2017-11-01 · 4,999 ដងមើល
[ខ្លឹមៗ] វិធីសាស្ត្រការពារពីជំងឺ Hepatic Encephalopathy
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
Hepatic Encephalopathy គឺជាប្រជុំរោគសញ្ញាដែលទាក់ទងនឹងប្រព័ន្ធសរសៃប្រសាទនិងផ្លូវចិត្ត (Neuropsychiatric) ដែលបណ្តាលមកពីការខូចថ្លើម ឬថ្លើមខ្សោយ។ ចំណែកជុំវិញបញ្ហាខ្សោយថ្លើមនោះទៀតសោត គេបានធ្វើការចែកចេញជាពីរប្រភេទ៖ • ខ្សោយថ្លើមស្រួចស្រាវ៖ ស្តែងឡើងពីការខូចខាតថ្លើមខ្លាំង និងមានលក្ខណៈភ្លាមៗ អាចធ្វើឲ្យអ្នកជំងឺសន្លប់ដោយសារជាតិពុល។ • ខ្សោយថ្លើមរ៉ាំរ៉ៃ៖ ជាការខូចមុខងារនៃសរីរាង្គថ្លើមបន្តិចម្តងៗ តួយ៉ាងដូចជាបញ្ហាក្រិនថ្លើម ដែលមិនអាចធ្វើឲ្យអ្នកជំងឺមានអាការៈសន្លប់ភ្លាមៗដូចទៅនឹងបញ្ហាខ្សោយថ្លើមស្រួចស្រាវនោះទេ។
Hepatic Encephalopathy ត្រូវបានចាត់ទុកជាបញ្ហាធ្ងន់ធ្ងរមួយ ដែលគេបានសន្និដ្ឋានថាមានអត្រា ៤០% សម្រាប់អ្នកដែលអាចរស់រានមានជីវិតបាន ១ឆ្នាំ និងក្នុងអត្រាតែ ១៥%-២០% ប៉ុណ្ណោះដែលអាចរស់បាន ៣ឆ្នាំ ដូច្នេះហើយអ្នកជំងឺថ្លើម គួរមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការកំណត់រោគសញ្ញានានាដែលនឹងអាចជាការលេចឡើងនៃជំងឺ Hepatic Encephalopathy។
វិធីសាស្រ្តការពារពី Hepatic Encephalopathy ៖ • ក្នុងលក្ខខណ្ឌអ្នកជំងឺពុំមានបញ្ហាខ្សោយថ្លើមភ្លាមៗ៖ ចៀសវាងប្រើប្រាស់ថ្នាំផ្តេសផ្តាស ដើម្បីការពារកុំឲ្យមានបញ្ហាពុលថ្លើម • សម្រាប់អ្នកជំងឺក្រិនថ្លើម៖ គួរចៀសវាង និងមិនត្រូវប្រើជាដាច់ខាតនូវពពួកថ្នាំងងុយគេង • សម្រាប់អ្នកមានជំងឺក្រិនថ្លើម ថែមទាំងជំងឺទឹកនោមផ្អែម៖ មិនត្រូវធ្វេសប្រហែសឲ្យខ្លួនប្រឈមទៅនឹងការកង្វះជាតិស្ករនោះទេ។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិត បានមានប្រសាសន៍ថា លោកអ្នកចាំបាច់ត្រូវប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើការវាយតម្លៃរាល់ដំណាក់កាលនៃការវិវឌ្ឍរបស់ជំងងឺថ្លើម និងទទួលបានការព្យាបាលមួយដែលសមស្របនិងមានប្រសិទ្ធភាព។
ស្វែងយល់បន្ថែម៖ បញ្ហាខួរក្បាលដែលអាចជួបប្រទះលើអ្នកជំងឺថ្លើម!
បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ ឯកទេសជំងឺ ថ្លើម ក្រពះ ពោះវៀន ឫសដូងបាត និងជានាយផ្នែក ជំងឺប្រព័ន្ធរំលាយអាហារនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។