ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-11-20 · 14,909 ដងមើល

អ្វីទៅជាការបណ្តុះមេរោគ (Microbiological Culture)?

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

ការបណ្តុះមេរោគ ជាវិធីសាស្ត្រមន្ទីរពិសោធន៍ ដើម្បីរកមេរោគដែលបង្ករោគដល់អ្នកជំងឺ។ វាជាការរំលេចមេរោគចេញពីវត្ថុវិភាគផ្សេងៗដូចជា ឈាម ទឹកនោម ខ្ទុះ កំហាក ។ល។

នៅពេលដែលអ្នកជំងឺមានរោគសញ្ញាដែលបណ្ដាលមកពីជំងឺឆ្លងដូចជា គ្រុនក្ដៅ គ្រុនញាក់ ករខ្ទុះ បូស ។ល។ វេជ្ជបណ្ឌិតតែងតែយកវត្ថុវិភាគតាមកន្លែងសង្ស័យនោះទៅបណ្ដុះមេរោគ។

ឧទាហរណ៍៖ - បើអ្នកជំងឺមានអាការៈបង្កមេរោគនៅក្នុងសួត គេយកស្លេស កំហាកទៅបណ្តុះ។ - បើអ្នកជំងឺមានអាការៈបង្កមេរោគនៅបង្ហូរនោម គេយកទឹកនោមទៅបណ្តុះ។ - បើអ្នកជំងឺមានអាការៈកើតបូស គេយកខ្ទុំទៅបណ្ដុះ។ - បើអ្នកជំងឺមានអាការៈបង្កមេរោគនៅក្នុងឈាម គេយកឈាមទៅបណ្តុះ។ សូមបញ្ជាក់ផងដែរថា ករណីភាគច្រើននៃជំងឺបង្កដោយមេរោគតាមសរីរាង្គនានា(Infection)មេរោគអាចជាយថាហេតុឆ្លងចូលក្នុងឈាមហើយអ្នកជំងឺលេចចេញអាការៈគ្រុនញាក់។ដូចនេះហើយបានជាគេយកឈាមទៅបណ្ដុះពេលអ្នកជំងឺគ្រុន ឬញាក់។

តើការការបណ្តុះមេរោគសារៈសំខាន់ឬទេ? វិធីនេះមានសារៈសំខាន់ណាស់ក្នុង៖ - ការធ្វើរោគវិនិច្ឆ័យ - ជំនួយការព្យាបាលឲ្យមានប្រសិទ្ធភាព និង សន្សំសំចៃទាំងពេលវេលា និង ថវិកា - កំណត់វិធានការការពារ បង្ការការឆ្លងរោគ។

តើពេលណាបានលទ្ធផលពីការបណ្ដុះ? វាអាស្រ័យលើប្រភេទវត្ថុវិភាគ និង មេរោគ។ តាមធម្មតា លទ្ធផលអាចបានរវាងថ្ងៃទី ៣-៥។ ដោយទ្បែក លទ្ធផលបណ្តុះមេរោគរបេងត្រូវចាំ២-៣ខែ។

តែទោះបីជាយ៉ាងណាក៏ដោយ វេជ្ជបណ្ឌិតតែងតែចាប់ផ្តើមការព្យាបាល ដោយមិនរង់ចាំនាំឲ្យយឺតយ៉ាវដល់អ្នកជំងឺទេ ក៏ព្រោះថា ការធ្វើរោគវិនិច្ឆ័យដំបូង អាចពឹងផ្អែកលើ ការសាកសួរ ពិនិត្យរាងកាយ និងការវិភាគជំនួយ (វិភាគឈាម ថតកាំរស្មីX ពិនិត្យអេកូ...)។ ម៉្យាងវិញទៀត មិនមែនរាល់ការបណ្តុះមេរោគសុទ្ធតែរំលេចចេញនូវមេរោគទេ គឺវាអាស្រ័យនឹងកត្តាផ្សេងៗដូចជា៖ កំហាប់ឬបរិមាណមេរោគក្នុងវត្ថុវិភាគ ចំនួនវត្ថុវិភាគ យកវត្ថុវិភាគទៅបណ្តុះមុនឬក្រោយប្រើថ្នាំ។ល។

អនុសាសន៍៖ សូមប្រឹក្សា និង សាកសួរព័ត៌មានជាមួយវេជ្ជបណ្ឌិត ពិសេសវេជ្ជបណ្ឌិតឯកទេសជំងឺឆ្លង

បកស្រាយដោយ ៖ លោក អ៊ត ងីម (អ្នកជំនាញមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខ្មែរ-សូវៀត និង នាយកចាត់ការទូទៅនៃមន្ទីរពិសោធន៍វេជ្ជសាស្ត្រ សុភមង្គល និង ម៉េឌីថិច)

©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ