2018-11-15 · 5,566 ដងមើល
ការវិភាគគីមីឱសថរុក្ខជាតិ និងសមាសធាតុអង់ទីអុកស៊ីដង់ នៃរុក្ខជាតិឱសថមួយចំនួនដែលដុះនៅក្នុងប្រទេសកម្ពុជា
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
រុក្ខជាតិឱសថកម្ពុជាត្រូវបានប្រើប្រាស់ក្នុងការព្យាបាលជំងឺផ្សេងៗដូចជា ជំងឺសរសៃឈាម បេះដូង ជំងឺរលាក ជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺអេដស៍។ ការសិក្សាស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីវិភាគគីមីឱសថរុក្ខជាតិ និងសមាសធាតុអង់ទីអុកស៊ីដង់ជាលក្ខណៈ in vitro ទៅលើ ដើមទាំងមូលកបិលភ័ស្ត ( Bryophyllum pinnatum (Lam.) Kurz) សំបកភ្លូធំ ( Dillenia ovata Wall. ex Hook. f. & Thomson) មើមប៉ប្រក Drynaria fortunei (Kunze ex Mett.) J. Sm. និង សំបកពាន់តាឡី ( Lophopetalum wallichii Kurz.) ដែលមានប្រភពនៅកម្ពុជា។
រុក្ខជាតិទាំងអស់ត្រូវបានធ្វើការចម្រាញ់តាមរយៈវិធីសាស្ត្រត្រាំ ( Maceration Extraction Method ) ដោយអង្គធាតុរំលាយអេតាណុល។ បន្ទាប់មកសារធាតុចម្រាញ់ទាំងអស់នឹងត្រូវបានយកមកធ្វើការវិភាគគីមីឱសថរុក្ខជាតិ ដើម្បីរកសមាសធាតុ Alkaloids, Phenolic Compounds, Tannins, Flavonoids, Coumarins, Steroids, Terpenoids,Cardiac Glycosides, Essential Oils, Saponins និងResins តាមរយៈវិធីសាស្ត្រតេស្តពណ៌។ ការធ្វើតេស្តរកសមាសធាតុអង់ទីអុកស៊ីដង់ ត្រូវបានធ្វើឡើងតាមរយៈវិធីសាស្ត្រ DPPH Assay ។ លទ្ធផលនៃការធ្វើតេស្តពណ៌រកសមាសធាតុគីមីឱសថរុក្ខជាតិបានបង្ហាញឲ្យឃើញថា សារធាតុចម្រាញ់អេតាណុលនៃដើមទាំងមូលកបិលភ័ស្ត សំបកភ្លូធំ មើមប៉ប្រក និងសំបកពាន់តាឡី មានសមាសធាតុឱសថ Alkaloids, Phenolic Compounds, Tannins, Flavonoids, Terpenoids, Cardiac Glycosides, Saponins និង Resins។ លើសពីនេះ សារធាតុចម្រាញ់អេតាណុលនៃដើមទាំងមូលកបិលភ័ស្ត សំបកភ្លូធំ និងមើមប៉ប្រក មានសមាសធាតុឱសថ Coumarins និងSteroids ហើយសំបកពាន់តាឡីមាន Essential Oils។ ការសិក្សាទៅលើសកម្មភាពអង់ទីអុកស៊ីដង់របស់រុក្ខជាតិក៏បានបង្ហាញឲ្យឃើញផងដែរថា ដើមទាំងមូលកបិលភ័ស្ត សំបកភ្លូធំ មើមប៉ប្រក និងសំបកពាន់តាឡី មានសមាសធាតុអង់ទីអុកស៊ីដង់ (សមាសធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរី)។ ការសិក្សាស្រាវជ្រាវបង្ហាញឲ្យដឹងអំពីសក្តានុពលនៃប្រភពអង់ទីអុកស៊ីដង់ធម្មជាតិដែលមាននៅក្នុងដើមទាំងមូលកបិលភ័ស្ត សំបកភ្លូធំ មើមប៉ប្រក និងសំបកពាន់តាឡីរបស់ខ្មែរ។ អនុសាសន៍សម្រាប់ការសិក្សាស្រាវជ្រាវបន្ត គឺការបន្សុទ្ធចេញឲ្យបាននូវ Antioxidant Compounds ពីរុក្ខជាតិទាំងនេះ។
ប្រភពអត្ថបទដោយ និស្សិត និងសាស្ត្រាចារ្យនៃមហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ប្រទេសកម្ពុជា និងដេប៉ាតឺម៉ង់គីមីឱសថសាស្ត្រ នៃសាកលវិទ្យាល័យខនកេន ប្រទេសថៃឡង់៖ កែវ សំអែល , លាង សុនីតា , នី ច័ន្ទសីហា , លឹម សុខានី , ជាន កុសលវល័ក្ខណ៍ , អ៊ឹង ហ៊ុយឃីម , ជុថាម៉ាត មុនីណេត , យ៉ាវ៉ារេដ ឈុលីឃីត និង ជា ស៊ីន