ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2018-09-29 · 5,065 ដងមើល

Optic Neuritis ការរលាកសរសៃអុបទិក

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

Optic neuritis គឺជាការរលាកសរសៃអុបទិក ដែលជាសរសៃប្រសាទសម្រាប់បញ្ជូនរូបភាពពីគ្រាប់ភ្នែកទៅកាន់ខួរក្បាល។

មូលហេតុ និងកត្តាប្រឈម មូលហេតុដែលបណ្តាលឲ្យមានការរលាកសរសៃអុបទិក  មាន៤ធំៗ៖ •    ការខូចស្រោមខាងក្រៅរបស់សរសៃអុបទិក(ជាមូលហេតុកើតឡើងមានញឹកញាប់ជាងគេ) •    ការបង្ករោគនៅជុំវិញសរសៃអុបទិក •    ការបង្ករោគនៅនឹងសរសៃអុបទិកផ្ទាល់ដោយសារមេរោគផ្សេងៗ •    ការរលាកដែលមិនមែនបណ្តាលមកពីមេរោគ តែភាគច្រើនមកពីជំងឺទូទៅប្រចាំកាយ។ ក្រៅពីនេះ អ្នកដែលមានហានិភ័យខ្ពស់ក្នុងការប្រ​ឈមនឹងជំងឺរលាកសរសៃអុបទិកមាន៖ •    ភាគច្រើនជាស្ត្រី អាយុពី២០ ទៅ៤០ឆ្នាំ •    ជនជាតិស្បែកស •    កត្តាហ្សែនមួយចំនួនដែលនាំឲ្យមានការលាក។

រោគសញ្ញា •    ស្រវាំងភ្នែកម្ខាងភ្លាមៗរហូតដល់មើលមិនឃើញទាំងស្រុង លាយឡំជាមួយការឈឺក្បាល •    ឈឺគ្រាប់ភ្នែក ជាពិសេសនៅពេលធ្វើចលនាភ្នែក •    មានស្រមោលខ្មៅនៅផ្នែកណាមួយនៃការមើលឃើញ •    ឃើញបែកភ្លើងអំពិលអំពែកក្នុងភ្នែក។

ការធ្វើរោគវិនិច័្ឆយ​ រោគវិនិច្ឆ័យនៃជំងឺនេះត្រូវបានធ្វើឡើងតាមរយៈរោគសញ្ញាដែលអ្នកជំងឺ​មានរួមផ្សំជាមួយការពិនិត្យ និងធ្វើតេស្តមួយចំនួន ដូចជា៖ •    ការពិនិត្យភ្នែករកការហើម និងការថយចុះនូវមុខងាររបស់សរសៃអុបទិក •    ការធ្វើតេស្តឈាម និងថត MRI ខួរក្បាល និងខួរឆ្អឹងខ្នង •    ក្នុងករណីខ្លះ គេអាចបូមយកទឹកខួរឆ្អឹងខ្នងយកទៅពិនិត្យផងដែរ។ ការរលាកសរសៃអុបទិក អាចជាសះស្បើយដែរឬទេ ? ការរលាកសរសៃអុបទិក អាចជាសះស្បើយទៅវិញដោយខ្លួនឯង តែការប្រើថ្នាំ Corticosteroid នឹងពន្លឿនការជាសះស្បើយ តែទោះជាការរលាកបានបាត់ទៅវិញក្តី ក៏គំហើញដែលបានបាត់បង់មិនអាចត្រឡប់មកដូចដើម ១០០% ទេ។

ផលវិបាក •    ករណីខ្លះអាចមានការស្វិតសរសៃអុបទិក ទោះបីជាមានការព្យាបាលជាសះស្បើយ ហើយក៏ដោយ ក៏ការបាត់បង់គំហើញរបស់អ្នកជំងឺមិនអាចត្រឡប់មកវិញបាន •    ផលវិបាករបស់ថ្នាំ Corticosteroid ក្រោយការព្យាបាល។

វិធីសាស្រ្តការពារពីការរលាកសរសៃអុបទិក ដើម្បីការពារពីការរលាកសរសៃអុបទិក គឺចៀសវាងពីកត្តាផ្សេងៗដែលអាចឲ្យមានការបង្ករោគដូចជា ការលេងជាមួយសត្វឆ្មា ការបរិភោគអាហារ ឬទឹកមិនស្អាត។ តែក៏មានកត្តាមួយចំនួនដែលមិនអាចចៀសវាងបាន ដូចជាកត្តាហ្សែន  ឬសារពាង្គកាយ ប្រឆាំងនឹងខ្លួនឯងជាដើម។

ជាចុងក្រោយ ខ្ញុំសូមផ្តាំផ្ញើដល់បងប្អូនទាំងអស់ដែលមានបញ្ហាភ្នែក ឲ្យឆាប់ទទួលការពិនិត្យ និង ព្យាបាលដោយគ្រូពេទ្យឯកទេសភ្នែកឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា  ហើយចៀសវាងការបណ្តែតបណ្តោយឲ្យក្លាយទៅជាបញ្ហាធ្ងន់ធ្ងរ ដែលពិបាកព្យាបាល ឬព្យាបាលមិនបាន។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង គ្លីនិកភ្នែក ភ្នំពេញ ០៦១ ៦៦៦៧៧១ ឬ ០៨៦ ៨៨៦៦៧៦ ឬ ០៨៨ ៨៨៦៨៨៣៦ គេហទំព័រ៖ http://www.eye.today

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ហេង សុផល ឯកទេសជំងឺភ្នែក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធាន គ្លីនិកភ្នែក ភ្នំពេញ

​©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ