2019-03-28 · 7,338 ដងមើល
ឧស្សាហ៍ស្រវាំងភ្នែកអាចពាក់ព័ន្ធនឹងជំងឺអ្វី?
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
អាការៈស្រវាំងភ្នែក ឬងងឹតមុខ អាចកើតមានឡើងម្តងម្កាលនៅពេលរាងកាយមានការប្រែប្រួល ឬខ្វះខាតនូវសារធាតុចិញ្ចឹមណាមួយ ប៉ុន្តែប្រសិនរោគសញ្ញាទាំងនេះស្តែងឡើងជាញឹកញាប់ និងកាន់តែធ្ងន់ធ្ងរ នោះវាអាចមានហេតុផលនៅពីក្រោយមួយចំនួនដែលទាមទារការពិគ្រោះយោបល់ និងប្រឹក្សាពីគ្រូពេទ្យឯកទេស។
សំណួរ៖ ខ្ញុំបាទមានអាយុ ៣៥ឆ្នាំ កម្ពស់ ១ម៉ែត្រ៦៤ទម្ងន់៦៤គីឡូក្រាម មកពីខេត្តសៀមរាប។ ខ្ញុំឧស្សាហ៍មានអាការៈស្រវាំងភ្នែក ហើយពេលខ្លះដូចជាមានអ្វីនៅដាមជាប់ភ្នែកមើលមិនច្បាស់ ដែលបញ្ហានេះច្រើនកើតមាននៅពេលដែលខ្ញុំក្រោកពីអង្គុយម្តងៗ ហើយថែមទាំងងងឹតមុខទៀតផង។ តើបញ្ហានេះបណ្តាលមកពីមូលហេតុអ្វី? តើគួរដោះស្រាយដោយវិធីណា?
ចម្លើយ៖ ទាក់ទងនឹងអាការៈឧស្សាហ៍ស្រវាំងភ្នែកនិងមានដាមជាប់ភ្នែកមើលមិនច្បាស់ វាមិនអាចជាសញ្ញានៃជំងឺអ្វីមួយឲ្យពិតប្រាកដនោះទេ ប៉ុន្តែអាចជាអាការៈមួយនៃការលើសជាតិស្ករ។ ដូចនេះ យកល្អប្អូនគួរតែអញ្ជើញទៅពិនិត្យឈាម ដើម្បីស្រាយនូវរាល់ចម្ងល់ និងអាការៈនេះ។ ផ្ទុយទៅវិញ ចំពោះបញ្ហាដែលក្រោកពីអង្គុយម្តងៗស្រាប់តែងងឹតមុខរបស់ប្អូននោះ គឺមូលហេតុអាចកើតឡើងដោយសារការដឹកនាំឈាមទៅចិញ្ចឹមខួរក្បាលមិនបានគ្រប់គ្រាន់។ គួរបញ្ជាក់ថា ប្រសិនបើអាការៈបែបនេះកើតឡើងចំពោះមនុស្សចាស់ ឬអ្នកដែលមានអាយុច្រើននោះ គាត់អាចនឹងតម្រូវឲ្យធ្វើការថតឆ្លុះសរសៃឈាមរកសញ្ញានៃការត្បៀតសរសៃឈាម។ ដោយឡែក ក្នុងករណីរបស់ប្អូនមានអាយុតិច ការត្បៀតសរសៃឈាមមិនសូវកើតឡើងនោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្អូននឹងតម្រូវឲ្យពិនិត្យសុខភាពទូទៅ ក្នុងបំណងរកឲ្យឃើញថាមានជំងឺណាមួយដែលផ្តល់ជាផលវិបាកទាំងនេះ និងគួរតែមកជួបជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលបានការណែនាំអំពីការព្យាបាលឲ្យបានត្រឹមត្រូវ។
បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ឯកទេសជំងឺបេះដូងប្រធានអ៊ុយនីតេជំងឺបេះដូងនៃ មន្ទីរពេទ្យកាល់ម៉ែត