2018-12-04 · 6,659 ដងមើល
បំបាត់ការចម្លងរោគដោយបាក់តេរីជាមួយឱសថ LEVOFLOXACIN
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ជាមួយប្រសិទ្ធភាពបញ្ឈប់ការលូតលាស់របស់បាក់តេរីនៃឱសថ Levofloxacin ត្រូវបានចាត់ចូលនៅក្នុងក្រុមអង់ទីប៊ីយ៉ូទិក Fluoroquinolone សម្រាប់ប្រើប្រាស់ក្នុងការព្យាបាលការបង្ករោគពីបាក់តេរីជាច្រើនប្រភេទ ដោយឡែក ឱសថនេះគ្មានប្រសិទ្ធភាពសម្រាប់ការបង្ករោគដោយពពួកវីរុសដូចជា ជំងឺផ្តាសាយធម្មតា ឬគ្រុនផ្តាសាយនោះទេ។
ការប្រើប្រាស់ឱសថ Levofloxacin ត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលការចម្លងមេរោគពីពពួកបាក់តេរីដែលមាននៅលើ៖ • ស្បែក • ប្រហោងឆ្អឹងច្រមុះ ថ្ពាល់ និងថ្ងាស (Sinuses) • តម្រងនោម • ប្លោកនោម • ក្រពេញប្រូស្តាត • ជំងឺរលាកទងសួត ឬសួត ។ល។
សកម្មភាពរបស់ឱសថ ប្រសិទ្ធភាពសម្លាប់មេរោគរបស់ Levofloxacin ស័ក្តិសមចំពោះបាក់តេរីជាច្រើនប្រភេទ ដែលរួមបញ្ចូលទាំងប្រភេទក្នុងក្រុម Gram-positive និងGram-negative ដោយវាទៅធ្វើការបង្អាក់នូវសកម្មភាពរបស់ DNA gyrase និងTopoisomerase IV របស់បាក់តេរី។ Topoisomerase IV មានតួនាទីក្នុងការបំបែកខ្លួនជាពីររបស់ DNA ចំណែក DNA gyrase រ៉ាប់រងក្នុងការភ្ជាប់គ្នាឡើងវិញនៃខ្សែ DNA របស់បាក់តេរី នោះសកម្មភាពបំបាត់ចោលនៃដំណើរការទាំងពីរនៃឱសថ Levofloxacin បានធ្វើឲ្យការបំបែកខ្លួនរបស់កោសិកាបាក់តេរីមិនអាចប្រព្រឹត្តទៅបាន។ ការស្រូបចូលរបស់ឱសថធ្វើឡើងបានយ៉ាងឆាប់រហ័សជាមួយនឹងកំហាប់ពេញលេញបន្ទាប់ពីការលេបដែលដូចគ្នាទៅនឹងការស្រូបចូលនៃឱសថតាមរយៈការចាក់ ក្នុងរយៈពេលបាន៦០នាទី។ឱសថបានធ្វើការចែកចាយទៅកាន់កោសិការបស់រាងកាយ ដែលកំហាប់បានជ្រាបទៅកាន់ស្បែកក្នុងរយៈពេល៣ម៉ោង បន្ទាប់ពីការលេប ចំណែករយៈពេលនៃការបញ្ចេញចោលពាក់កណ្តាល ធ្វើឡើងបន្ទាប់ពី៦ទៅ៨ម៉ោង តាមរយៈទឹកនោម។
កម្រិត និងរបៀបប្រើប្រាស់ ចំនួនកម្រិត ចន្លោះពេល និងរយៈពេលនៃការប្រើប្រាស់ឱសថ Levofloxacin ត្រូវផ្អែកលើស្ថានភាព និងប្រភេទជំងឺសម្រាប់បុគ្គលម្នាក់ៗ ដែលជាទូទៅ៖ • សម្រាប់មនុស្សពេញវ័យ៖ កម្រិតប្រើប្រាស់ចាប់ពី ២៥០មីលីក្រាម ទៅ ៧៥០ មីលីក្រាមក្នុងមួយថ្ងៃ • សម្រាប់កុមារ៖ ត្រូវមានការណែនាំពីសំណាក់វេជ្ជបណ្ឌិត។
គួរប្រើប្រាស់ឱសថឲ្យបានត្រឹមត្រូវទៅតាមវេជ្ជបញ្ជា និងទៀងទាត់ ទើបរោគសញ្ញាអាចចាប់ផ្តើមធូរស្រាល។ ផ្ទុយទៅវិញ ការប្រើប្រាស់ថ្នាំផ្សះមិនបានត្រឹមត្រូវ ឬមិនគ្រប់ចំនួន អាចបង្កឲ្យជំងឺបែរជាមានភាពស៊ាំទៅនឹងឱសថបាន។
ផលរំខានឱសថ ឱសថអាចបង្កជាផលរំខានទូទៅមួយចំនួនដូចជា ចង្អោរ ទល់លាមក រាក ឈឺក្បាល ឬធីងធោង ជាដើម ហើយម៉្យាងទៀតអ្នកគួរបញ្ឈប់ការប្រើប្រាស់ភ្លាមៗ ប្រសិនសង្កេតឃើញមានរោគសញ្ញា៖ • ឈឺពោះ ឬរាកខ្លាំង • ចង្វាក់បេះដូងញាប់ ដង្ហើមខ្លី • មានសញ្ញាកន្ទួលក្រហមលើស្បែក • ច្របូកច្របល់ រវើរវាយ ឬបាក់ទឹកចិត្ត • ឈឺសាច់ដុំ • មានបញ្ហាចង្វាក់ដង្ហើម • រាងកាយចុះខ្សោយភ្លាមៗ។
អន្តរកម្មឱសថ ឱសថមួយចំនួនអាចទៅបន្ថយប្រសិទ្ធភាពរបស់ Levofloxacin ក្នុងករណីប្រើប្រាស់ក្នុងពេលជាមួយគ្នាដូចជា៖ • ឱសថប្រឆាំងការចេញជាតិអាស៊ីត (Antacids) ដែលមានសារធាតុផ្សំពី ម៉ាញ៉េស្យូម ឬអាលុយមីញ៉ូម ដូចជា Maalox Mylanta ឬ Rolaids • ឱសថ Didanosine (Videx) ក្រោមទម្រង់ជាម្សៅ ឬគ្រាប់ដែលអាចទំពាបាន • ពពួកវីតាមីន ឬថ្នាំបំប៉នដែលមាន អាលុយមីញ៉ូម ដែក ម៉ាញ៉េស្យូម ឬស័ង្កសី ជាសារធាតុផ្សំ។
ក្នុងករណីប្រើប្រាស់ឱសថខាងលើក្នុងពេលជាមួយគ្នា អ្នកគួរលេបឱសថ Levofloxacin ២ ម៉ោងមុន ឬក្រោយ។ គួរបញ្ជាក់ផងដែរ ឱសថ Levofloxacin ដែលអ្នកអាចរកបាននៅលើទីផ្សារអាចមានឈ្មោះដូចជា Leflox ឬLevocin ជាដើម។