2017-02-04 · 3,767 ដងមើល
Dos and Don’ts ពេលសម្រកទម្ងន់
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ស្រកទម្ងន់ជោគជ័យក៏អាស្រ័យនឹងភាពឆ្លាតរបស់អ្នកដែរ មិនមែនគ្រប់សកម្មភាពសុទ្ធតែមានប្រយោជន៍ តែក៏មិនមែនគ្រប់ចំណុចសុទ្ធតែត្រូវចៀសវាងនោះទេ អញ្ចឹង តើចំណុចណាខ្លះដែលអ្នកគួរធ្វើ និងណាខ្លះមិនគួរធ្វើ?
Dos 1.ញ៉ាំអាហារឲ្យបានទៀងទាត់៖ វាពិតជាមានសារសំខាន់បំផុត ដែលជួយដល់ការសម្រកទម្ងន់។ ទោះជាអំឡុងពេលតមអាហារក៏ដោយ ក៏មិនត្រូវ អត់អាហារមួយពេលណាមួយឡើយ។ មួយថ្ងៃគួរញ៉ាំអាហារឲ្យបាន៣ពេល និងមានអាហារសម្រន់ខ្លះចន្លោះពេលអាហារទាំងបី ប៉ុន្តែក្នុងបរិមាណសមរម្យ។
2.ព្យាយាមធ្វើអាហារដោយខ្លួនឯង៖ ទោះជាអាហារដែលធ្វើខ្លួនឯង ពេលខ្លះរសជាតិពិបាកទទួលយកបន្តិច តែយ៉ាងហោចណាស់អ្នកក៏ដឹងថាក្នុងម្ហូបរបស់អ្នកមានគ្រឿងផ្សំអ្វីខ្លះ ហើយក៏អាចដឹងថាវាល្អសម្រាប់អ្នកឬក៏អត់ដែរ។
3.គួរធ្វើចលនា បន្ទាប់ពីញ៉ាំអាហារ៖ ការសិក្សាបង្ហាញថា ការដើរបន្ទាប់ពីញ៉ាំអាហារឲ្យបានយ៉ាងហោចណាស់ ១៥នាទី អាចដុតកាឡូរីបានពី៦០ ទៅ៨០កាឡូរី។ លើសពីនេះ ការដើរ ឬធ្វើចលនាអាចជួយអ្នកកាត់បន្ថយជាតិស្ករ និងខ្លាញ់ក្នុងឈាម ហើយក៏ជួយដល់ដំណើរការរំលាយអាហារបានដែរ។
4.ញ៉ាំទឹកឲ្យបានច្រើន៖ មិនមែន ពេលនឹកឃើញទើបញ៉ាំឲ្យច្រើនទេ តែគួរញ៉ាំ ម្តងបន្តិចតែញឹកញាប់។
5.បិទរូប Idol របស់អ្នក៖ យករូប Idol ដែលអ្នកចង់បានរូបរាងដូចគាត់ មកធ្វើជាការលើកទឹកចិត្ត។ ប្រៀបដូចជាការដាស់ញាណកុំឲ្យភ្លេចនូវអ្វីដែលអ្នកកំពុងធ្វើ។
6.ធ្វើបញ្ជីសម្រាប់ទៅផ្សារ៖ កំណត់អ្វីដែលត្រូវទិញឲ្យច្បាស់ ចៀសវាងការទិញរបស់ដែលញ៉ាំទៅឡើងគីឡូ ដូចជានំកញ្ចប់ ឬប័រសណ្តែកជាដើម។ ពេលទៅផ្សារត្រូវធ្វើតាមបញ្ជីអាហារ ដើម្បីគ្រប់គ្រងលើការញ៉ាំរបស់ខ្លួន។
7.អានស្លាកសញ្ញាលើកញ្ចប់អាហារ៖ គួរព្យាយាមមើលស្លាកសញ្ញាអាហាររូបត្ថម្ភ ដែលដាក់បង្ហាញលើកញ្ចប់ដើម្បីជ្រើសរើស អាហារដែលមានជាតិស្ករ និងខ្លាញ់ទាប។
8. សម្ភារៈផ្ទះបាយ អ្នកគួរប្រើប្រាស់របស់របរក្នុងផ្ទះបាយដែលជួយជម្រុញទឹកចិត្តអ្នក ដូចជាប្រើចាន ឬឆ្នាំងតូច ខ្យូតៗ ដែលអាចឲ្យអ្នកញ៉ាំអាហារតិចជាងមុន។
Dont’s 1.កុំរំលងអាហារពេលព្រឹក៖ ការមិនញ៉ាំអាហារពេលព្រឹក មិនអាចជួយអ្នកឲ្យស្រកទម្ងន់បានទេ។ បើអ្នកធ្វើដូចនេះ អ្នកនឹងបាត់បង់អាហារូបត្ថម្ភដ៏សំខាន់ ដើម្បីទ្រទ្រង់អ្នកសម្រាប់ថ្ងៃថ្មី និងធ្វើឲ្យអ្នកញ៉ាំអាហារសម្រន់ច្រើនជាងធម្មតា ទប់ទល់នឹងការឃ្លាន។
2.កុំធ្វើលំហាត់ប្រាណធ្ងន់ធ្ងរពេក៖ ការហាត់ប្រាណបានរួមចំណែកក្នុងការសម្រកទម្ងន់ តែកុំធ្វើវាឲ្យខ្លាំងក្លាពេក ព្រោះវាអាចធ្វើឲ្យអ្នកអស់កម្លាំង និងអាចធ្វើឲ្យមានបម្រែបម្រួលដល់ការញ៉ាំអាហាររបស់អ្នក។ ការធ្វើលំហាត់ប្រាណគួរកំណត់មិនឲ្យលើសពី ៣០នាទី និង៣ ទៅ៥ថ្ងៃទេក្នុងមួយសប្តាហ៍។
3.កុំស្តុកទុកអាហារកញ្ចប់នៅក្នុងផ្ទះ៖ ស្បៀងអាហារសម្រាប់ញ៉ាំនៅផ្ទះ មិនគួរជាប្រភេទសូកូឡា នំស្រួយ ឬភេសជ្ជៈដែលមានឧស្ម័នច្រើន ព្រោះវាជាឧបសគ្គក្នុងការសម្រកទម្ងន់របស់អ្នក។ ជំនួសឲ្យអាហារទាំងនោះអ្នកគួររក្សាទុកអាហារដែលមានសុខុមាលភាពដូចជា ផ្លែឈើ នំធ្វើពីស្រូវសាលី ឬគ្រាប់ធញ្ញជាតិផ្សេងៗ និងទឹកផ្លែឈើដែលគ្មានជាតិហ្គាស សម្រាប់ញ៉ាំលេង។
4.កុំញ៉ាំពេលមើលទូរទស្សន៍ ឬកំពុងធ្វើការ៖ ការធ្វើសកម្មភាពអ្វីមួយបណ្តើរ ញ៉ាំបណ្តើរ មិនមែនជាទង្វើត្រឹមត្រូវទេ ព្រោះអ្នកមិនបានយកចិត្តទុកដាក់លើការញ៉ាំហើយអាចឈានដល់ការញ៉ាំលើសបរិមាណកំណត់។
5.កុំមើលរូបភាពអាហារក្នុងFacebook៖ កុំសូវLike page អាហារច្រើនពេក និងមើលរូបភាពអាហារពិសេសនៅពេលយប់ ព្រោះវាអាចភ្ញោចការបញ្ចេញអាស៊ីតក្រពះ និងធ្វើឲ្យអ្នកឃ្លានបាន។
6.កុំចូលគេងយប់ជ្រៅពេក៖ ការចូលគេងយប់ជ្រៅ ហើយចាំគេងសងពេលថ្ងៃ បានបង្កើនការឃ្លានអាហារ ធ្វើឲ្យអ្នកញ៉ាំអាហារ ច្រើនជាងធម្មតានិងងាយឡើងទម្ងន់ទៀតផង។ ការគេងមិនបានគ្រប់គ្រាន់ ធ្វើឲ្យខ្លួនអ្នកត្រូវការជាតិស្ករ និងខ្លាញ់ច្រើនជាងមុន។
7.កុំទៅហាត់ប្រាណតែឯង៖ គួរតែទៅហាត់ប្រាណជាមួយមិត្ត ឬបង្កើនមិត្តភាពឲ្យបានច្រើននៅកន្លែងហាត់ប្រាណ ដើម្បីមានគ្នាជជែកលេង កុំឲ្យអផ្សុក និងអាចជួយដាស់តឿនគ្នា កុំឲ្យភ្លេចពេលទៅហាត់ប្រាណ។
8.កុំខ្លាចនឹងនិយាយពាក្យថា «ទេ»៖ ការជួបមិត្តភក្តិញ៉ាំអាហារជុំគ្នាតែងតែមាន តែកុំឲ្យញឹកញាប់ពេកអី។ អ្នកអាចរកលេសអីផ្សេងៗ ឬប្រាប់ថាអ្នកកំពុងសម្រកទម្ងន់ ដើម្បីបដិសេធចំពោះការជួបជុំនានា។