2018-12-05 · 10,190 ដងមើល
ដំបៅដែលមិនងាយជាសះស្បើយ…
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ដំបៅដែលមិនងាយជាសះស្បើយ ឬដំបៅរ៉ាំរ៉ៃ សំដៅដល់ដំបៅដែលមិនបានសះជា បន្ទាប់ពីរយៈពេល៤សប្តាហ៍ ឬ៨សប្តាហ៍។ បញ្ហាទាំងនេះកើតមានក្នុងករណី ដំបៅនៅលើជើងចំពោះអ្នកជំងឺទឹកនោមផ្អែម ដំបៅក្លាយដែលទាក់ទងនឹងសរសៃវ៉ែន ដំបៅមិនជាបណ្តាលមកពីការវះកាត់ និងដំបៅមកពីជំងឺមេតាបូលីសជាដើម។
សំណួរ៖ ឪពុករបស់ខ្ញុំអាយុ ៤០ឆ្នាំ កម្ពស់ ១ម៉ែត្រ៦៧ ទម្ងន់ ៦៥ គីឡូក្រាម ជាអាជីវករ។ រាល់ពេលដែលគាត់មានការមុតរលាត់ស្បែកម្តងៗ គឺមិនងាយនឹងជាសះស្បើយឡើយទោះបីគាត់បានលាងរបួស និងលាបថ្នាំបានត្រឹមត្រូវក៏ដោយ។ តើនេះអាចជាបញ្ហាណាមួយមិនប្រក្រតីឬទេ? តើគាត់គួរធ្វើដូចម្តេច?
ចម្លើយ៖ ទាក់ទងនឹងករណីដូចដែលបានរៀបរាប់មូលហេតុនៃបញ្ហាអាចអាស្រ័យនឹងសុខភាពផ្ទាល់របស់ឪពុកប្អូន ដោយរួមទាំងជំងឺមួយចំនួនដែលធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់គាត់ចុះខ្សោយ ឧទាហរណ៍ គាត់អាចមានជំងឺទឹកនោមផ្អែមដោយមិនបានដឹងខ្លួន ឬជំងឺផ្សេងៗទៀតដែលធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ជាទូទៅ ករណីស្បែកមានបញ្ហារបួសចំពោះអ្នកដែលមានសុខភាពធម្មតារបួសអាចនឹងជាសះស្បើយដោយខ្លួនឯងទោះបីជាមិនមានការប្រើប្រាស់ឱសថក៏ដោយ។ តែក្នុងករណីដែលរបួសនោះមិនងាយនឹងជាទៅវិញ អ្នកជំងឺត្រូវគិតលើកត្តាផ្ទាល់ខ្លួនមួយចំនួនដូចជា ការមានជំងឺណាមួយ ឬធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់ដំណើរការនៃការជាសះស្បើយនៃរបួស ដូចជាការសម្អាតរបួសមិនបានត្រឹមត្រូវឬការកេះរបួសជាដើម។ ដូចនេះ ឪពុករបស់ប្អូនគួរអញ្ជើញទៅពិនិត្យសុខភាពទូទៅ ដើម្បីដឹងថាគាត់មានជំងឺណាមួយដែលផ្តល់ជាផលវិបាកនេះឬទេ និងគួរមកជួបជាមួយនឹងវេជ្ជបណ្ឌិតជំនាញផងដែរ ដើម្បីទទួលបានការណែនាំអំពីការព្យាបាល ព្រមទាំងការថែទាំរបួសឲ្យបានត្រឹមត្រូវ។ អ្នកគួរធ្វើតាមការណែនាំទាំងអស់នេះ ជាជាងការរង់ចាំឲ្យរបួសនោះជាសះស្បើយដោយខ្លួនឯង ដោយសារពេលខ្លះវាអាចវិវឌ្ឍទៅជាដំបៅក្លាយដែលមិនងាយនឹងជាសះស្បើយឡើយ។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចាន់ វិចិត្រ ឯកទេសសើស្បែក និងឡេសឺរ មានតួនាទីជាអនុប្រធាន មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមគ្រូពេទ្យសើស្បែកកម្ពុជា