ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-03-24 · 5,157 ដងមើល

ទទួលបានភ្នែកស្អាតនិងទាក់ទាញដោយមិនចាំបាច់ចំណាយថវិកាច្រើន

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

ភ្នែកស្អាតដោយមិនបាច់តុបតែងចំណាយថវិកាច្រើនលើផលិតផលតុបតែងមុខមែនទេ? ទោះជាទិញ ក៏ពិបាកសម្រេចចិត្តថាត្រូវទិញផលិតផលណាមួយដើម្បីឲ្យត្រូវនឹងស្បែកមុខដែរ។ ឥឡូវនេះអស់កង្វល់ហើយ ហេលស៍ថាមនឹងធ្វើឲ្យភ្នែកអ្នកស្រស់ស្អាតដោយមិនចាំបាច់ប្រើប្រាស់របស់ទាំងនោះទៀតទេ។

១.របៀបធ្វើឲ្យភ្នែកមើលទៅស្អាតនិងទាក់ទាញតាមបែបធម្មជាតិ

☻ ពត់រោមភ្នែក ៖ ប្រើប្រដាប់ពត់រោមភ្នែក មកកៀបត្រង់គល់រោម ចំនួន១០វិនាទី បន្ទាប់មកកៀបចំ          កណ្តាល និងចុងរោមភ្នែក។ ធ្វើដូចនេះធ្វើឲ្យរោមភ្នែកកោងដូចធម្មជាតិ។ ប្រសិនបើមិនមានប្រដាប់ពត់រោមភ្នែកទេនោះ អ្នកអាចសាកល្បងវិធីងាយៗដូចខាងក្រោម៖ • ផ្លុំម្រាមដៃរបស់អ្នកឲ្យមានកំដៅ ហើយយកទៅសង្កត់រោមភ្នែកអ្នកយ៉ាងថ្នមចំនួន១០វិនាទី និងធ្វើដដែលៗ។ • យកស្លាបព្រាដាក់ក្នុងទឹកក្តៅល្មម រួចយកខ្នងស្លាបព្រាមកសង្កត់រោមភ្នែកអ្នក រួចយកដៃទៅពត់ម្តង។ • អ្នកក៏អាចយកច្រាស់ដុសធ្មេញដែលត្រាំទឹកក្តៅឧណ្ហៗមកសិតរោមភ្នែកអ្នកឡើងទៅលើផងដែរ។

☻ កោរតម្រឹមចិញ្ចើម ៖ ចិញ្ចើមមានតួនាទីយ៉ាងសំខាន់សម្រាប់លើកទម្រង់មុខ។ ចិញ្ចើមអាចធំ ឬក៏រាងតូចទៅតាមទម្រង់មុខរបស់យើងម្នាក់ៗ។ហេតុនេះយល់ល្អ អ្នកអាចរកអ្នកដែលមានបទពិសោធន៍ឬហាងផាត់មុខដើម្បីឲ្យគេជួយកោរនិងតម្រឹមចិញ្ចើមរបស់អ្នក ធ្វើបែបនេះ លើកក្រោយអ្នកអាចដករោមចិញ្ចើមដែលដុះលើសថ្មីៗដោយខ្លួនឯងបាន។

☻ ប្រើថ្នាំបន្តក់ភ្នែក ៖ បើភ្នែករបស់អ្នកមិនស្រស់ថ្លា ឬនឿយហត់ ប្រាកដណាស់ថាមើលទៅមិនស្អាតនោះទេ មិនត្រឹមតែភ្នែក តែគឺសម្រស់ផ្ទៃមុខទាំងមូលតែម្តង។ ការប្រើប្រាស់ថ្នាំបន្តក់ភ្នែកក្នុងករណីដែលភ្នែកមិនមានបញ្ហាធ្ងន់អាចជួយឲ្យភ្នែកធូរស្រាលនិងមានពន្លឺភ្លឺថ្លាឡើងវិញ។

២. ថែរក្សាស្បែកនៅជុំវិញភ្នែក ☻ គេងឲ្យបានគ្រប់គ្រាន់ ចៀសវាងការឡើងស្នាមខ្មៅនៅក្រោមភ្នែក។ ☻ ម៉ាស្សាស្បែកនៅជុំវិញភ្នែកអ្នកថ្នមៗ ដើម្បីចៀសវាងការឡើងហើមនៅជុំវិញភ្នែក។ ☻ ប្រើប្រាស់គ្រីម ជំនួយដល់ស្បែកនៅជុំវិញភ្នែក។ ការជ្រើសរើសប្រភេទគ្រីមដែលត្រូវនឹងស្បែករបស់អ្នកពិតជាសំខាន់។ ដូច្នេះអ្នកគួរតែប្រុងប្រយ័ត្ន ក្នុងការជ្រើសរើស និងចៀសវាងគ្រីមណាដែលប្រេងពេក ឬក៏ស្អិតពេក ដែលនឹងអាចធ្វើឲ្យកោសិកាចាស់ៗមិនមានឱកាសនឹងជ្រុះចេញ។ ☻ អ្នកអាចប្រើចំណិតត្រសក់មកគ្របពីលើភ្នែកដើម្បីធ្វើឲ្យភ្នែកមើលទៅស្រស់ថ្លា ឬក៏យកកញ្ចប់តែឆុងហើយ រួចទុកចោលឲ្យបាត់ក្តៅយកមកស្អំលើភ្នែកដើម្បីបំបាត់ភ្នែកដែលហើមជាដើម។

សម្រាប់សុភាពនារី ដែលនិយមចូលចិត្តសម្រស់ស្អាតៗតាមបែបធម្មជាតិ សូមសាកល្បងអនុវត្តតាមវិធីខាងលើល៎មើល ហើយរីករាយជាមួយលទ្ធផលជាទីគាប់ចិត្តតាមបែបងាយៗទាំងអស់គ្នា។