2018-03-23 · 5,638 ដងមើល
អ្នកជំងឺលើសសម្ពាធឈាម គួរហាត់ប្រាណបែបណា ទើបល្អប្រសើរ?
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
សំណួរ ៖ ខ្ញុំបាទអាយុ៦៥ឆ្នាំ កម្ពស់១ម៉ែត្រ៦៤ ទម្ងន់៦៨គីឡូក្រាម រស់នៅខេត្តកំពង់ស្ពឺ។ ខ្ញុំបាទមានជំងឺលើសឈាមប្រហែល២ខែមកហើយ ហើយគ្រូពេទ្យបានប្រាប់ឲ្យខ្ញុំធ្វើលំហាត់ប្រាណរាល់ថ្ងៃ។ ខ្ញុំបានធ្វើតាមការណែនាំរបស់គ្រូពេទ្យ ដោយដើរនៅសួនច្បារ ៣០នាទីជារៀងរាល់ព្រឹក។ តែកាលពីអាទិត្យមុននេះ ខ្ញុំបានទៅជួបវេជ្ជបណ្ឌិតម្នាក់ទៀត ដោយសារជង្គង់ខ្ញុំចេះតែឈឺ។ គាត់បានប្រាប់ខ្ញុំថា ខ្ញុំមានបញ្ហាពុកឆ្អឹង ព្រមទាំងប្រាប់ខ្ញុំកុំលើកអ្វីធ្ងន់ និងកុំសូវដើរច្រើនពេក។ តើខ្ញុំត្រូវហាត់ប្រាណយ៉ាងម៉េចវិញទៅ? តើបញ្ហាពុកឆ្អឹងរបស់ខ្ញុំនេះ អាចប៉ះពាល់ដល់ជំងឺលើសសម្ពាធឈាមរបស់ខ្ញុំដែរឬទេ?
ចម្លើយ ៖ ឆ្លើយតបចំពោះសំណួរខាងលើ លោកអ៊ំ គួរធ្វើលំហាត់ប្រាណសាមញ្ញៗ ដូចជា ការដើរ ឬហែលទឹកជាដើម ដោយមិនចាំបាច់ហាត់ខ្លាំងក្លាពេកនោះទេ គ្រាន់តែធ្វើយ៉ាងណាឲ្យបានបញ្ចេញញើសមកក្រៅប៉ុណ្ណោះ។ សូមបញ្ជាក់លោកអ៊ំថា បញ្ហាពុកឆ្អឹង មិនមានផលប៉ះពាល់ដល់ជំងឺលើសឈាមរបស់លោកអ៊ំទេ គ្រាន់តែ ករណីខ្លះអាចមានផលវិបាកពីការប្រើប្រាស់ថ្នាំ ដូចនេះលោកអ៊ំត្រូវគោរពតាមវេជ្ជបញ្ជា និងជួបគ្រូពេទ្យប្រសិនបើមានរោគសញ្ញាខុសធម្មតាណាមួយកើតឡើង។
បកស្រាយដោយ ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត សុខ ជួរ ប្រធានផ្នែកជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាប្រធានសមាគមជំងឺបេះដូងកម្ពុជា