2017-03-20 · 4,372 ដងមើល
ជ្រុះសក់ច្រើនពីមួយថ្ងៃទៅមួយថ្ងៃ?
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
នាងខ្ញុំឈ្មោះ ក.ស.គ អាយុ២៣ឆ្នាំ ទម្ងន់៤៨ កម្ពស់១ម៉ែត្រ៥៦ ជានិស្សិត។ ខ្ញុំធ្លាប់ជ្រុះសក់ពីមុន តែក្រោយពេល ប្រើប្រាស់ថ្នាំនិងផលិតផលតាមការណែនាំរបស់គ្រូពេទ្យ បញ្ហានេះក៏បានស្បើយជាងមុន។ ប៉ុន្តែបច្ចុប្បន្ននេះ សក់របស់ខ្ញុំ ចាប់ផ្តើមជ្រុះច្រើនទៀតរហូតច្រើនជាង១០០សរសៃក្នុងមួយថ្ងៃ ហើយសមាជិកក្នុងគ្រួសារខ្ញុំសុទ្ធតែជ្រុះសក់។ តើបញ្ហាជ្រុះសក់នេះអាចព្យាបាលដូចម្តេច? តើកូឡាជែនមានប្រយោជន៍អ្វីសម្រាប់សុខភាពសក់?
ចម្លើយ៖ ការជ្រុះសក់លើសពី 100 សរសៃក្នុង1ថ្ងៃនេះអាចចាត់ទុកជាបញ្ហាដែលត្រូវទទួលបានការព្យាបាលយ៉ាងត្រឹមត្រូវបំផុត និងឲ្យបានឆាប់រហ័ស។ រីឯបញ្ហាដែលសមាជិកទាំងអស់ក្នុងគ្រួសារសុទ្ធតែជ្រុះសក់អាចទាក់ទងនឹងតំណពូជ ឬជីវភាព និងការរស់នៅក្នុងគ្រួសារទាំងមូល ដែលតម្រូវឲ្យគ្រូពេទ្យ ត្រូវស្រាវជ្រាវពីបញ្ហានេះឲ្យបានច្បាស់លាស់ និងត្រូវព្យាបាលជាបន្ទាន់ទៅតាមមូលហេតុនៃការជ្រុះសក់។ ចំពោះសារធាតុ កូឡាជែន ជាប្រូតេអុីនដែលមាន២៥%នៃប្រូតេអុីនដែលស្រាប់នៅក្នុងខ្លួនរបស់យើងពីធម្មជាតិ ហើយវាដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាភាពហាប់ណែនរបស់ស្បែក ធ្វើឲ្យមានភាពស្រស់ស្អាតនិងរក្សាភាពក្រាស់របស់ស្បែក ក៏ដូចជាចូលរួមក្នុងការលូតលាស់របស់សក់ផងដែរ។ ដោយឡែកបរិមាណរបស់កូឡាជែននឹងថយចុះទៅតាមអាយុ នាំឲ្យស្បែកមានភាពជ្រីវជ្រួញ បាត់បង់ភាពយឺត សក់ស្តើង សក់ស សក់លែងសូវដុះជាដើម។ ដូចនេះការប្រើប្រាស់កូឡាជែនពីខាងក្រៅតាមការលេបឬលាបអាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ហើយចំពោះសក់ផ្ទាល់អាចមានដូចជា ចិញ្ចឹមគល់សក់ សរសៃសក់ក្រាស់ កាត់បន្ថយការជ្រុះសក់ ធ្វើឲ្យសក់ខ្មៅ កាត់បន្ថយសក់បែកចុង និងសក់មានសំណើម។
បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត យិន វុឌ្ឍី ម្ចាស់គ្លីនិកសើស្បែក ប៊ីស៊ី I (បឹងកេងកង) និង II (ទួលគោក)