2017-02-04 · 5,816 ដងមើល
Cambodian Start-up Journey នាំអ្នកឲ្យស្គាល់ពីការផ្តើមអាជីវកម្មថ្មី និងស្វែងរកទុន
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
កម្មវិធី Cambodian Start-up Journey ដែលបានប្រព្រឹត្តឡើងនៅថ្ងៃច័ន្ទ ទី៣០ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ០៥ :៣០ ដល់ម៉ោង០៨ :៣០ នាទីល្ងាច ដែលមានអ្នកចូលរួមចំនួន៥០នាក់ គឺជាកម្មវិធីជំនួបសហគ្រិនដែលបង្កើតឡើងក្នុងគោលបំណងលើកស្ទួយការផ្តួចផ្តើមអាជីវកម្មថ្មីនៅកម្ពុជា ដែលត្រូវបានរៀបចំឡើងដោយ Park Café រួមសហការជាមួយនឹង Educational Development Institute ។
នៅក្នុងកម្មវិធីនេះដែរ មានវាគ្មិនកិត្តិយសចំនួន ២រូប គឺ លោក ឡែម ចាន់សំរេច ជានាយកគ្រប់គ្រងនៃ Cambodia Investor Club (CIC) និង លោក ស៊ីម ចាន់គិរីរ័ត្ន ជាសហស្ថាបនិក និងនាយកប្រតិបត្តិនៃ Banhji ក្រោមការសម្របសម្រួលពីសំណាក់លោក ហេង សេងលី ជានាយកគ្រប់គ្រងទូទៅនៃ Park Café ។
គួរបញ្ជាក់ផងដែរថា Banhji ដែលមានលោក ស៊ីម ចាន់គិរីរ័ត្ន ជានាយកប្រតិបត្តិ គឺជាប្រព័ន្ធគណនេយ្យសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលជួយសម្រួលដល់អាជីវកម្មរបស់ពួកគាត់។ អ្នកប្រើប្រាស់អាចឃើញពីសមតុល្យ និងប្រតិបត្តិការណ៍របស់អតិថិជន ព្រមទាំងបង្ហាញពីសម្រង់តម្លៃបញ្ជាលក់ ប្រាក់កក់អតិថិជន វិក័យបត្រលក់ជាសាច់ប្រាក់ ឬជំពាក់ ការបង្វិលទំនិញត្រលប់មកវិញ និងប័ណ្ណដឹកជញ្ជូនជាដើម។
លើសពីនេះទៅទៀតលោកក៏បានចែកជូននូវគន្លឹះសំខាន់មួយចំនួនដូចជា របៀបគ្រប់គ្រងពេលវេលា ក្រុមការងារ និងរបៀបគ្រប់គ្រង។
ចំណែក Cambodia Investor Club (CIC) ដែលមានលោក ឡែម ចាន់សំរេច ជានាយកគ្រប់គ្រង បានបង្ហើបពីគន្លឹះ និងលក្ខន្តិកៈ ដើម្បីចូលជាសមាជិក ក៏ដូចជាធ្វើយ៉ាងណាដើម្បីទទួលបានជំនួយពី CIC ដើម្បីប្រកបអាជីវកម្ម។ ជាមួយគ្នានេះផងដែរ លោកក៏បានពិភាក្សាទៅលើសក្តានុពលភាពនៃទីផ្សារនៅក្នុងប្រទេសកម្ពុជា ប្រព័ន្ធបច្ចេកវិទ្យា របៀបផ្តាច់មុខ ក្រុមការងារដ៏ត្រឹមត្រូវ ការចែកចាយ និងពេលវេលាដែលត្រឹមត្រូវក្នុងការធ្វើអាជីវកម្ម។
ដោយសារអ្នកចូលរួមមានចម្ងល់ជាច្រើនទាក់ទងទៅនឹងប្រធានបទដែលបានលើកឡើង ធ្វើឲ្យកម្មវិធីទាំងមូលមានភាពសកម្ម និងរស់រវើក។ នៅចុងបញ្ចប់នៃកម្មវិធី ក៏មានការញ៉ាំអាហារជាមួយគ្នាសម្រាប់អ្នកចូលរួម ដើម្បីឲ្យពួកគាត់មានពេលជួបជជែក និងសំណេះសំណាលគ្នា ដើម្បីបង្កើនចំណងមិត្តភាពក៏ដូចជាពង្រីកបណ្តាញអាជីវកម្មរបស់ខ្លួន។
កម្មវិធីបែបនេះមានជារៀងរាល់ខែ ដោយ Cambodian Start Up Journey គឺជាកម្មវិធីដំបូងគេប្រចាំឆ្នាំ២០១៧ក្រោមការឧបត្ថម្ភធំដោយ ក្រុមហ៊ុន Coca Cola ព្រមទាំងសហការគាំទ្រដោយ CIC, YEAC និង JCI Cambodia និងមាន ហេលស៍ថាមខប ថ្មីៗ FEB និង សប្បាយ ជាដៃគូផ្សព្វផ្សាយ។
ចំពោះប្រធានបទ និងព័ត៌មានទាក់ទិននឹងកម្មវិធីប្រចាំខែជាបន្តបន្ទាប់ សូមរង់ចាំតាមដានជាមួយយើងទាំងអស់គ្នា...