2018-07-27 · 5,513 ដងមើល
៥យ៉ាង ដើម្បីដងកស្អាតដូចប្រាថ្នា
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ផ្ទៃមុខស្រស់ស្អាត ជាក្តីប្រាថ្នារបស់មិត្តនារីគ្រប់រូប តែមនុស្សមួយចំនួនបាន និងកំពុងមើលរំលងផ្នែកមួយដែលវាគួរត្រូវបានថែរក្សាឲ្យដូចផ្ទៃមុខ នោះគឺស្បែកនៅក…៥យ៉ាង ខាងក្រោមនឹងជួយអ្នកសម្រេចក្តីប្រាថ្នានៃការដែលមានដងកស្អាតគួរឲ្យទាក់ទាញ៖
ទឹកក្រូចឆ្មារ ដោយហេតុថានៅក្នុងទឹកក្រូចឆ្មារផ្ទុកអង់ស៊ីមម៉្យាង មានប្រសិទ្ធភាពសម្អាតកោសិកាស្បែកចាស់ៗចេញ ហើយធ្វើឲ្យស្បែកមុខ និងកអ្នកទន់ស្រស់ថ្លា។ ហាន់ក្រូចឆ្មារជាបន្ទះស្តើងៗ បន្ទាប់មកធ្វើការខាត់ ក៏ដូចជាម៉ាស្សាថ្នមៗនៅជុំវិញករបស់អ្នក រួចបិតទុកចោល ២ ទៅ ៣នាទីចាំលាងសម្អាតចេញជាមួយទឹកក្តៅឧណ្ហៗ។ ក្រៅពីនេះ អ្នកក៏អាចយកវាលាយជាមួយទឹកឃ្មុំ និងម្សៅអង្ករ ឲ្យបានជាល្បាយស្មើសាច់មួយលាបហើយទុកចោល ១៥នាទីចាំលាងជម្រះចេញជាការស្រេច។ អ្នកអាចអនុវត្តវិធីសាស្ត្រនេះជារៀងរាល់២ដង ក្នុងមួយសប្តាហ៍។
ប្រេងអូលីវ អ្នកអាចសាកល្បងប្រើប្រាស់ប្រេងអូលីវក្តៅឧណ្ហៗព្រោះវាមានលទ្ធភាពជួយថែរក្សាសុខភាព ពិសេសស្បែកនៅដៃ និងក។ ម៉្យាងវិញទៀត អ្នកអាចលាយជាមួយវីតាមីន A ប្រមាណ ២ ទៅ ៣តំណក់ទៅក្នុងប្រេងអូលីវមុននឹងយកទៅលាបលើស្បែកក និងម៉ាស្សាថ្នមៗ ដើម្បីកាត់បន្ថយស្នាមគ្រើម គន្លាក់ ព្រមទាំងបង្កើនសំណើមនៅក មួយកម្រិត។ លោកអ្នកគួរប្រើប្រាស់ល្បាយប្រេងអូលីវនេះ ត្រឹមតែម្តងក្នុងមួយសប្តាហ៍ ឬហោចណាស់២ដងក្នុងមួយខែ នោះអ្នកនឹងបានឃើញពីប្រសិទ្ធភាពស្ទើរមិនគួរឲ្យជឿ។
ទឹកឃ្មុំ សមាសធាតុផ្សំធម្មជាតិមួយទៀត ដែលលោកអ្នកប្រើប្រាស់ជាញឹកញាប់ ទាំងការទទួលទាន និងថែរក្សាសម្រស់ នោះគឺទឹកឃ្មុំ។ ក្រៅពីញ៉ាំ អ្នកអាចគ្រាន់តែលាបទឹកឃ្មុំទៅលើស្បែកករបស់អ្នកនៅរាល់ពេលព្រឹកព្រលឹម ឬពេលយប់មុនចូលគេង ទុករយៈពេល១០នាទី រួចលាងសម្អាតចេញដោយទឹកត្រជាក់។ ជម្រើសមួយទៀតលោកអ្នកអាចលាយស៊ុតពណ៌សជាមួយទឹកឃ្មុំហើយលាបនៅលើស្បែកករបស់អ្នករយៈពេល២០នាទី បន្ទាប់មកលាងជម្រះដោយទឹកត្រជាក់ និងសាប៊ូដើម្បីបំបាត់ក្លិនរបស់ស៊ុតពណ៌សជាការស្រេច។ ប្រទាលកន្ទុយក្រពើ ប្រទាលកន្ទុយក្រពើ គឺជាធាតុផ្សំធម្មជាតិដ៏អស្ចារ្យមួយប្រភេទទៀត ដែលត្រូវបានប្រើនៅក្នុងរូបមន្តសម្រាប់ថែរក្សាស្បែកឲ្យភ្លឺរលោង រក្សាសំណើម ព្យាបាលមុន និងបន្ថយស្នាមជ្រួញ។ អ្នកអាចហាន់វាជាបន្ទះស្តើងៗដូចដែលអ្នកធ្លាប់ធ្វើវាបិតលើមុខដូចគ្នា ឬបង្កើតជាល្បាយ លាយជាមួយទឹកឃ្មុំ និងស៊ុតពណ៌ស ក្រឡុកចូលគ្នាឲ្យសព្វ បន្ទាប់មកលាប និងម៉ាស្សាថ្នមៗ ទុករយៈពេល១៥ ទៅ ២០នាទី សឹមលាងសម្អាតជាមួយទឹកស្អាត ដោយអ្នកអាចអនុវត្តចន្លោះពី២ទៅ៣ដង ក្នុងមួយសប្តាហ៍។
ផ្លែល្ហុងទុំ ផ្លែល្ហុងមានអង់ស៊ីមធម្មជាតិដែលត្រូវបានគេស្គាល់ថា Papain មានសមត្ថភាពប្រឆាំងនឹងបាក់តេរីព្យាបាលស្បែក ដើម្បីឲ្យស្បែកមានភាពស្រស់ស្អាត និងទន់រលោង។ ដូច្នេះអ្នកអាចប្រើល្ហុងដើម្បីលាងសម្អាតស្បែកមុខ និងក ដោយគ្រាន់តែកិនល្ហុងឲ្យម៉ត់ លាយជាមួយស៊ុតពណ៌ស លាបឲ្យពេញផ្ទៃមុខ និងក រួចទុកប្រហែល១៥នាទី បន្ទាប់មកលាងសម្អាតជាមួយទឹកក្តឧណ្ហៗ។ត្រឹម២ដងក្នុងមួយសប្តាហ៍ នោះអ្នកនឹងដឹងពីភាពខុសប្លែកដ៏គួរឲ្យទុកចិត្ត។
ទោះបីគ្រឿងផ្សំ៥យ៉ាងខាងលើរក្សាឲ្យអ្នកមានដងកស្អាតហើយយ៉ាងណាក៏ដោយ លោកអ្នកអាចរក្សាភាពស្អាតនេះឲ្យនៅស្ថិតស្ថេរ ដោយគោរពនូវគោលការណ៍រួមខាងក្រោម៖ • ទទួលទានទឹកឲ្យបានយ៉ាងហោចណាស់ ៨ទៅ ១០កែវក្នុងមួយថ្ងៃ • គួរកាត់បន្ថយប្រភេទភេសជ្ជៈដែលមានជាតិអាល់កុល និងកាហ្វេ • បង្កើនការញ៉ាំបន្លែ ផ្លែឈើមានបរិមាណទឹកខ្ពស់ដូចជា ទឹកដូង ឬឪឡឹកជាដើម • ប្រសិនបើស្ថិតនៅតំបន់មានអាកាសធាតុត្រជាក់ គួរស្លៀកពាក់ជិតៗក ឬប្រើកន្សែងរុំក • ប្រើប្រាស់ផលិតផលផ្តល់សំណើមជាប្រចាំដល់ស្បែកករបស់អ្នកឲ្យដូចផ្ទៃមុខផងដែរ។ អ្នកមិនទាន់ហួសពេលក្នុងការចាប់ផ្តើមថែរក្សាស្បែកករបស់អ្នកនោះទេ...តោះ! សាកល្បងពីថ្ងៃនេះ...