2018-04-12 · 4,827 ដងមើល
អនុវត្តវិធានការទាំងនេះ ដើម្បីការពារខ្លួនអ្នក និងមនុស្សជាទីស្រលាញ់ពីបញ្ហាសុខភាពផ្សេងៗ...
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងសុខាភិបាល ក៏ដូចជា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា ការធ្វេសប្រហែសក្នុងការទទួលទានចំណីអាហារដែលខ្វះអនាម័យ ការចម្អិនអាហារ និងទុកដាក់ចំណីអាហារមិនបានត្រឹមត្រូវ អាចបណ្តាលឲ្យពុល ដែលភាគច្រើនអាចបង្កចេញជារោគសញ្ញាដូចជា ៖ ក្អួត ចង្អោរ រាក រាកមួលជាដើម ហើយអាចបណ្តាលឲ្យឈឺ និងមានគ្រោះថ្នាក់ដល់ជីវិត។
ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះដែរ នាយកដ្ឋានក៏មានការព្រួយបារម្ភចំពោះបញ្ហាសុខភាពរបស់ប្រជាជាន ហេតុដូចនេះហើយ ដើម្បីបង្ការនូវគ្រោះថ្នាក់ខាងលើ ក៏ដូចជាចៀសវាងការខាតបង់ពេលវេលា និងថវិកា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមជម្រាបជូននូវវិធានការសម្រាប់អនុវត្តដែលរួមមានដូចខាងក្រោម ៖ ១. ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាតជានិច្ច ២. ត្រូវលាងដៃនឹងសាប៊ូ មុនពេល និងអំឡុងពេលរៀបម្ហូបអាហារ មុននិងក្រោយពេលបន្ទោបង់ ៣. លាងបន្លែ ផ្លែឈើឲ្យបានស្អាត មុនបរិភោគ ៤. សម្អាតសម្ភារៈប្រើសម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ ៥. ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ ៦. ទុកដាក់អាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា ៧. មិនត្រូវរក្សាអាហារទុកជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ ក.បើយើងរក្សាអាហារទុកក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព៥អង្សាសេ ខ.បើយើងរក្សាអាហារទុកក្នុងប្រព័ន្ធកម្តៅ គឺត្រូវឲ្យលើសពីសីតុណ្ហភាព៦០អង្សាសេ ៨. កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់ប្រើប្រាស់.
ស្របពេលជាមួយគ្នានេះផងដែរ នាយកដ្ឋានក៏សូមលើកទឹកចិត្តដល់សាធារណជនទូទៅ សូមធ្វើការអនុវត្តតាមដំបូន្មានឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួន និងមនុស្សជាទីស្រលាញ់ ពីបញ្ហាសុខភាពផ្សេងៗក្នុងឱកាសពីធីបុណ្យប្រពៃណីជាតិនេះ...
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ ១១៥ (មិនគិតថ្លៃពីគ្រប់ប្រព័ន្ធ)
ប្រភព ៖ គេហទំព័រ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង