2018-07-19 · 4,827 views
SACCHAROMYCES BOULARDII ៖ សារធាតុចម្បងមួយរបស់ឱសថ Bioflor
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
Saccharomyces boulardii ជាឈ្មោះប្រភេទផ្សិតល្អ (Yeast) ម៉្យាងដែលគេយកវាមកប្រើប្រាស់ជាសារធាតុសកម្មនៅក្នុងឱសថ Bioflor សម្រាប់ការព្យាបាល ការពារ និងធ្វើឲ្យប្រសើរឡើងវិញចំពោះជំងឺរាកដែលបណ្តាលមកពីមូលហេតុនានា ជាពិសេសសម្រាប់កុមារ។
សកម្មភាពរបស់ឱសថ ជាមួយសកម្មភាពប្រឆាំងនឹងមេរោគដូចជាបាក់តេរី និងផ្សិតនៅប្រព័ន្ធរំលាយអាហារ ឱសថប្រូប៊ីយ៉ូទិច Bioflor (Saccharomyces boulardii) ត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺដូចជា៖ • រាកស្រួចស្រាវ • ជំងឺរលាកប្រព័ន្ធរំលាយអាហារ • រាកបណ្តាលមកពីការធ្វើដំណើរ • រាកបណ្តាលមកពីការប្រើប្រាស់ថ្នាំផ្សះ។ល។
កម្រិត និងការប្រើប្រាស់ • ចំពោះឱសថគ្រាប់៖ លេបម្តង ១ ឬ២ គ្រាប់ ១ ទៅ ២ដងប្រចាំថ្ងៃ ដោយប្រើប្រាស់ជាមួយទឹក • ចំពោះឱសថជាម្សៅ៖ ប្រើប្រាស់ម្តង ១ ទៅ២កញ្ចប់ អាចប្រើ ១ ទៅ២ដងប្រចាំថ្ងៃដោយលាយវាជាមួយទឹក ឬអាហារ ហើយចៀសវាងលាយជាមួយទឹកត្រជាក់ ឬក្តៅពេក ឬសារធាតុអាល់កុល។ ផលរំខានរបស់ឱសថ ឱសថអាចនឹងផ្តល់ជាផលរំខាននានាមួយចំនួន ប៉ុន្តែមិនញឹកញាប់នោះទេ ដែលមានដូចជា៖ • ហើមពោះ • កន្ទួលក្រហម រមាស់ • វិលមុខធ្ងន់ធ្ងរ • ផ្សិតនៅក្នុងឈាម (មានភាពកម្រ)។
អន្តរកម្មឱសថ ឱសថ Saccharomyces boulardii អាចនឹងថយចុះប្រសិទ្ធភាពក្នុងករណីប្រើប្រាស់ក្នុងពេលដូចគ្នាជាមួយឱសថប្រឆាំងមេរោគផ្សិតផ្សេងទៀតដូចជា Fluconazole (Diflucan), Terbinafine (Lamisil), Itraconazole (Sporanox)។ល។
បម្រុងប្រយ័ត្ន • ចំពោះកុមារ៖ អាចអនុញ្ញាតឲ្យប្រើប្រាស់ Saccharomyces boulardii តែភាគច្រើនជំងឺរាកចំពោះកុមារត្រូវការ ការប្រឹក្សាជាមួយវេជ្ជបណ្ឌិតមានជំនាញ • ចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូន៖ មិនមានការបញ្ជាក់ច្បាស់លាស់ពីសុវត្ថិភាពក្នុងការប្រើប្រាស់ឱសថនោះទេ ដូច្នេះស្រ្តីមានផ្ទៃពោះគួរការពារខ្លួន និងចៀសវាងការប្រើប្រាស់ដោយខ្លួនឯង • ចំពោះអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ៖ គួរមានការប្រុងប្រយ័ត្នពីព្រោះការប្រើប្រាស់ឱសថ Saccharomyces boulardiiនេះ អាចបណ្តាលឲ្យមានផ្សិតនៅក្នុងឈាម • ចំពោះអ្នកមានប្រតិកម្មជាមួយផ្សិត៖ គួរចៀសវាងប្រើប្រាស់ឱសថនេះ ប្រសិនមានបញ្ហាអាល្លែកហ្ស៊ីជាមួយសារធាតុដែលមានវត្តមានពពួកផ្សិត។
គួរបញ្ជាក់ផងដែរឱសថ Saccharomyces boulardii ដែលកំពុងត្រូវបានប្រើប្រាស់ក្នុងទម្រង់ទាំងឱសថគ្រាប់ និងម្សៅមានឈ្មោះដូចជា Enterol®, Flomicin, Floratil® ជាដើម។