2017-02-07 · 3,788 ដងមើល
មិនថាផ្តាសាយនៅតែឡូយ...
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
រដូវរងាចូលមកដល់ ជាពេលដែលល្អក្នុងការតុបតែងខ្លួនស្អាតៗ ប៉ុន្តែបញ្ហាគឺជំងឺផ្តាសាយក៏អាចមករំខាន ធ្វើឲ្យបាត់បង់ពេលវេលាដ៏មានតម្លៃក្នុងការរីករាយនឹងអាកាសធាតុ និងភាពឡូយៗ ដែលចង់បង្អួតនៅរដូវរងានេះ។ គ្មានអីត្រូវបារម្ភទេ យកចិត្តទុកដាក់ថែសុខភាពអ្នកចុះ តែថែតាមវិធីខាងក្រោមផង៖
កន្សែងបង់ក ជាម៉ូតសម័យថ្មីស្រាប់ទៅហើយ អញ្ចឹងអាចចាត់ទុកថាជាឱកាសល្អក្នុងការបង្អួតកន្សែងបង់ក និងស្ទាយបង់កបែបប្លែកៗ ដែលជា Fashion trend នៅរដូវត្រជាក់វិញទៅ។ ម្យ៉ាង ការរុំកន្សែងបង់ក នៅរាល់ពេលចេញទៅក្រៅអាចឲ្យយើងទទួលបាននូវភាពកក់ក្តៅ និងមានអារម្មណ៍ល្អ។
ម៉ាស់ ការពាក់ម៉ាស់អាចការពារខ្លួនលោកអ្នកពីជំងឺផ្តាសាយ និងការឆ្លងទៅអ្នកដទៃបាន ជាពិសេសធូលីដីហើរតាមខ្យល់ក្នុងរដូវរងាអាចឲ្យអ្នកកើតជំងឺទាក់ទងនឹងផ្លូវដង្ហើមបានយ៉ាងងាយស្រួល។ ដូចនេះព្យាយាមរកទិញម៉ាស់ខ្យូតៗតាមទីផ្សារ ឬហាងនានាតាមចិត្តស្រឡាញ់ ហើយមើលរូបរាងថ្មីនិងអារម្មណ៍ប្លែកៗពីការពាក់ម៉ាស់នេះ។
បំពង់ទឹកក្តៅ ខ្លួនប្រាណយើងតែងតែត្រូវការកម្តៅ ជាតិទឹកគ្រប់គ្រាន់ដើម្បីធានាឲ្យខ្លួនប្រាណខាងក្នុងមានដំណើរការល្អ ជាពិសេសពេលកំពុងមានការរំខានដោយអាការៈផ្តាសាយតែម្តង។ ការមានបំពង់ទឹកក្តៅមួយជាប់ខ្លួនជានិច្ចមើលទៅដូចជាសំពីងសំពោង តែហេតុអ្វីអ្នកមិនរកបំពង់ទឹកក្តៅស្អាតៗ ឬច្នៃមួយសម្រាប់ខ្លួនឯង? ហើយអាចបន្ថែមកាបូបស្អាតៗសម្រាប់ដាក់បំពង់ទៀតកាន់តែល្អ អញ្ចឹងពេលដកញ៉ាំម្តងៗ គឺមានជំនឿចិត្ត ហើយប្រហែលជាឧស្សាហ៍ដកញ៉ាំទៀតផង។
អាវរងា ងាយឯណាមានឱកាសពាក់អាវរងា? មួយឆ្នាំពាក់បានប៉ុន្មានដងហ្នឹង... ហើយទោះជាវាមិនសូវត្រជាក់យ៉ាងណានោះ តែពេលអ្នកផ្តាសាយអ្នកពិតជាត្រូវការវា និងមើលទៅស័ក្តិសម មិនឆ្គងទេ ព្រោះអីយើងកំពុងឈឺ និងត្រូវការភាពកក់ក្តៅ។
ម្យ៉ាងទៀត អាវក្រៅអាចការពារខ្លួនអ្នកពីខ្យល់ត្រជាក់ខ្លាំងនៅខាងក្រៅដែលជាហេតុបង្កឲ្យស្បែកស្ងួត ប្រេះស្រកាមើលទៅមិនស្រស់ស្អាត។ យកល្អអ្នកគួរជ្រើសរើសប្រភេទអាវខាងក្រៅដែលមានហោប៉ៅងាយស្រួលសូកដៃចូលពេលត្រជាក់ ហើយវាមើលទៅក៏កាន់តែឡូយខ្លាំង។
ស្បែកជើងកវែង ឬស្បែកជើងឃ្លុប ជើងរបស់អ្នកមិនអាចត្រូវត្រជាក់បានទេនៅអំឡុងពេលនេះ វានឹងធ្វើឲ្យអ្នកមិនស្រួលខ្លួន គ្មានផាសុកភាព ដូចនេះពាក់ស្បែកជើងឃ្លុបជិត ឬស្បែកជើងកវែង តែម្តងទៅ វានឹងធ្វើឲ្យអ្នកមើលទៅស្វាហាប់បន្តិច ហើយវាកាន់តែសមនៅរដូវត្រជាក់បែបនេះ។ អ្នកក៏គួរតែមានខោរឹបខ្មៅជើងវែងមួយផង បើសិនជាអ្នកស្លៀកសំពត់ ឬខោជើងខ្លី ឬមួយបែបទៀតគឺពាក់ជាមួយស្រោមជើងវែងៗ។
ក្រែមសម្រាប់លាបដៃ និងសម្រាប់សម្អាតមេរោគ ប្រអប់ដៃរបស់អ្នកប្រហែលជាស្ងួតរបកព្រោះតែអាកាសធាតុត្រជាក់ខ្លាំង ហេតុដូចនេះ ប្រើប្រាស់ក្រែមលាបដៃជាការប្រសើរបំផុតដើម្បីរក្សាសំណើមដៃឲ្យនៅស្រស់ស្អាត ទន់ និងមានក្លិនក្រអូប។ ម្យ៉ាង ក៏គួរតែមានទឹកលាងដៃសម្លាប់មេរោគ ទំហំអាចដាក់ហោប៉ៅបានផងដែរ។