2017-10-27 · 11,752 ដងមើល
ការប្រឈមនឹងការកើតជំងឺរបេង ចំពោះអ្នកជំងឺទឹកនោមផ្អែម
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ជំងឺរបេងជាជំងឺឆ្លង និងបង្កដោយមេរោគឈ្មោះ mycobacterium tuberculosis (complex)។ ក្នុងប្រទេសកម្ពុជាផងដែរ ជាប្រទេសដែលមានអត្រាកើតជំងឺនេះខ្ពស់នៅទ្បើយ គឺលើសពី 300នាក់ ក្នុងចំណោមប្រជាជន100 000នាក់ក្នុង1 ឆ្នាំ។
ការចម្លងរោគរបស់ជំងឺរបេង ជំងឺរបេងអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការដកដង្ហើមស្រូបយកកំហាកមានផ្ទុកមេរោគរបេង ដែលក្អកចេញពីអ្នកជំងឺរបេងសួត។ រោគសញ្ញារបស់ជំងឺរបេង អ្នកជំងឺរបេងសួតអាចមានរោគសញ្ញារ៉ាំរ៉ៃច្រើនអាទិត្យទៅរហូតដល់រាប់ខែដូចជា៖ •ក្អកមានកំហាក •ក្ដៅខ្លួនស្រៀវស្រាញ •បែកញើសពេលយប់ •ឬចុះស្គមរីងរៃជាដើម មេរោគរបេងភាគច្រើនងាយបង្កលើមនុស្សមួយចំនួនដូចជាៈ •អ្នកមានជំងឺរីងរៃប្រចាំកាយ •អ្នកមានប្រព័ន្ធការពាររាងកាយចុះខ្សោយ •អ្នកមានជីវភាពរស់នៅខ្សត់ខ្សោយ ការប្រឈមរបស់អ្នកជំងឺទឹកនោមផ្អែម គេបានរកឃើញថា អ្នកជំងឺទឹកនោមផ្អែមមានហានិភ័យក្នុងការប្រឈមនឹងជំងឺរបេង 3 ទៅ 6 ដងលើសមនុស្សមិនមានជំងឺទឹកនោមផ្អែម។ ហេតុនេះហើយអ្នកជំងឺទឹកនោមផ្អែមគួរមានការប្រុងប្រយ័ត្ន និងស្វែងរកការប្រឹក្សាជាមួយគ្រូពេទ្យក្នុងករណីសង្ស័យ(ក្អកមានកំហាក រ៉ាំរ៉ៃក្ដៅខ្លួនស្រៀវស្រាញ បែកញើសពេលយប់ ចុះស្គមរីងរៃ)។ ការការពារចៀសផុតពីការឆ្លងជំងឺរបេង វិធីសាស្រ្តការពារសាមញ្ញគឺ ឲ្យអ្នកជំងឺរបេងសួតដែលពុំទាន់បានទទួលការព្យាបាលត្រឹមត្រូវ និងគ្រប់គ្រាន់ រស់នៅក្នុងបន្ទប់ដាច់ដោយឡែក និង ប្រើប្រាស់ mask ឬកន្សែងខ្ទប់មាត់ពេលក្អក ហើយអ្នកដែលនៅជុំវិញក៏ចាំបាច់ត្រូវប្រើប្រាស់mask ដើម្បីការពារផងដែរ។ លើសពីនេះសំរាប់អ្នកមានជំងឺទឹកនោមផ្អែម ចាំបាច់ត្រូវទទួលការព្យាបាលពីគ្រូពេទ្យជំនាញឲ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយផលវិបាកនៃជំងឺ និងកាត់បន្ថយផងដែរនូវហានិភ័យក្នុងការបង្កឲ្យមានជំងឺរបេង។
បកស្រាយដោយ វេជ្ជបណ្ឌិត អ៊ឹម វិសិដ្ធ ឯកទេស វេជ្ជសាស្ត្រទូទៅ និងជំងឺសួត មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។