2017-09-11 · 7,052 ដងមើល
តើជំងឺមហារីកថ្លើមអាចការពារបានឬទេ?
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
មិនថាស្ថានភាពជំងឺស្រាល ឬធ្ងន់យ៉ាងណា ការការពារតែងតែត្រូវបានណែនាំ និងគួរតែត្រូវបានអនុវត្តពីគ្រប់បុគ្គលទាំងអស់ ដោយហេតុថាវាបានផ្តល់ផលចំណេញ និងអត្ថប្រយោជន៍ជាចម្បងចំពោះស្ថានភាពសុខភាពទូទៅទាំងមូល ជាជាងចំណាយពេល និងថវិកាច្រើនសម្រាប់ការព្យាបាលដូចទៅនឹងពាក្យមួយឃ្លាថា “ការពារប្រសើរជាងព្យាបាល”។
ដោយឡែក ជំងឺមហារីកថ្លើមប្រាកដជាចម្ងល់មួយ និងត្រូវបានចោទសួរឡើងផងដែរទាក់ទិននឹងការការពារថាតើវាអាចការពារបានឬយ៉ាងណា? តើមានវ៉ាក់សាំងសម្រាប់ការពារជំងឺនេះដែរឬទេ?
វិធីសាស្រ្តការពារពីជំងឺមហារីកថ្លើម ការការពារខ្លួនពីជំងឺមហារីកអាចធ្វើឡើងតាមរយៈវិធីសាស្រ្តដែលមានប្រសិទ្ធភាពដូចជា៖
1.ការចាក់វ៉ាក់សាំងការពារខ្លួនប្រឆាំងនឹងមេរោគដែលបង្កឲ្យមានជំងឺរលាកថ្លើមប្រភេទ B ទៅលើទារកទើបនឹងកើត និងក្រុមមនុស្សដែលនឹងអាចប្រឈមខ្ពស់ឆ្លងមេរោគរួមបញ្ចូលដូចជា៖ • អ្នកធ្វើការក្នុងវិស័យសុខាភិបាល • អ្នកធ្វើដំណើរទៅកាន់តំបន់ដែលមានការឆ្លងជំងឺរលាកថ្លើមប្រភេទ B ខ្ពស់ • អ្នកប្រើប្រាស់ថ្នាំញៀនតាមការចាក់ • អ្នកមានដៃគូច្រើន ជាពិសេសជាមួយអ្នកដែលបានឆ្លងជំងឺរលាកថ្លើម B • បុគ្គលមានជំងឺដែលអាចឆ្លងតាមការរួមភេទ • បុគ្គលរស់នៅជាមួយអ្នកដែលមានបញ្ហារលាកថ្លើម B រ៉ាំរ៉ៃ • បុគ្គលដែលធ្វើការព្យាបាលតាមការលាងឈាមរយៈពេលយូរ • ទារកកើតពីម្តាយដែលឆ្លងជំងឺរលាកថ្លើមប្រភេទ B។
2.ការពារខ្លួនពីការចម្លងនៃជំងឺរលាកថ្លើមប្រភេទB និងC។
3.អនុវត្តជីវភាពរស់នៅល្អ ការពារខ្លួនពីបញ្ហាលើសទម្ងន់ ដោយចៀសវាងអាហារប្រភេទសាច់ និងខ្លាញ់។
4.ចៀសវាងប៉ះពាល់ផ្ទាល់ជាមួយកត្តាជំរុញដែលធ្វើឲ្យមានជំងឺមហារីក ជាពិសេសការផឹកជាតិអាល់កុល និងការជក់បារីជាដើម។
5.គ្រប់គ្រងស្ថានភាពជំងឺទាក់ទងផ្នែកមេតាបូលីស ជាពិសេសអ្នកជំងឺទឹកនោមផ្អែម។
6.ត្រូវទទួលបានការព្យាបាលចំពោះអ្នកជំងឺរលាកថ្លើមរ៉ាំរ៉ៃ ដែលវាអាចជួយការពារពីការក្រិនថ្លើម និងអាចវិវឌ្ឍទៅជាមហារីក។
7.កាត់បន្ថយការលូតលាស់នៃ Aflatoxin ក្នុងអាហារដែលបានរក្សាទុក។
8.ត្រូវស្វែងរកការពិនិត្យជាប្រចាំប្រសិនអ្នកស្ថិតក្នុងចំណោមនៃក្រុមដែលប្រឈមទៅនឹងមហារីកថ្លើម៖ • អ្នកដែលបានឆ្លងមេរោគរលាកថ្លើម B និងC • អ្នកដែលមានជំងឺក្រិនថ្លើម • អ្នកពិសាជាតិអាល់កុល • អ្នកដែលមានបញ្ហាផ្នែកមេតាបូលីស ជាពិសេសអ្នកជំងឺទឹកនោមផ្អែម • អ្នកមានបញ្ហាលើសទម្ងន់ • អ្នកជក់បារី។
ការចាប់ផ្តើមការពារ ការអនុវត្តវិធីសាស្រ្តការពារគួរចាប់ផ្តើមនៅពេលដែលបុគ្គលម្នាក់ៗកំពុងស្ថិតក្នុងចំណោមអ្នកដែលមានហានិភ័យខ្ពស់ទៅនឹងជំងឺមហារីកថ្លើម ហើយអ្នកអាចស្វែងរកអ្នកជំនាញដែលមានទំនួលខុសត្រូវលើការការពារទៅលើមហារីកថ្លើមពីផ្នែកនានាដូចជា៖
• អ្នកឯកទេសផ្នែកជំងឺឆ្លង • អ្នកជំនាញផ្នែកក្រពះ ពោះវៀន • គ្រូពេទ្យប្រចាំគ្រួសារ • អ្នកជំនាញផ្នែកកុមារ • អ្នកជំនាញផ្នែកលោហិតសាស្រ្ត • អ្នកធ្វើការក្នុងមន្ទីរពិសោធន៍។
ដើម្បីទទួលបានការការពារដ៏មានប្រសិទ្ធភាព អ្នកគួរពិភាក្សាជាមួយគ្រូពេទ្យជំនាញមុននឹងសម្រេចចិត្តទទួលយកការចាក់វ៉ាក់សាំងប្រឆាំងនឹងបញ្ហារលាកថ្លើមប្រភេទ B ដើម្បីជាអត្ថប្រយោជន៍នៃសុខភាពទាំងមូល និងសរីរាង្គថ្លើមផ្ទាល់តែម្តង។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅដែលសព្វថ្ងៃជា ប្រធានផ្នែកមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ។