ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-02-07 · 6,301 ដងមើល

ទីក្រុងឈ្មោះវែងបំផុត លើពិភពលោក

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

តើអ្នកដឹងទេ? ទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ ជាទីក្រុង ដែលមានឈ្មោះវែងបំផុត លើពិភពលោក។ ឈ្មោះផ្លូវការសព្វថ្ងៃគឺ៖ «ក្រុងទេពមហានគរ អមររ័តនកោសិន្ទ្រ៍ មហិន្ទ្រាយុធ្យា មហាតិលកភព នពរ័តនរាជធានីបូរីរម្យ៍ ឧត្តមរាជនិវេសន៍មហាស្ថាន អមរពិមានអវតារស្ថិត ស័ក្កៈទ័ត្តិយវិស្ណុកម្មប្រៈសិទ្ធិ៍» (กรุงเทพมหานคร อมรรัตนโกสินทร์ มหินทรายุธยา มหาดิลกภพ นพรัตนราชธานีบูรีรมย์ อุดมราชนิเวศน์มหาสถาน อมรพิมานอวตารสถิต สักกะทัตติยวิษณุกรรมประสิทธิ์)។ យោងតាមពង្សាវតារសម័យឰយុធ្យា ក្រុងបាងកក មានឈ្មោះថា «ធនបុរីស្រីមហាសមុទ្រ» (ธนบุรีศรีมหาสมุทร)។ ពេលដែល ព្រះបាទសម្ដេច ព្រះបរមោរុរាជាមហាច័ក្រីបរមនាថ៌ ព្រះពុទ្ធយ៉តហ្វាចុឡាលោក (រាមាទី១ នៃរាជវង្សចក្រី) បានលើករាជធានី មកជ្រោយខាងកើតទន្លេ ទីក្រុងនេះ បានរក្សាឈ្មោះឰយុធ្យា ដោយមានឈ្មោះមួយចំនួន ដូចជា «ក្រុងទេពទ្វារវតីស្រីអយុធ្យា» (กรุงเทพทวารวดีศรีอยุธยา) និង «ក្រុងទេពមហានគរស្រីអយុធ្យា» (กรุงเทพมหานครศรีอยุธยา)។ ចាប់ពីរជ្ជកាល ព្រះបាទសម្ដេចព្រះបរមេន្ទ្រមហាមង្កុដ ព្រះចមក្លៅចៅយូហួ (រាមាទី៤ នៃរាជវង្សចក្រី) ទីក្រុងបាងកក ក៏បានប្ដូរឈ្មោះផ្លូវការ ដូចសព្វថ្ងៃ ដោយសរសេរកាត់ថា «ក្រុងទេពមហានគរ» (អានថា គ្រង់ថេបម៉ៈហាណៈខន) ឬ «ក្រុងទេព។» (กรุงเทพฯ)។ ស្រដៀងគ្នាដែរ តាម​ព្រះ​រាជ​ពង្សាវតារប្រទេស​កម្ពុជា​ នៅ គ.ស. ១៤៣៤ ព្រះ​បាទ​ពញាយ៉ាត (អានថា ព្ញា-យ៉ាត មិនមែន ពញ់-ញា-យ៉ាត នោះទេ) ទ្រង់​យាងចេញ​ចាក​ចោល​ ព្រះ​រាជវាំង​បាសាណ​ នៅ​ខែត្រ​ស្រី​សន្ធរ មក​តាំង​ព្រះ​រាជវាំង​ នៅ​ទិស​អាគ្នេយ៍ ​នៃភ្នំ​ដូនពេញ ដោយទ្រង់​បាន​សន្មត ​តាំង​គោរម​នាម ​ព្រះ​នគរ​ជាផ្លូវការថា៖ «ក្រុង​ចតុម្មុខ​មង្គល​សកល​កម្ពុជាធិបតី​សិរី​សោធរ បវរ​ឥន្ទបត្ត​បុរី​រដ្ឋ​រាជ​សីមា​មហា​នគរ» រីឯ​ឈ្មោះ​ទន្លេ​ច្រាបឈាម ទ្រង់​បាន​បញ្ញត្ត​ឲ្យ​ហៅ​ថា «ទន្លេ​ចតុម្មុខ» វិញ។ លុះ​មក​ដល់ គ.ស. ១៤៣៧ នៅ​ពេល​ដែល ​ធ្វើ​សម្ពោធ​ក្រុង​នេះ ព្រម​ទាំង​ធ្វើ​ ព្រះ​រាជ​ពិធី​រាជាភិសេក ​ថ្វាយ​ព្រះ​នាម​ទ្រង់​ ជា​ថ្មី​ផង​នោះ ព្រះ​អង្គ​ក៏​បាន​ ឲ្យ​សន្មត​នាម​ក្រុង​ ជា​ថ្មី​ម្ដង​ទៀត​ ដោយ​ថែម​ពាក្យ «ភ្នំ​ដូនពេញ» មក​ទៀត តែ​ឲ្យ​ខ្លី​ជាង​មុន​ថា «ក្រុង​ចតុម្មុខ​មហា​នគរ​ភ្នំ​ដូនពេញ» ដូច្នោះ​វិញ ដើម្បី​កុំ​ឲ្យ​បាត់ឈ្មោះ​ និង ​កេរ្តិ៍​ដំណែល​របស់​ដូនពេញ ដែលក្រោយត​មក គេ​ហៅ​កាត់​ខ្លី​ត្រឹមតែ «ភ្នំពេញ» ដរាប​មក​ដល់​សព្វ​ថ្ងៃ៕