំងឺឫសដូងបាត។
5. ដុះរោមមុខច្រើនខុសពីធម្មតា (ចំពោះនារី) ការដុះរោមមុខច្រើនជាងធម្មតា ជាពិសេសលើបបូរមាត់ ចង្កា និងគែមថ្គាមសងខាង អាចបញ្ជាក់អំពីបណ្តុំរោគសញ្ញានៃជំងឺគីស្តអូវែ ដែលជាស្ថានភាពមួយនៃអតុល្យភាពអ័រម៉ូន ពោល គឺការកើនឡើងនូវអ័រម៉ូនបុរសនៅក្នុងខ្លួនស្ត្រីតែម្តង។
6. រោមភ្នែកស្តើង ដោយសារការជ្រុះនៃរោមភ្នែក ជាសញ្ញាមួយនៃការចុះខ្សោយនៃក្រពេញទីរ៉ូអ៊ីតដែលមិនអាចផលិតអ័រម៉ូនបានគ្រប់គ្រាន់សម្រាប់គល់រោម។
7. ថ្ពាល់ក្រហម ជាទូទៅ វាជាបញ្ហាស្បែកមុខខាងក្រៅ ប៉ុន្តែក៏អាចជាបញ្ហាមកពីខាងក្នុងផងដែរដូចជាជំងឺទាក់ទងនឹងការកើនឡើងនៃអ័រម៉ូន cortisoneដែលធ្វើឲ្យមានការហើមនៃសរសៃឈាម ហៅថាជំងឺ Cushing’s syndrome ។
8. ការឡើងសរសៃឈាមនៅនឹងសៀតផ្កា អាចជារោគសញ្ញានៃជំងឺបេះដូង ថ្លើម និងក្រួសក្នុងថង់ទឹកប្រមាត់។
9. ការបែកញើសស្អិតៗយ៉ាងច្រើននៅនឹងមុខ អាចទាក់ទិននឹងការបរិភោគច្រើនពេក ជំងឺបេះដូង និងតម្រងនោមផងដែរ។
10. ដុំសាច់ទន់ៗពណ៌លឿង នៅនឹងត្របកភ្នែក អាចជាការផ្តុំនៃកូឡេស្តេរ៉ុល ដែលយើងហៅថា xanthelasmataអាចចង្អុលបង្ហាញអំពីការប្រឈមមុខខ្ពស់ទៅនឹងជំងឺបេះដូង ជាពិសេសគឺ ការកករឹងនៃសរសៃឈាមអាកទែ និងជំងឺគាំងបេះដូងផងដែរ។
11. ថ្នក់ភ្នែក ឬហើមភ្នែក វាជារូបភាពមួយនៃការនឿយហត់ភ្នែក ដែលអាចជាសញ្ញាអាសន្ននៃជំងឺអាលែ្លកហ្សីរ៉ាំរ៉ៃ និងជាមូលហេតុមួយនៃការរីកធំនៃសរសៃឈាមរហូតដល់ធ្លាយ។ដោយសារស្បែកនៅជុំវិញភ្នែកមានសភាពទន់ខ្សោយ និងរស់ ដូចនេះ វាងាយនឹងរងផលប៉ះពាល់ដោយការឡើងថ្នក់ភ្នែក និងមានពណ៌ស្វាយឬខៀវជាំក្រមៅ។
ស្រដៀងគ្នានេះដែរ ការហើមនៅត្រង់ក្រោមភ្នែក ស្តែងឲ្យឃើញពីដំណើរការមិនបានត្រឹមត្រូវនៃតម្រងនោម និងការទាញទឹកចូលក្នុងខ្លួនវិញដោយសារតែការបរិភោគអាហារប្រៃ និងជាតិខ្លាញ់ច្រើនពេក។
1 2. ភាពមិនស៊ីគ្នារវាងផ្ទៃមុខទាំងសងខាង (អស៊ីមេទ្រី) នេះអាចជាសញ្ញាដំបូងគេនៃជំងឺដាច់សរសៃឈាមខួរក្បាលដ៏គ្រោះថ្នាក់ដែលអ្នកគួរមានការប្រុងប្រយ័ត្ន និងគួរទៅជួបជាមួយនឹងគ្រូពេទ្យជាបន្ទាន់។ រួមជាមួយការស្រុតចុះម្ខាងដែលជាស-ភាពដែលសង្កេតឃើញជាទូទៅ អ្នកក៏អាចចាប់អារម្មណ៍ឃើញផងដែរនូវការស្ពឹកមុខម្ខាង ឬក៏ញញឹមមិនពេញ។
13. ការផ្លាស់ប្តូរពណ៌ស្បែក ទោះបីជាការប្រែប្រួលដោយគ្មានហេតុផលតែបន្តិចក្តីក៏អាចជាសញ្ញានៃភាពខុសប្រក្រតីណាមួយផងដែរ។ ជាក់ស្តែង ភាពស្លេកស្លាំងនៃស្បែកអាចបង្ហាញពីកង្វះគ្រាប់ឈាមក្នុងខ្លួន សភាពឡើងលឿងនៃស្បែកអាចជាសញ្ញានៃជំងឺថ្លើម រីឯការឡើងពណ៌រាងខៀវនៃបបូរមាត់ និងក្រចកដៃអាចបញ្ជាក់អំពីជំងឺបេះដូង ឬ សួត។
14. កន្ទួលរមាស់ និង ស្នាម ការឡើងកន្ទួលរមាស់ ឬក៏ស្នាមកន្ទួលក្រហមអាចបង្ហាញអំពីជំងឺប្រព័ន្ធរំលាយអាហារមួយចំនួន។ ដោយឡែក ការឡើងស្នាមក្រហមដែលមានលក្ខណៈគួរឲ្យកត់សម្គាល់មួយ គឺស្នាមមានរាងជាមេអំបៅដែលឆ្លងកាត់ពីឆ្អឹងថ្ពាល់ម្ខាងទៅម្ខាងទៀតដោយកាត់ឆ្អឹងច្រមុះផងនោះ អាចជារោគសញ្ញាជាក់លាក់នៃជំងឺ Lupus ដែលជាប្រភេទជំងឺធ្ងន់ធ្ងរមួយដែលមានការវាយប្រហារដោយប្រព័ន្ធភាពស៊ាំខ្លួនឯង។ ក្រៅពីនោះ អាលែ្លកហ្ស៊ី តាអក និងការឆ្លងរោគផ្សេងៗទៀតក៏អាចបង្កឲ្យមានកន្ទួលនៅលើស្បែកផងដែរ។
15. ចង្កាខើច(ស្រុតចុះ) សភាពដែលចង្ការបស់អ្នកស្រុតចុះទៅផ្នែកកដែលធ្វើឲ្យមើលឃើញផ្នែកកដែលជាប់នឹងផ្ទៃមុខនោះក្រាស់ឡើង និងថ្គាមរួមតូច អាចជាអាការៈនៃជំងឺគេងបាត់ដង្ហើម។ នេះជាស្ថានភាពមួយដែលការដកដង្ហើមរបស់អ្នកត្រូវបញ្ឈប់រៀងរាល់១០វិនាទីម្តង ឬច្រើនជាងនេះ។ ក្នុងនោះ ប្រសិនបើអ្នកមានផងដែរនូវអាការៈគេងស្រមុកខ្លាំង ឈឺក្បាលរាល់ពេលក្រោកពីគេង ព្រមទាំងមានអារម្មណ៍ល្ហិតល្ហៃនៅអំឡុងពេលថ្ងៃ គប្បីស្វែងរក ការត្រួតពិនិត្យឲ្យបានឆាប់រហ័សជាការប្រសើរ។
16. ការឡើងចង្កាពីរជាន់ ឬថ្នក់ចង្កា ជាសញ្ញានៃភាពលើសលប់ នៃខ្លាញ់ដែលមាននៅក្នុងខ្លួន។
17. ច្រមុះក្រហមជាមួយនឹងដុំកំពីកកំពកនៅលើច្រមុះ អាចបញ្ជាក់អំពីជំងឺលើសសម្ពាធឈាម ភាពខុសប្រក្រតីនៃបេះដូង និងថ្លើម។
18. មុននៅលើផ្ទៃមុខ អាចចង្អុលបង្ហាញអំពីការបរិភោគដ៏លើសលប់នូវជាតិស្ករ ជាតិខ្លាញ់ សាច់ ស៊ុត នំធ្វើពីម្សៅ ឬក៏ស្ករគ្រាប់ជាដើម។ មិនតែប៉ុណ្ណោះ មុនលើផ្ទៃមុខអាចប្រាប់ពីភាពមិនប្រក្រតីនៃសរីរាង្គណាមួយនៃរាងកាយផងដែរ ទៅតាមទីតាំងនៃការកើតមានមុននោះ។
19. ស្នាមជ្រីវជ្រួញដ៏ជ្រៅ នៅលើផ្ទៃមុខអាចជាសញ្ញាបញ្ជាក់ថាអ្នកកំពុងប្រឈមមុខនឹងជំងឺស្ពោតឆ្អឹង ជាពិសេសចំពោះស្រ្តីស្ថិតក្នុងវ័យអស់រដូវ ដែលវាអាចជាប់ពាក់ព័ន្ធនឹងការថយចុះនៃកូឡាជែនដែលជាផ្នែកនៃរចនាសម្ព័ន្ធស្បែក និងឆ្អឹង។
សរុបមក ផ្ទៃមុខរបស់អ្នកប្រាប់ស្ទើរតែគ្រប់យ៉ាងអំពីសុខភាពរបស់អ្នកដូចនេះការក្រឡេកមើលមុខខ្លួនឯងបន្តិចជារៀងរាល់ថ្ងៃគឺជារឿងដែលគួរធ្វើ។ ទោះយ៉ាងណាក៏ដោយ រោគសញ្ញានៅលើផ្ទៃមុខ គ្រាន់តែជាជំហានមួយនាំទៅរកការសង្ស័យ ប៉ុន្តែការធ្វើរោគវិនិច្ឆ័យដ៏ត្រឹមត្រូវនៅតែត្រូវពឹងផ្អែកទៅលើការប្រមូលព័ត៌មានពីរោគសញ្ញាផ្សេងៗទៀតដែលរួមផ្សំ ព្រមទាំងវិធីសាស្ត្រដទៃទៀតទៅតាមវេជ្ជបណ្ឌិត។