ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2019-11-15 · 3,478 ដងមើល

Vestibular neuritis៖ ជំងឺត្រចៀកដែលធ្វើឲ្យអ្នកបាត់បង់លំនឹង

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 3

ជំងឺ Vestibular neuritis ជាពាក្យបច្ចេកទេសសំដៅដល់ការចុះខ្សោយប្រព័ន្ធ Vestibular នៃត្រចៀកផ្នែកខាងក្នុងភ្លាមៗ ដោយជាទូទៅឈឺចាប់តែម្ខាងប៉ុណ្ណោះ។ នាពេលបច្ចុប្បន្នក្នុងប្រទេសកម្ពុជា ជំងឺនេះអាចចោទជាបញ្ហាមួយចំនួនផងដែរ នៅក្នុងផ្នែកត្រចៀក ច្រមុះ និងបំពង់ក ហើយក៏មិនមានស្ថិតិណាបញ្ជាក់ឲ្យបានច្បាស់លាស់នៅឡើយទេ។ ដោយឡែក ជំងឺ Vestibular neuritis នេះច្រើនកើតចំពោះបុរស និងស្រ្តីដូចគ្នា ហើយជាទូទៅច្រើនកើតលើអ្នកដែលមានអាយុ ៣០ ទៅ៤០ឆ្នាំឡើងទៅ។

មូលហេតុ និងកត្តាជំរុញ ចំពោះជំងឺ Vestibular neuritis មិនមានមូលហេតុដែលបង្កឲ្យកើតច្បាស់លាស់នៅឡើយទេ ប៉ុន្តែដោយមានការសិក្សាស្រាវជ្រាវនិងតាមការសន្និដ្ឋានមួយដ៏ចម្បងគឺបណ្តាលមកពីពពួកវីរុស។ ក្រៅពីមូលហេតុចម្បងខាងលើក៏មានកត្តាជំរុញមួយចំនួនដូចជា កត្តាសរសៃឈាម និងការឆ្លើយតបរបស់អង់ទីក័រដែលអាចធ្វើឲ្យមានបញ្ហានេះកើតឡើងផងដែរ។

រោគសញ្ញា ជាទូទៅ ប្រព័ន្ធ Vestibular គឺជាអ្នករ៉ាប់រងក្នុងការជូនព័ត៌មានទៅកាន់ខួរក្បាលដើម្បីរក្សាលំនឹង ប៉ុន្ដែនៅពេលប្រព័ន្ធនេះរងការរលាក នោះអាចលេចចេញជារោគសញ្ញាសម្គាល់ខុសពីធម្មតាដូចជា៖ វិលមុខខ្លាំងរយៈពេលយូរ ក្អួត ចង្អោរ មិនមានប៉ះពាល់ដល់ការស្តាប់ និងពុំមានរោគសញ្ញាប្រព័ន្ធប្រសាទផ្សេងៗទៀតឡើយ។

ការធ្វើរោគវិនិច្ឆ័យ ចំពោះជំងឺនេះគេអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការពិនិត្យទៅលើរោគសញ្ញាគ្លីនិក។ ម៉្យាងវិញទៀតយើងអាចពិនិត្យបានតាមរយៈតេស្តនៃការស្តាប់ការធ្វើតេស្តមើលគ្រាប់ភ្នែក និងពេលខ្លះត្រូវការធ្វើ MRIបន្ថែមទៀតដែរ។

វិធីសាស្រ្តព្យាបាល នៅពេលអ្នកជំងឺបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺ Vestibular neuritis គ្រូពេទ្យនឹងធ្វើការព្យាបាលដោយការប្រើប្រាស់ថ្នាំ និងការធ្វើចលនាជាដើម។ គួរបញ្ជាក់ថា ករណីនេះការព្យាបាលតម្រូវឲ្យទៀងទាត់ និងត្រឹមត្រូវព្រោះអ្នកជំងឺមិនអាចទ្រាំទ្រនឹងរោគសញ្ញារបស់ជំងឺនេះបានឡើយ។ លើសពីនេះទៀតផលវិបាកមួយចំនួនដែលអាចនឹងកើតមានដូចជាធីងធោង វិលមុខ និងមានបញ្ហាការមើលរបស់ភ្នែក។

វិធីសាស្រ្តការពារ តួយ៉ាង ដោយសារតែជំងឺនេះមិនមានមូលហេតុច្បាស់លាស់ ដូច្នោះពុំមានវិធីសាស្រ្តណាមួយដើម្បីការពារនោះឡើយ។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋទាំងអស់មានអាការៈវិលមុខខ្លាំង សូមប្រញាប់ស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវជាមួយវេជ្ជបណ្ឌិតឯកទេសដើម្បីទទួលបានប្រសិទ្ធភាព និងសុវត្ថិភាព។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត សេង ឡុង​ ឯកទេសត្រចៀក ច្រមុះ និងបំពង់កនៃ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ​ ៨៤

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ