2018-12-26 · 7,135 ដងមើល
ការវិភាគគីមីឱសថសត្វសមុទ្រ និងការវិភាគដោយប្រើក្រូម៉ាតូក្រាបភីស្រទាប់ស្តើងនៅក្នុងសារពាង្គកាយទាំងមូលនៃសេះសមុទ្រ ដែលមានប្រភពនៅក្នុងប្រទេសកម្ពុជា
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
សេះសមុទ្រ ឬឈ្មោះវិទ្យាសាស្ត្រ “Hippocampus borboniensis Duméril” គឺជាសត្វសមុទ្រដែលស្ថិតក្នុងគ្រួសារ Syngnathidae ដែលត្រូវបានគេនិយមប្រើប្រាស់ជាឱសថជំនួយក្នុងការមានគភ៌ បណ្តុះសក់ និងប្រើប្រាស់ជាឱសថក្នុងការព្យាបាល ជំងឺហឺត និងជំងឺរលាកសន្លាក់។ ការស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីធ្វើតេស្តរកសមាសធាតុឱសថនិងកំណត់ចំនួនឱសថដែលមាននៅក្នុងសារពាង្គកាយទាំងមូលនៃសេះសមុទ្រដែលមានប្រភពនៅក្នុងប្រទេសកម្ពុជា។ សារពាង្គកាយទាំងមូលនៃសេះសមុទ្រស្ងួតត្រូវបានយកមកពីហាងលក់ឱសថបុរាណក្នុងស្រុក ហើយត្រូវបានផ្ទៀងផ្ទាត់ជាមួយនឹងសំណាកសត្វសមុទ្រ (កូដៈ UPFOPMP-120001) ដែលតម្កល់ទុកនៅក្នុង “តិណាល័យសាកលវិទ្យាល័យពុទ្ធិសាស្ត្រ” (UP-Herbarium)។ សារពាង្គកាយទាំងមូលនៃសេះសមុទ្រស្ងួតត្រូវបានយកមកធ្វើការចម្រាញ់ដោយអង្គធាតុរំលាយអេតាណុល តាមរយៈវិធីសាស្ត្រចម្រាញ់ “Ultrasonication-Assisted Extraction (UAE)”។ រូបធាតុចម្រាញ់ដែលទទួលបាន ត្រូវបានត្រៀមទុកសម្រាប់ធ្វើតេស្តគីមីឱសថ និងធ្វើតេស្តក្រូម៉ាតូក្រាបភីស្រទាប់ស្តើង។ លទ្ធផលនៃការធ្វើតេស្តគីមីឱសថត្រូវបានរកឃើញថា សារពាង្គកាយទាំងមូលនៃសេះសមុទ្រស្ងួតមានសមាសធាតុឱសថ Alkaloids, Phenolic Compounds,Flavonoids និងEssential Oils ។ ចំណែកឯការវិភាគលើក្រូម៉ាតូក្រាបភីស្រទាប់ស្តើងនៃសារពាង្គកាយទាំងមូលនៃសេះសមុទ្រស្ងួត នៅជំហ៊ានរលកចន្លោះពី 254-366 nm និង 10%-H2SO4 នៅក្នុង “Mobile Phase” Toluene:Methanol (9:1) យើងបានញែកឱសថសរុបទាំងអស់ចំនួន ១០ អង្គធាតុឱសថ។ ព័ត៌មាននៃសមាសធាតុឱសថដែលមាននៅក្នុងសារពាង្គកាយទាំងមូលនៃសេះសមុទ្រស្ងួតនេះ បញ្ជាក់អំពីគុណសម្បត្តិឱសថដែលមាននៅក្នុងសេះសមុទ្ររបស់កម្ពុជា។ មិនតែប៉ុណ្ណោះ វាគឺជាព័ត៌មានគ្រឹះសម្រាប់អ្នកវិទ្យាសាស្ត្រជំនាន់ក្រោយ ប្រសិនបើមានបំណងចង់បន្តការស្រាវជ្រាវពាក់ព័ន្ធនឹងការបំបែកសមាសធាតុឱសថចេញពីសេះសមុទ្ររបស់កម្ពុជា។
អត្ថបទដោយ៖ កែវ សំអែល, ហេន ថារី, អេង ស៊ីវម៉ីយ, លី សុដាលីន, អ៊ឹង ហ៊ុយឃីម, នី ច័ន្ទសីហា និង ជា ស៊ីននិស្សិត និងសាស្ត្រាចារ្យមហាវិទ្យាល័យឱសថសាស្ត្រ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ