2018-09-29 · 5,524 ដងមើល
អ្នកអាចកំពុងប្រឈមនឹង ស្បែកស្ងួតដោយមិនដឹងខ្លួន…
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ភាពស្ងួតនៃស្បែក គឺជាលក្ខខណ្ឌមួយនៃលក្ខខណ្ឌផ្សេងៗទៀតរបស់ស្បែកគ្រប់ប្រភេទដោយ ស្តែងឡើងជាសញ្ញាស្ងួតស្បែក ដែលបណ្តាលមកពីការខ្វះជាតិទឹកនៅស្រទាប់សើស្បែក។ វាកើតមានឡើងទាំងបុរស និងស្ត្រីក្នុងភាគរយប្រហាក់ប្រហែលគ្នា ប៉ុន្តែប្រឈមជាមួយមនុស្សចាស់ច្រើនជាងកូនក្មេង។ ស្បែកស្ងួតច្រើនកើតទៅតាមរដូវកាលដូចជា រដូវត្រជាក់ស្ងួត (រដូវលំហើយ) និងអាចជាជំងឺតំណពូជ។ ភាគច្រើនអ្នកមានបញ្ហាស្បែកស្ងួតអាចស្តែងចេញជាអាការៈមួយចំនួន រួមមាន រមាស់ ឡើងក្រហម ស្ងួត បែកស្រកានិងអាចមានចេញសញ្ញានៃជំងឺតាអក ជាដើម។
អ្វីជាមូលហេតុពីក្រោយភាពស្ងួតនៃស្បែក? បញ្ហាស្បែកស្ងួតបណ្តាលមកពីមូលហេតុចម្បងពីរ គឺ៖ ភ្នាក់ងារខាងក្រៅ • ការលាងសម្អាតច្រើនហួសពេក • បរិយាកាសត្រជាក់ស្ងួត • បរិយាកាសដែលមានសំណើមតិចតួច។ ភ្នាក់ងារខាងក្នុង • តំណពូជ ដូចជាជំងឺ Ichthyosis • ប្រវត្តិជំងឺផ្ទាល់ខ្លួន អាល្លែកហ្ស៊ី តាអក និង បញ្ហាក្រពេញទីរ៉ូអីុត • ការប្រើឱសថយូរអង្វែងដូចជា ទឹកនោមផ្អែមជាដើម។
ក្រៅពីមូលហេតុទាំងពីរខាងលើ បញ្ហាស្បែកស្ងួតអាចមានកត្តាប្រឈមផ្សេងទៀតដូចជា៖ • ការញ៉ាំទឹក និងបន្លែ មិនបានគ្រប់គ្រាន់ ទៀងទាត់ • ការដែលមិនបានហាត់ប្រាណ ដើម្បីឲ្យក្រពេញញើសដំណើរការបានល្អជាដើម • ការទម្លាប់ងូតទឹកក្តៅច្រើនហួសហេតុ • មនុស្សមានវ័យកាន់តែចាស់ ដូចជាស្ត្រីអស់រដូវជាដើម។
ស្បែកស្ងួតខ្លំាងផ្តល់ផលវិបាកដូចម្តេចខ្លះ? ស្បែកដែលមានសភាពស្ងួតខ្លាំង អាចបង្កជាជំងឺសើស្បែកផ្សេងៗទៀតបាន ដែលមានដូចជា៖ • ជំងឺងាយអាល្លែកហ្ស៊ី ជាមួយសារធាតុប្រតិកម្មពីខាងក្រៅ • ជំងឺតាអកស្ងួត • ឆាប់ចាស់ ជ្រីវជ្រួញជាងវ័យ។
ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ការធ្វើរោគវិនិច្ឆ័យទៅលើអ្នកជំងឺដែលមានបញ្ហាស្បែកស្ងួត គឺត្រូវធ្វើឡើងអាស្រ័យលើសញ្ញាគ្លីនិកមួយចំនួន ដូចដែលបានរៀបរាប់ខាងលើ។ គ្រប់លក្ខខណ្ឌនៃស្បែកស្ងួត គួរតែទទួលការព្យាបាលសមស្របទៅតាមសភាពធ្ងន់ធ្ងរ ឬស្រាលរបស់ស្បែក។ ប្រសិនបើមិនទាន់ស្តែងជាជំងឺផ្សេងទេនោះ អ្នកជំងឺត្រូវបានណែនាំឲ្យទទួលទានទឹកឲ្យបានច្រើន និងកាត់បន្ថយការងូតទឹកក្តៅ។ ករណីអ្នកជំងឺលេចចេញជារោគសញ្ញាធ្ងន់ធ្ងរអ្នកជំងឺត្រូវធ្វើការព្យាបាលជាមួយអ្នកជំនាញឯកទេសសើស្បែក ឲ្យបានលឿនបំផុត តាមដែលអាចធ្វើបាន។
វិធីសាស្ត្រការពារខ្លួនពីស្បែកស្ងួត • ត្រូវញ៉ាំទឹកឲ្យបានច្រើន • ចៀសវាងងូតទឹក ឬត្រាំទឹកក្តៅឧណ្ហៗ ញឹកពេក • ចៀសវាងការសម្អាតជាមួយសាប៊ូ ឬសារធាតុកាត់ច្រើនហួសហេតុពេក • បើបរិយាកាសត្រជាក់ ស្ងួត ត្រូវស្លៀកពាក់ក្រាស់ៗ និងជិតៗ • ហាត់ប្រាណឲ្យបានទៀងទាត់។
មិនថាអ្នកមានបញ្ហាស្បែកស្ងួត ឬអ្នកជំងឺស្បែកទូទៅនោះទេ ឲ្យតែពាក់ពន្ធ័នឹងស្បែក ចាំបាច់គួរតែទៅពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យជំនាញសើស្បែក ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវទៅតាមប្រភេទស្បែក និងទាន់ពេលវេលា។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត សារុន សេងហួរ ឯកទេសជំងឺទូទៅ សើស្បែក និងកាមរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត