2019-08-06 · 5,501 ដងមើល
តើអ្នកស្គាល់ជំងឺផ្ដាសាយកម្រិតណា?
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ដោយសារតែភាពរំខាននានាជាច្រើននៃជំងឺផ្ដាសាយបានបង្ខំឲ្យអ្នកជំងឺមួយចំនួនសម្រេចចិត្តសម្រាកនៅផ្ទះ ជាជាងការចេញទៅក្រៅ ឬបំពេញការងារផ្សេងៗ ដោយរង់ចាំឲ្យស្ថានភាពជំងឺបានប្រសើរឡើងវិញជាមុនសិន។ ជាក់ស្ដែង ផ្ដាសាយអាចចាត់ទុកបានជាជំងឺសាមញ្ញ តែអ្នកប្រហែលមិនដឹងទេថាវាអាចមានភាពស្មុគស្មាញ និងអាថ៌កំបាំងដែលអ្នកមិនធ្លាប់បានដឹង។
ក្នុងករណីលេចចេញសញ្ញាសាមញ្ញដូចជា ហៀរសម្បោរ ក្ដៅខ្លួន ឬស្ងួតបំពង់ក នោះអាចបញ្ជាក់បានថាអ្នកកំពុងរងការវាយលុកពីជំងឺផ្ដាសាយ។ ជាធម្មតាអាការៈផ្ដាសាយទាំងនោះអាចនឹងមានភាពធូរស្បើយ និងធ្វើឲ្យអ្នកមានអារម្មណ៍ប្រសើរឡើងវិញបន្ទាប់ពីរយៈពេល ២ ទៅ ៣ថ្ងៃក្រោយ។
លក្ខណៈជំងឺផ្តាសាយ វាជាជំងឺមួយដែលបណ្តាលមកពីការចម្លងរោគដ៏តូចមួយដែលគេហៅថា វីរុស។ ជំងឺផ្តាសាយបណ្ដាលមកពីវីរុសជាង ២០០ ប្រភេទ ប៉ុន្តែជំងឺទូទៅ និងបង្កឡើងញឹកញាប់បំផុតគឺពពួក Rhinovirus ដែលទទួលខុសត្រូវយ៉ាងហោចណាស់ ៥០% នៃជំងឺផ្តាសាយ។ វីរុសផ្សេងៗទៀតដែលអាចបង្កឲ្យមានជំងឺផ្តាសាយ រួមមានមេរោគ Coronavirus, Respiratory syncytial virus, Parainfluenza និងជំងឺគ្រុនផ្តាសាយ។ នៅពេលមេរោគទាំងនោះឆ្លងតាមរយៈច្រមុះ និងបំពង់ក ប្រព័ន្ធការពាររាងកាយរបស់អ្នកនឹងធ្វើការប្រឆាំងជាមួយការចម្លងនោះដោយបង្កើតបានជាការរលាកនិងមានសម្បោរហើយអ្នកជំងឺថែមទាំងអាចមានអាការៈអស់កម្លាំង ឬល្ហិតល្ហៃទៀតផង។
ការចម្លង វីរុសផ្តាសាយអាចឆ្លងចូលក្នុងខ្លួនរបស់អ្នកតាមរយៈមាត់ ភ្នែក ច្រមុះ ឬបំពង់ក។ វីរុសអាចរាលដាលតាមរយៈតំណក់តូចៗនៅលើអាកាសនៅពេលមនុស្សម្នាក់ក្អកបន្ទាប់មកធ្វើការរីករាលដាលទៅកាន់មនុស្សម្នាក់ទៀតបានយ៉ាងងាយ។ ជំងឺនេះក៏អាចឆ្លងតាមការប៉ះពាល់ផ្ទាល់ដៃជាមួយអ្នកជំងឺ ឬដោយការចែករំលែកវត្ថុកខ្វក់ដូចជាឧបករណ៍ប្រើប្រាស់ កន្សែងឧបករណ៍ក្មេងលេង ឬទូរស័ព្ទ។ល។
រោគសញ្ញាជំងឺផ្តាសាយ រោគសញ្ញានៃជំងឺផ្តាសាយជាធម្មតានឹងកើតមានឡើងពី ១ថ្ងៃទៅ ៣ថ្ងៃបន្ទាប់ពីការប៉ះពាល់នឹងវីរុសដែលបង្កឲ្យមានជំងឺផ្តាសាយ។ រោគសញ្ញាអាចប្រែប្រួលពីមនុស្សម្នាក់ទៅម្នាក់ ដែលជាទូទៅរោគសញ្ញាទាំងនោះមានដូចជា៖ • ឈឺក • ហៀរសម្បោរ ឬតឹងច្រមុះ • ក្អក • កណ្តាស់ • ឈឺក្បាល ឬឈឺខ្លួន។
ចំណែករោគសញ្ញាធ្ងន់ធ្ងរអាចមានដូចជា គ្រុនក្តៅឬឈឺសាច់ដុំ ដែលអាចជាសញ្ញាជំងឺផ្តាសាយធ្ងន់ (Flu) ជាជាងជំងឺផ្តាសាយធម្មតាហើយមនុស្សភាគច្រើននឹងមានភាពប្រសើរឡើងវិញក្នុងរយៈពេល ៧ ទៅ ១០ថ្ងៃ។
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០