2018-09-10 · 10,755 ដងមើល
គ្រោះថ្នាក់នៃគ្រឿងស្រវឹង អ្នកប្រហែលមិនធ្លាប់ដឹង…!
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
គ្រប់ការទទួលទានតែងផ្តល់ឲ្យអ្នកនូវផលវិជ្ជមាន និងផលអវិជ្ជមាន អាស្រ័យលើបរិមាណ និងគុណភាពខុសៗពីគ្នា។ តួយ៉ាងដូចជា ការទទួលទានគ្រឿងស្រវឹង ពិសេសក្នុងបរិមាណច្រើនដែលវាអាចផ្តល់ឲ្យអ្នកនូវផលប៉ះពាល់ភ្លាមៗ និងផលប៉ះពាល់យូរអង្វែងដែលអ្នកអាចកំពុងមើលរំលង…
ផលប៉ះពាល់ភ្លាមៗ • បន្ទាប់ពីញ៉ាំបានពីរបីកែវរួចមក អ្នកទទួលទានអាចមានអារម្មណ៍ធូរស្បើយកាត់បន្ថយការប្រមូលអារម្មណ៍ និងពន្យឺតប្រតិកម្មឆ្លើយតប • ក្រោយមក អ្នកផឹកអាចមានការទប់ទល់ថយចុះ មានជំនឿចិត្ត មានអាកប្បកិរិយាឆ្គាំឆ្គង និយាយឡុលៗ និងមានការរំជួលចិត្ត (ដូចជា កើតទុក្ខ សប្បាយ ឬក្រេវក្រោធ) • បើបន្តទទួលទានទៀត នឹងនាំទៅរកការចង្អោរក្អួត និងរហូតដល់គេងមិនលក់ • ករណីទទួលទានច្រើនជាងនេះទៀត អាចបណ្តាលឲ្យសន្លប់ ឬស្លាប់ក៏មាន • ប្រសិនអ្នកនោះនៅតែផឹកបន្ត គេនឹងមានការច្របូកច្របល់ ស្រវាំងភ្នែក និងសមត្ថភាពបញ្ជាសាច់ដុំចុះខ្សោយ។
ផលប៉ះពាល់យូរអង្វែង ការទទួលទានគ្រឿងស្រវឹងច្រើន និងរយៈពេលយូរ អាចបំផ្លាញសរីរាង្គជាច្រើនដូចជាការខូចខាតដល់ប្រព័ន្ធសរសៃប្រសាទខួរក្បាល បេះដូង និងថ្លើម។ លើសពីនេះ ប្រសិនបើអ្នកផឹកមិនមានអាហារគ្រប់គ្រាន់ក្នុងក្រពះទេនោះ ការទទួលទានគ្រឿងស្រវឹង អាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពកាន់តែខ្លាំង រួមមាន៖ • មហារីកមាត់ បបូរមាត់ បំពង់ក បំពង់អាហារ ថ្លើម • ខូចខាតប្រព័ន្ធប្រសាទខួរក្បាល ដូចជា បាត់បង់ការចងចាំ វង្វេងវង្វាន់ • សម្ពាធឈាមកើនឡើង ជីពចរមិនទៀងទាត់បេះដូងរីក • ចុះខ្សោយ ជាលិកាសាច់ដុំ • បែកញើសត្រជាក់ ស្នាមក្រហម និងជាំនៅលើស្បែក • រលាកក្រពះ ឈាមក្នុងក្រពះ និងដំបៅក្រពះ • ការរីកធំនៃថ្លើម ជំងឺរលាកថ្លើម និងក្រិនថ្លើម • រលាកលំពែង • ស្កៀប និងបាត់បង់ញាណនៅប្រអប់ដៃ និងប្រអប់ជើង • សម្រាប់បុរស ធ្វើឲ្យអសមត្ថភាពផ្លូវភេទការរួញតូចនៃពងស្វាស កាត់បន្ថយ និងខូចខាតដល់មេជីវិត • សម្រាប់ស្ត្រី ប្រឈមមុខនឹងរោគស្ត្រី។
ការស៊ាំ និងការញៀនគ្រឿងស្រវឹង មនុស្សដែលទទួលទានគ្រឿងស្រវឹងច្រើន តែងតែមានភាពស៊ាំនឹងគ្រឿងស្រវឹង ដែលជាលទ្ធផល អ្នកខ្លះអាចទទួលទានគ្រឿងស្រវឹងក្នុងបរិមាណច្រើនដោយមិនស្រវឹង ប៉ុន្តែការប៉ះពាល់សុខភាពនៅតែមាន។ អ្នកទទួលទានគ្រឿងស្រវឹងច្រើនជាទៀងទាត់អាចញៀនផ្លូវកាយ ឬផ្លូវចិត្ត ឬទាំងពីរ។ ជាក់ស្តែងអ្នកដែលញៀនគ្រឿងស្រវឹងផ្លូវចិត្ត យល់ថាការទទួលទានគ្រឿងស្រវឹង មានសារសំខាន់ជាងអ្វីទាំងអស់នៅក្នុងជីវិតរបស់ពួកគេ។ ចំណែកអ្នកដែលញៀនគ្រឿងស្រវឹងផ្លូវកាយ យល់ថារាងកាយរបស់គេដំណើរការបានលុះត្រាតែមានជាតិគ្រឿងស្រវឹង។
អាការៈញៀនគ្រឿងស្រវឹង បើសិនមនុស្សម្នាក់ មានការញៀនគ្រឿងស្រវឹងផ្លូវកាយ ហើយស្រាប់តែឈប់ផឹកគ្រឿងស្រវឹងភ្លាមៗ អ្នកនោះ នឹងលេចចេញនូវអាការៈញៀនដែលរួមមាន បាត់បង់ការឃ្លាន ចង្អោរ ថប់បារម្ភគេងមិនលក់ ឆាប់ច្រឡោតខឹង វង្វេងវង្វាន់ ញ័រនិងបែកញើសត្រជាក់។ ក្នុងករណីធ្ងន់ធ្ងរ អាការៈញៀនគ្រឿងស្រវឹង អាចបណ្តាលឲ្យកន្ត្រាក់ ប្រកាច់ រមួលសាច់ដុំ ក្អួត ភ័ន្តវិញ្ញាណ វិបល្លាស និងអាចរហូតដល់ស្លាប់។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព