ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-12-26 · 6,757 ដងមើល

កំហុស ៥ យ៉ាងនៃលំហាត់ប្រាណនៅលើម៉ាស៊ីនដើរ

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

លំហាត់ប្រាណនឹងកាន់តែមានភាពងាយស្រួលប្រសិនអ្នកជ្រើសរើសនូវការហាត់ដោយប្រើប្រាស់ម៉ាស៊ីនដើរដោយហេតុ​ថាវាមានភាពរហ័សនិងពុំចាំបាច់ចំណាយពេលច្រើនក្នុងការរៀបចំខ្លួនចេញទៅក្រៅដើម្បីការរត់ឬដើរនោះទេ។លំហាត់ប្រាណ​ប្រភេទនេះ ប្រហែលជាអ្នកគិតថាមានភាពងាយស្រួលដោយគ្រាន់តែធ្វើការដើរឬរត់ក្នុងរយៈពេលកំណត់ណាមួយតែប៉ុណ្ណោះ តែបុគ្គលខ្លះអាចនឹងមានទម្លាប់មួយចំនួនដែលកំពុង​តែប្រព្រឹត្តខុស និងបំផ្លាញនូវប្រសិទ្ធភាពលំហាត់ប្រាណទាំងមូល ដែលកំហុសនោះនឹងត្រូវបានបកស្រាយតាមអត្ថបទខាងក្រោម។

1-អ្នកជ្រើសរើសស្បែកជើងខុស អ្នកត្រូវប្រាកដថាស្បែកជើងលំហាត់ប្រាណមានមុខងារស័ក្តិសមជាជាងការជ្រើសរើសយកប្រភេទណាដែលមានតែភាពឆើតឆាយ។ស្បែកជើងដែលល្អគួរមានបាតខាងក្នុងខ្ពស់ដែលអាចការពារកែងជើងនិងឆ្អឹងម្រាមជើងពីការប៉ះទង្គិចដោយ​​សារ ការដើរ ឬរត់លើម៉ាស៊ីននោះ។ យ៉ាងណាមិញ អ្នកគួរចៀសវាងប្រើប្រាស់ស្បែកជើងនេះក្នុងការរាំ លំហាត់ប្រាណខ្លាំងក្លា ឬការឡើងទីទួល ដែលវាអាចបង្កឲ្យគ្រោះថ្នាក់ដល់កជើងរបស់អ្នក។

2-អ្នកក្រឡេកមើលជើងពេលហាត់ អ្នកនឹងអាចបាត់បង់លំនឹងប្រសិនអ្នកមានទម្លាប់ក្នុងការក្រឡេកមើលជើងអំឡុងពេលហាត់។កាយវិការបែបនេះក៏អាចបង្កឲ្យមានការឈឺចាប់ដល់ផ្នែកខ្នងកនិងធ្វើឲ្យទីតាំងនៃដងខ្លួនមិនស្មើគ្នា។កាត់បន្ថយទម្លាប់នេះដោយត្រូវរក្សានូវទម្រង់ស្មាឲ្យបានត្រង់ និងសំឡឹងទៅខាងមុខទើបជាការប្រសើរ។

3-ទម្លាប់កាន់ដៃម៉ាស៊ីន កម្រិតដុតបំផ្លាញកាល់ឡូរីនឹងអាចកាត់បន្ថយ ប្រសិនអ្នកតែង​តែហាត់ដោយកាន់ដៃម៉ាស៊ីនដើម្បីទប់លំនឹងខ្លួន ព្រោះថាមពលរបស់អ្នកមួយផ្នែកមិនត្រូវបានប្រើប្រាស់សម្រាប់ការហាត់នោះទេ។យកល្អអ្នកគួរ​ព្យាយាមដើរក្នុង​​លក្ខខណ្ឌ​​ធម្មតាទៅតាមកម្រិតលឿនឬយឺតដែលអ្នកបានកំណត់នៅលើម៉ាស៊ីន​ដោយចៀសវាងដើរលើសឬលឿនដែលជាហេតុធ្វើឲ្យអ្នកមានទំនោរក្នុងការចាប់កាន់។

4-កាយវិការឱនមកខាងមុខ ការឱនមកខាងមុខអាចឲ្យរាងកាយអ្នកមានភាពស៊ាំទៅនឹងការអភិវឌ្ឍទៅរកភាពកោងដែលជាហេតុធ្វើឲ្យអ្នកបាត់បង់លំនឹងនិងការឈឺចាប់ខ្នងផ្នែកខាងក្រោម។ទម្លាប់រក្សាស្ថានភាពដងខ្លួនឲ្យបានត្រង់ឬអាចបន្ថយល្បឿនរបស់ម៉ាស៊ីនប្រសិនអ្នកមិនទាន់អាចចៀសវាងបញ្ហានេះបាន។

5-អ្នកធ្វើការហ្វឹកហាត់ជ្រុល ការឈឺចាប់សាច់ដុំការកើនឡើងចង្វាក់បេះដូងឬការឈឺចាប់ផ្នែកផ្សេងៗនៃរាងកាយមួយចំនួនទៀតសុទ្ធតែជាសញ្ញាប្រាប់ថាអ្នកធ្វើលំហាត់ប្រាណច្រើនហួសកម្លាំង។ ប្រសិនអ្នកសង្កេតឃើញមានបញ្ហា ខាងលើ អ្នកគួរបញ្ឈប់នូវការហាត់ជាបណ្តោះ អាសន្នហើយរៀបចំជាថ្មីចំពោះកម្មវិធីលំហាត់ប្រាណរបស់អ្នក។ជាទូទៅលំហាត់ប្រាណបែបដើរឬរត់ខ្លាំងក្លាតម្រូវឲ្យហាត់ត្រឹមតែ ២ឬ៣ដង ក្នុងមួយសប្តាហ៍ ចំណែកការហាត់ជាមធ្យមអាចធ្វើឡើងបាន ៣ ទៅ៥ដងក្នុងមួយសប្តាហ៍។

កុំបន្តឲ្យទម្លាប់ដ៏សាមញ្ញទាំងនោះមានឥទ្ធិពលអវិជ្ជមានលើប្រសិទ្ធភាពនៃលំហាត់ប្រាណរបស់អ្នក ដោយអ្នកគួរមានការយកចិត្តទុកដាក់បន្ថែម និង អនុវត្តឲ្យបានជាប្រចាំទៅតាមការណែនាំ។

©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ