2018-11-10 · 6,367 ដងមើល
ស្បែកជ្រីវជ្រួញអាចកែខៃបានទេ?
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ស្នាមជ្រួញ ត្រូវបានគេកត់សម្គាល់ឃើញជាញឹកញាប់នៅត្រង់កន្ទុយភ្នែក ថ្ងាស ពិសេសកណ្តាលចិញ្ចើម ជុំវិញបបូរមាត់ ផ្នែកក ប្រអប់ដៃ និងដើមដៃជាដើម។ តើស្នាមជ្រួញទាំងនោះ កើតមានដោយសារអ្វី? តើយើងអាចទប់ស្កាត់ការលេចឡើងនូវស្នាមទាំងនោះបានទេ? ចុះបើកើតហើយ តើអាចធ្វើការព្យាបាលឲ្យបាត់វិញបានទេ?
និយមន័យ និងមូលហេតុបង្កភាពជ្រួញលើស្បែក ភាពជ្រីវជ្រួញ ត្រូវបានគេឲ្យនិយមន័យថាជាលទ្ធផលនៃភាពចាស់របស់ស្បែក ដែលជាទូទៅបណ្តាលមកពីការវិវឌ្ឍនៃវ័យរបស់មនុស្ស ការខ្វះជាតិទឹកនៅលើស្រទាប់ស្បែក ការប៉ះពាល់ជាមួយពន្លឺព្រះអាទិត្យ ការជក់បារី និងការពិសាគ្រឿងស្រវឹងជាដើម។
ក្រៅពីកត្តាដែលបានរៀបរាប់ខាងលើ កត្តាមួយចំនួនទៀត ក៏បានចូលរួមចំណែកក្នុងការជំរុញឲ្យស្បែកវិវឌ្ឍទៅរកភាពជ្រីវជ្រួញផងដែរ ដូចជា៖ • ការសម្តែងសកម្មភាពទឹកមុខមួយចំនួន៖ សើច ឬញាក់មុខ ញាក់មាត់ដដែលៗច្រើនដង • ការប៉ះពាល់ជាមួយកម្តៅថ្ងៃច្រើន • ការប្រើប្រាស់ឡេ ឬម្សៅលាយ ដែលមានសារធាតុកាត់៖ បង្កឲ្យស្បែកបាត់បង់ជាតិទឹក និងធ្វើឲ្យស្បែកស្តើងងាយនឹងខូចពេលប៉ះពាល់ជាមួយកម្តៅថ្ងៃ។
សញ្ញាប្រាប់មុនពីការវិវឌ្ឍទៅរកភាពជ្រីវជ្រួញ មានកត្តាមួយចំនួន ដែលអាចបញ្ជាក់ប្រាប់មុនថាស្បែករបស់យើងកំពុងវិវឌ្ឍទៅរកភាពជ្រីវជ្រួញដូចជា៖ • ជរាភាព • បញ្ហាស្បែកស្ងួត • ការបាត់បង់ភាពយឺតនៃស្បែកជាដើម។
វិធីសាស្ត្រព្យាបាលបញ្ហាស្បែកជ្រីវជ្រួញ បញ្ហាស្បែកជ្រីវជ្រួញអាចធ្វើការស្រោចស្រង់បានតាមរយៈវិធីសាស្ត្រមួយចំនួន ដូចជា៖ • ប្រើប្រាស់ផលិតផលលាបលើស្បែកមួយចំនួនដូចជា ពពួក Topical Retinoids និងប្រភេទឡេផ្តល់សំណើម • ការបញ្ចូលវីតាមីន • ការអ៊ុតស្បែកមុខ • ការភៀលស្បែកមុខ • ការចាក់ Botox ឬបាញ់ឡាស៊ែរ។ ចំពោះអ្នកមានបញ្ហាស្បែកជ្រួញខ្លាំង គេអាចធ្វើការព្យាបាលដោយចាក់បំពេញស្បែកមុខ (Filler)។
វិធីសាស្រ្តការពារពីបញ្ហាជ្រីវជ្រួញ បើទោះបីជាស្បែករបស់យើងវិវឌ្ឍទៅរកភាពជ្រួញតាមវ័យរបស់យើងក៏ដោយ តែក៏មានវិធីសាស្ត្រការពារមួយចំនួន ដែលអាចជួយទប់ស្កាត់នូវល្បឿន នៃការកកើតស្នាមទាំងនេះផងដែរ។ វិធីសាស្ត្រទាំងនោះរួមមាន៖ • ចៀសវាងការត្រូវកម្តៅថ្ងៃខ្លាំង • ញុំាទឹកឲ្យបានច្រើន • ញុំាអាហារសុខភាពឲ្យបានត្រឹមត្រូវ • ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ • ប្រើប្រាស់ឡេផ្តល់សំណើម និងឡេការពារកម្តៅថ្ងៃជាប្រចាំ • គេងឲ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ ៧ ទៅ៨ម៉ោងក្នុងមួយថ្ងៃ • ចៀសវាងការប្រើប្រាស់នូវផលិតផលដែលមានសារធាតុជាតិកាត់ស្បែក • បញ្ឈប់ការជក់បារី និងគ្រឿងស្រវឹង។
គ្រប់យុវវ័យត្រូវចៀសវាងការប្រើប្រាស់ផលិតផលដែលកាត់ស្បែកដូចជា ម្សៅ ឬឡេលាយ ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅថ្ងៃអនាគត។ ប្រសិនបើមានបញ្ហាស្បែកណាមួយ ចាំបាច់គួរទៅពិនិត្យ និងពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញសើស្បែក ឬគ្លីនិកដែលមានជំនាញឲ្យបានទាន់ពេលវេលា។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត ស័ក្ត សេដ្ឋសារក្ស ជំនាញសើស្បែក នៅ អេស វី គ្លីនិក & ឡាស៊ែរ