CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2018-01-19 · 19,811 views

ជំងឺស្ទះសរសៃឈាមបេះដូង ហានិភ័យខ្ពស់លំដាប់ទី១!

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

ស្ទះសរសៃឈាមបេះដូង គឺជាការស្លោកសាច់ដុំបេះដូងស្រួចស្រាវ​ដោយសារការស្ទះនូវសរសៃឈាមដែលទៅចិញ្ចឹមបេះដូង​(coronary artery)។​ តាមរបាយការណ៍អង្គការសុខភាពពិភព​លោកបានបង្ហាញថា «នៅប្រទេសកម្ពុជា​ក្នុងចំណោមមនុស្ស​១០០​ពាន់នាក់ មាន១២៨.៨នាក់ ស្លាប់ដោយសារ ជំងឺស្ទះសរសៃឈាមបេះដូងនេះ» ។ តាមតួលេខជាក់ស្តែងនៅមន្ទីរពេទ្យកាល់​ម៉ែតឆ្នាំ២០១​៦ពេញមួយឆ្នាំ បូករួម២០១៧​រយៈ​ពេល​កន្លះឆ្នាំមានអ្នកជំងឺស្ទះសរសៃឈាមបេះដូងចូលមក​សម្រាក និងព្យាបាលរហូតដល់៨៣៣នាក់ដែលជាតួលេខមួយគួរឲ្យព្រួយបារម្ភ។

បច្ចុប្បន្ននេះ ជំងឺស្ទះសរសៃឈាមបេះដូងនៅតែជាមូលហេតុទីមួយដែលសម្លាប់មនុស្សទូទាំងសកលលោក ក្រោយពេលរកឃើញថាមនុស្សប្រហែល៧លាននាក់ត្រូវបានស្លាប់ដោយសារជំងឺនេះជារៀងរាល់ឆ្នាំទោះបីជាមានការរីកចម្រើននូវបច្ចេក​វិទ្យាទំនើបក្នុងការព្យាបាលយ៉ាងណាក៏ដោយ។

សញ្ញាណាខ្លះដែលលេចឡើងចំពោះអ្នកជំងឺ? ការចុកដើមទ្រូងខ្លាំង ជាសញ្ញាសំខាន់ និងភាគច្រើនបំផុតនៃជំងឺស្ទះសរសៃឈាមបេះដូង ដែលមានរយៈ​ពេលលើសពី​២០​នាទី។​ ការចុកនេះទៀតសោតអាចនឹងរាលមកគល់ថ្គាមចុះ​មក​​ត្រឹមស្មា ឬរហូតដល់ដៃខាងឆ្វេង។ ក្រៅពីនេះ អ្នកជំងឺក៏មាន​សញ្ញារួមផ្សំផ្សេងទៀតដូចជាបែកញើស ឡេះឡាស់ ថប់ដង្ហើម និងហត់ជាដើម។

អ្វីជាមូលហេតុនៃជំងឺស្ទះសរសៃឈាមបេះដូង? ភាគច្រើននៃមូលហេតុបង្កឲ្យមានការស្ទះសរសៃឈាមបេះដូង ​គឺការកកដុំខ្លាញ់ក្នុងសរសៃឈាមបេះដូង។ បន្ថែមពីនេះ ក៏មាន​កត្តាជំរុញផ្សេងទៀត ​និងក្រុមមនុស្សប្រឈមដូចខាងក្រោម៖ •កត្តាអាយុ ៖ នៅពេលអាយុកាន់តែច្រើន អត្រាប្រឈមកាន់​តែខ្ពស់ (បុរសលើសពី៤៥ឆ្នាំ និងស្ត្រីលើសពី៥៥ឆ្នាំ) •អ្នកជំងឺលើសសម្ពាធឈាម •អ្នកជំងឺទឹកនោមផ្អែម •អ្នកលើសជាតិខ្លាញ់ និងលើសទម្ងន់ •មនុស្សអសកម្ម ឬមិនសូវធ្វើពលកម្ម •អ្នកជក់បារី •អ្នកមានប្រវត្តិក្រុមគ្រួសារមានជំងឺស្ទះសរសៃឈាមបេះដូង (family refractor)។

វិធីសាស្ត្រត្រឹមត្រូវក្នុងការធ្វើរោគវិនិច្ឆ័យ ករណីជំងឺស្ទះសរសៃឈាមបេះដូងមានសភាពមិនសូវធ្ងន់ធ្ងរ នោះការធ្វើរោគវិនិច្ឆ័យអាចធ្វើឡើងដោយ​ ការថតចង្វាក់​​បេះដូង ធ្វើអេកូបេះដូង និងការធ្វើតេស្តដោយឲ្យអ្នកជំងឺដើរនៅលើខ្សែពានឬដោយការធាក់កង់ ដើម្បីរកមើល​សញ្ញានៃការ​ស្ទះសរសៃឈាមបេះដូង។​ ក្នុងពេលជាមួយគ្នា គ្រូពេទ្យឯក​ទេសអាចតម្រូវឲ្យអ្នកជំងឺថត CT ស្កែនលើសរសៃឈាម​បេះ​ដូង​ និងចុងក្រោយអាចធ្វើ Angiography ដើម្បីរកមើលទីតាំងនៃសរសៃឈាមដែលស្ទះ រួម និងការពិនិត្យឈាម។

ការព្យាបាលអ្នកជំងឺស្ទះសរសៃឈាមបេះដូង ការព្យាបាលចម្បងនៃអ្នកជំងឺស្ទះសរសៃឈាមបេះដូង គឺធ្វើយ៉ាងណាត្រូវបើកសរសៃឈាមដែលស្ទះនោះដំណើរការឡើងវិញឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន(មុន៦ម៉ោងនិងយ៉ាងហោចណាស់មុន១២ម៉ោង)។ ការបើកឲ្យមានដំណើរការសរសៃឈាមឡើងវិញអាចធ្វើឡើងតាម២របៀប៖ •ប្រើប្រាស់ថ្នាំចាក់​ ដើម្បីរំលាយដុំឈាមដែលកកស្ទះនៅក្នុងសរសៃឈាមបេះដូងនោះ​ ឬហៅថា Thrombolytic។ •ប្រើប្រាស់រ៉ឺស័រដើម្បីពង្រីកសរសៃឈាមបេះដូង(Angioplasty)។

ក្រោយពីការព្យាបាលដោយAngioplastyអ្នកជំងឺត្រូវពិសាថ្នាំឲ្យបានទៀងទាត់ទៅតាមវេជ្ជបញ្ជា និងធ្វើការតាមដានតាមការណែនាំរបស់គ្រូពេទ្យឯកទេស។ ហានិភ័យនៃអ្នកជំងឺស្ទះសរសៃឈាមបេះដូងអាចនឹងធ្ងន់ធ្ងររហូតឲ្យអ្នកជំងឺមានគ្រោះ​ថ្នាក់ដល់អាយុជីវិត ប្រសិនបើមិនទទួលបានការព្យា​បា​ល​ទាន់ពេលវេលា និងត្រឹមត្រូវតាមបច្ចេកវិទ្យា។ អ្នកជំងឺស្ទះសរសៃឈាមបេះដូងទាមទារធ្វើការព្យាបាលឲ្យបានមុន៦​ម៉ោង ​ឬយ៉ាងហោចណាស់ឲ្យបានមុន១២ម៉ោង ប្រសិនបើ​លើស​ពី១២ម៉ោងនោះសាច់ដុំបេះដូងរបស់អ្នកជំងឺនឹងស្លោកខូច ហើយហានិភ័យនឹងកាន់តែធ្ងន់ធ្ងរ។

គួរការពារខ្លួនបែបណាដើម្បីកាត់បន្ថយជំងឺនេះ? តាមពិតជំងឺស្ទះសរសៃឈាមបេះដូងមិនអាចការពារបាននោះ​ទេ ប៉ុន្តែវាអាចត្រូវបានកាត់បន្ថយតាមរយៈគោលការណ៍ដូចខាងក្រោម៖ •ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ (៣០នាទីក្នុង១ថ្ងៃនិង៥ថ្ងៃក្នុងមួយសប្តាហ៍) •បញ្ឈប់ការជក់បារី •កាត់បន្ថយ ឬបញ្ឈប់ការពិសាគ្រឿងស្រវឹង •ចៀសវាងការបរិភោគអាហារប្រៃខ្លាំង •កាត់បន្ថយអាហារសម្បូរជាតិខ្លាញ់ •កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ (Stress) •គ្រប់គ្រងសម្ពាធឈាមឲ្យបានល្អ •គ្រប់គ្រងជាតិស្ករឲ្យមានលំនឹងបើមានជំងឺទឹកនោមផ្អែម •រក្សាទម្ងន់ឲ្យបានសមស្រប និងចៀសវាងកុំឲ្យលើសទម្ងន់ •ជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសឲ្យបានទៀងទាត់។

ដោយសារជំងឺស្ទះសរសៃឈាមបេះដូងជាជំងឺមួយដែលធ្ងន់ធ្ងរ និងទាមទារឲ្យមានការព្យាបាលទាន់ពេលវេលា ដូច្នេះអ្នកជំងឺក៏ដូចជាគ្រូពេទ្យទាំងអស់ដែលបាន និងកំពុងបំពេញការងារទាំងនៅរាជធានីក្តី និងនៅតាមបណ្តាខេត្តក្តី ប្រសិនបើជួបជាមួយនឹងអ្នកជំងឺដែលមានសញ្ញាដូចខាងលើ សូមប្រញាប់បញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យឯកទេសនៅភ្នំពេញជាបន្ទាន់ គឺ  មន្ទីរពេទ្យកាល់ម៉ែតដែលមានមធ្យោបាយទំនើបគ្រប់គ្រាន់​ក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលអ្នកជំងឺព្រមទាំង​ជួយសង្គ្រោះអ្នកជំងឺឲ្យបានទាន់ពេលវេលា។ ជាក់ស្តែង បច្ចុ​ប្បន្ននេះ មន្ទីរពេទ្យកាល់ម៉ែត មានបន្ទប់ថតឆ្លុះ​សរសៃឈាម​បេះដូង (Angiography) ចំនួន២ ព្រមជាមួយគ្រូពេទ្យឯក​ទេ​ស​ជំនាញខាងថតឆ្លុះសរសៃឈាមបេះដូងគ្រប់គ្រាន់ រងចាំ​ទទួ​លព្យាបាលប្រជាពលរដ្ឋគ្រប់ពេលវេលា។

បកស្រាយដោយ៖ សាស្រ្តាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ប្រធានអ៊ុយនីតេ ជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ