2017-04-08 · 6,801 ដងមើល
៥ កន្លែងពិសេសៗសម្រាប់មិត្តនារីៗញ៉ាំអាហារជុំគ្នា
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
និយាយថាចង់ញ៉ាំអីនៅឯណាល្ងាចនេះ? ប្រាប់ឲ្យចំៗណា កុំបែបថា «ញ៉ាំអីក៏បាន» អាណិតគ្នាអ្នកសួរ។ កន្លែងញ៉ាំមានច្រើនសន្ធឹក តែវិលមុខរាល់លើកឲ្យតែសួរគ្នាថាចង់ញ៉ាំអី មិនថាពេលនៅជុំគ្នាស្រីៗ ឬនៅពេលបុរសៗ date ក៏ដោយ។ តែបន្ទោសគ្នាមិនបានទេ មិនមែនកន្លែងទាំងអស់សុទ្ធតែស័ក្តិសមនឹងនារីឯណា ពិសេសនៅឱកាសផ្សេងៗគ្នា ត្រូវតែកន្លែងមានលក្ខណៈខុសគ្នាដែរ។ ក្នុងខែមីនានេះ ជាខែរបស់នារីល្មម ហេតុនេះហេលស៍ថាមនឹងឆ្លៀតណែនាំកន្លែង៥ប្រភេទដែលជឿថានារីៗភាគច្រើនចូលចិត្ត។
កន្លែងល្អៗបែបខាងក្រោមនេះនារីៗយើងម៉េចនឹងអាច say no នោះ? អញ្ចឹងហើយ ចាំកាលទៀត sis?
1. កន្លែងដែលអាចរក្សាភាពឯកជនបានដូចជានៅ Jaru • ហេតុអ្វី? ជាកន្លែងដែលអ្នកអាចញ៉ាំរបៀបជាខ្លួនអ្នកបានមិនបាច់រៀបឫកពារច្រើន ហើយថែមទាំងអាចជួបជុំនិយាយគ្នាយ៉ាងស្រួល និងរក្សាភាពឯកជនរបស់អ្នកបានយ៉ាងល្អ។ • ប្រភេទអាហារ? អាហារកូរ៉េស្ទាយ អូប៉ា (oppa) ដូចជាសាច់អាំងកូរ៉េច្រើនប្រភេទ ស៊ុបគីមឈី និងជាច្រើនទៀត ហើយអ្នកក៏ប្រហែលជានឹកដល់soju ស្រាសរកូរ៉េដែរមែនទេ? • បរិយាកាស? កន្លែងដែលមានភាពស្ងប់ស្ងាត់ល្មម ជាមួយភ្លេងកំដរតិចៗ អំពូលភ្លើងពណ៌ទឹកក្រូច ជាមួយនឹងតុប្រភេទមានជញ្ជាំងខ្លីៗបាំងពីតុមួយទៅមួយ។ ទីតាំង៖ ផ្ទះលេខ៣៥ ផ្លូវ២២៥ និងផ្ទះលេខ១៥ ផ្លូវ២៨២ ភ្នំពេញ។
2. ផ្អែម ត្រជាក់ គួរឲ្យស្រឡាញ់ដូចជា Bingsu នៅ Be.k Dessert & Coffee • ហេតុអ្វី? មិនត្រឹមតែកាលីប តែក៏គួរឲ្យស្រឡាញ់ផងដែរសម្រាប់សុភាពនារីដែលញ៉ាំព្រិលទឹកកកឈូស(អាចញ៉ាំម្នាក់ឯង ឬក៏ចែករំលែកគ្នា) ម្យ៉ាង វាក៏ផ្អែមត្រជាក់ចិត្ត និងស្រួលញ៉ាំផងដែរ។ • អាហារ? អាហារ នំ និងភេសជ្ជៈជាច្រើនមុខ និងជាពិសេសគឺព្រិលទឹកកកឈូស (bingsu) មួយចានធំ មើលទៅស្រក់ទឹកមាត់ជាមួយការតុបតែងប្លែកៗដូចជាកំពូលភ្នំទឹកកក។ • បរិយាកាស? ទីកន្លែងធំទូលាយ តុបតែងស្អាត កន្លែងអង្គុយមានផាសុកភាព បុគ្គលិករួសរាយរាក់ទាក់យ៉ាងពិសេសតែម្តង។ ទីតាំង៖ ផ្ទះលេខ១៦ ផ្លូវ306 បឹងកេងកង១ ភ្នំពេញ ។
3. រសជាតិធម្មជាតិ ស្រស់ស្រាយ ល្អចំពោះសុខភាពនិងសម្រស់នៅ Juicy Mercy • ហេតុអ្វី? ព្រោះអ្នកនឹងអាចអួតមិត្តភក្តិថានេះជារបៀបដែលធ្វើឲ្យអ្នកស្រស់ស្អាតបែបនេះនោះអី! មិនចាំបាច់ខ្លាចធាត់ ហើយញ៉ាំឆ្អែត ព្រមទាំងបានស្អាត និងសុខភាពល្អទៀតផង។ • អាហារ? ទឹកផ្លែឈើនិងបន្លែស្រស់ ធ្វើភ្លាមៗរួមផ្សំជាមួយគ្រឿងផ្សំល្អៗជាច្រើនទៀត ដែលមាន រូបមន្តសារធាតុចិញ្ចឹមខុសៗគ្នា ព្រមទាំងមានជាប្រភេទអាហារសុខភាពផ្សេងៗផងដែរ។ • បរិយាកាស? ផាសុកភាព និងស្រស់ស្រាយ ថែមទាំងអាចអង្គុយមើលទេសភាពតាមជញ្ជាំងកញ្ចក់របស់ហាងផងដែរ។ ទីតាំង៖ TK និង Raintree ជាន់ផ្ទាល់ដី ភ្នំពេញ។
4. Girls night out (ជុំគ្នាលក្ខណៈស្រីៗ) ដូចជានៅ Chill Pub • ហេតុអ្វី? សប្បាយ មិនអ៊ូអរពេក មិនរញ៉េរញ៉ៃ ជាពិសេសមាន live តន្រ្តីពិរោះៗ ហើយថែមទាំងមានសុវត្ថិភាពផងដែរ។ • អាហារ? អាហារច្រើនប្រភេទ មុខម្ហូបមិនសាមញ្ញ រសជាតិក៏មិនសាមញ្ញ ពិសេសគឺCocktail ដាក់ថូប្លែកៗគួរឲ្យចាប់អារម្មណ៍។ • បរិយាកាស? កន្លែងអំណោយផលសម្រាប់ការជួបជុំគ្នា មានជាតុអង្គុយបត់ជើងលើសាឡុង និងតុធម្មតា ថែមទាំងអាចស្រូបខ្យល់ធម្មជាតិបានផងដែរ។ ទីតាំង៖ បរិវេណផ្សារទំនើបអ៊ីអន។
5. រ៉ូមែនទិច និងដ្រាម៉ា ដូចជានៅ Maline (sky bar) • ហេតុអ្វី? អាចរំសាយអារម្មណ៍តានតឹងជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ល្មម ហើយក៏អាចឲ្យអ្នកចំណាយពេលដ្រាម៉ាជាមួយខ្លួនឯងបានយ៉ាងល្អ ថែមទាំងជាកន្លែងដ៏រ៉ូមែនទិចផងដែរ។ • អាហារ? អាហារបែបខ្មែរ អឺរ៉ុប និងអាហារសម្រន់ផ្សេងៗ ព្រមទាំងមាន Cocktails និងភេសជ្ជៈជាច្រើនមុខផងដែរ។ • បរិយាកាស? ម៉ាអ៊ែមជាមួយភាពស្រស់ស្អាតពីអគារខ្ពស់រំលេចដោយភ្លើងពណ៌ ខ្យល់អាកាសលើដំបូលបរិសុទ្ធ អាងទឹកឆ្លុះជាមួយភ្លើងពណ៌ និងមានភ្លេងកំដរផងដែរ។ ទីតាំង៖ ផ្ទះលេខ១៦ AB ផ្លូវ២១៤ ភ្នំពេញ។