ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-11-07 · 4,826 ដងមើល

អាថ៌កំបាំង៦យ៉ាងការពារកុមារពីជំងឺទូទៅ!

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 3

ធ្លាប់ឆ្ងល់ទេថា ហេតុអ្វីកុមារខ្លះមិនងាយនឹងមានជំងឺតែបែរជាកុមារមួយចំនួនតែងតែទទួលរងនូវជំងឺទូទៅជាញឹកញាប់ ដូចជាជំងឺផ្តាសាយជាដើម។ ជាទូទៅ កុមារដែលងាយទទួលការចម្លងពីជំងឺមួយផ្នែកអាចជាប់ទាក់ទងជាមួយនឹងប្រព័ន្ធភាពស៊ាំដែលទន់ខ្សោយតែម៉្យាងទៀត វាអាចបណ្តាលមកពីការធ្វេសប្រហែលរបស់អាណាព្យាបាលក្នុងការថែទាំ ក៏ដូចជាហ្វឹកហាត់ទម្លាប់របស់ពួកគេទាក់ទងនឹងការរស់នៅស្អាត។ ជំហានខាងក្រោមដែលនឹងលើកឡើងតាមរយៈអត្ថបទខាងក្រោម អាចជាជំនួយខ្លះៗសម្រាប់អាណាព្យាបាលក្នុងការគ្រប់គ្រងកុមារតូចៗពីជំងឺដែលអាចកើតជាញឹកញាប់។

1- រក្សាអនាម័យដៃ ការលាងដៃជាប្រចាំ និងញឹកញាប់ អាចជួយកាត់បន្ថយការចម្លងនៃមេរោគផ្លូវដង្ហើម និងក្រពះពោះវៀន។ ទម្លាប់ឲ្យកូនរបស់អ្នកលាងដៃ ឬប្រើប្រាស់ទឹកលាងដៃ ជាពិសេសនៅរាល់ពេលចេញពីសាលា បន្ទាប់ពីការរត់លេង និងពេលញ៉ាំអាហារ ដែលការលាងគួរប្រើពេលពី ១៥ ទៅ ២០វិនាទី។

2- ធ្វើសកម្មភាពជាប្រចាំ ការសិក្សាបានបង្ហាញថាការធ្វើលំហាត់ប្រាណជាប្រចាំ និងសមរម្យអាចជួយកាត់បន្ថយអត្រានៃជំងឺផ្តាសាយក្នុងកម្រិត ២៥% ទៅ ៥០% ព្រោះលំហាត់ប្រាណបានបង្កើននូវសមត្ថភាពរាងកាយក្នុងការទប់ទល់នឹងការចម្លង។ ដូច្នេះ កុមារត្រូវមានការណែនាំ និងគួរបានលើកទឹកចិត្តពីអាណាព្យាបាលសម្រាប់ហ្វឹកហាត់ខ្លួនឯងឲ្យចាប់យកលំហាត់ប្រាណជាចម្បងសម្រាប់ការរស់នៅប្រចាំថ្ងៃ។

3- ទទួលដំណេកគ្រប់គ្រាន់ អ្នកត្រូវច្បាស់ថាកូន ឬកុមារតូចៗមានពេលវេលាគ្រប់គ្រាន់សម្រាប់ការគេង និងអនុវត្តឲ្យបានខ្ជាប់ខ្លួន ព្រោះការបាត់បង់ដំណេកជួយពន្លឿននូវហានិភ័យក្នុងការឆ្លងជំងឺផ្តាសាយដល់ទៅពីរដងចំពោះកុមារ។ ជាទូទៅ ទារកគួរគេងក្នុងពេលប្រមាណ ១៤ម៉ោងក្នុងមួយថ្ងៃ ចំណែកកុមារដែលឈានចូលវ័យសិក្សាគួរគេងពីចន្លោះ ១១ ទៅ ១៣ម៉ោងក្នុងមួយថ្ងៃ។ 4- ចៀសវាងប៉ះពាល់ផ្ទាល់លើផ្ទៃមុខ មេរោគគ្រុនផ្តាសាយងាយនឹងឆ្លងចូលក្នុងរាងកាយតាមរយៈច្រមុះភ្នែក និងមាត់ ដូច្នេះ អ្នកគួរទម្លាប់កុមារឲ្យចៀសវាងដាក់ដៃលើតំបន់ផ្ទៃមុខនោះ។ វាអាចមានភាពពិបាកក្នុងការទប់ស្កាត់ ទើបការលាងដៃនៅតែជាវិធីសាស្រ្តដ៏ល្អ។ ម៉្យាងវិញទៀត អ្នកអាចបង្រៀនកុមារដោយមិនត្រូវទម្លាប់ប្រើប្រាស់ទុយោ កែវ ឬច្រាសដុសធ្មេញរួមគ្នានោះទេ។

5- ញ៉ាំអាហារសុខភាព គួរចាប់ផ្តើមបញ្ចូលរបបអាហារដូចជា បន្លែ ផ្លែឈើ អាហារសម្បូរវីតាមីនសេ (ស្ពៃប្រូខូលី ផ្លែក្រូច) ពពួកវីតាមីនដេ (ត្រីធូណា ទឹកដោះគោ អាហារធញ្ញជាតិ)និងប្រភេទយ៉ាអួទៅក្នុងការញ៉ាំរបស់កុមារ ពីព្រោះវាជាប្រភពយ៉ាងសំខាន់ក្នុងការបង្កើនប្រព័ន្ធភាពស៊ាំសម្រាប់ការពាររាងកាយកុមារពីជំងឺទូទៅ។

6- ចាក់វ៉ាក់សាំងការពារគ្រុនផ្តាសាយ កុមារតែងត្រូវបានណែនាំ និងតម្រូវឲ្យទទួលបានការចាក់វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយ ដូច្នេះ អ្នកពុំគួរមើលរំលងខកខានមិនបាននាំកូនអ្នកទៅទទួលវ៉ាក់សាំងនោះទេ ដោយហេតុថា វាជាវិធីសាស្រ្តដែលមានប្រសិទ្ធភាពបំផុតក្នុងការការពារកុមារពីជំងឺ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ