2017-04-22 · 10,565 ដងមើល
កីឡាករបាល់ទាត់គួរត្រៀមអ្វីខ្លះ?
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
សម្រាប់កីឡាករបាល់ទាត់ សម្ភារៈគ្រប់គ្រាន់ជាផ្នែកមួយសំខាន់ផងដែរ។ អ្នកអាចនឹងមិនត្រូវការវាទាំងអស់ ពេលដែលអ្នកគ្រាន់តែលេងវាជាលក្ខណៈសប្បាយរីករាយ ឬប្រកួតលេងៗជាមួយមិត្តភក្តិ។ ប៉ុន្តែប្រសិនបើក្នុងការប្រកួតលក្ខណៈជាក្រុមក្នុងកន្លែងធ្វើការ ឬសាលារៀន ដើម្បីដណ្តើមយកជ័យជំនះ និងមុខមាត់នោះ គ្រូបង្វឹកនឹងមិនអនុញ្ញាតឲ្យអ្នកចូលលេងឡើយ បើអ្នកមិនមានសម្ភារៈគ្រប់គ្រាន់នោះ។ សម្ភារៈមិនត្រឹមតែបង្ហាញពីការរៀបចំ និងទំនួលខុសត្រូវរបស់អ្នកប៉ុណ្ណោះទេ វាក៏អាចឲ្យអ្នកលេងដោយអស់ពីលទ្ធភាព ដោយមិនចាំបាច់បារម្ភពីគ្រោះថ្នាក់ ឬរបួសអ្វីនោះឡើយ... ស្បែកជើង ៖ កីឡាករបាល់ទាត់គួរតែពាក់ស្បែកជើងការ៉ាំប៉ុង(Cleats) ឬស្បែកជើងបាល់ទាត់ធម្មតា ហើយស្បែកជើងបាល់ទាត់ក៏ត្រូវបានរចនាឡើងជាពិសេសជាមួយនឹងបាតដ៏ពិសេស។ ស្បែកជើងទាំងនោះជួយដល់ទំនាញនៅលើស្បែក ដែលជួយបង្កើនសមត្ថភាពរបស់កីឡាករឲ្យមានលំនឹងឈរបានល្អ។
ស្រោមជើង ៖ ស្រោមជើងមានប្រវែងវែង និងការពារខ្មងជើង។
ប្រដាប់ការពារខ្មង ៖ វាជួយការពារខ្មងជើងរបស់កីឡាករ ដែលជាកន្លែងដែលងាយនឹងត្រូវបានទាត់ចំ ឬរងរបួសជាងគេ។ អ្នកគួររកជាវមួយណាដែលមានទំហំល្មមនឹងជើងរបស់អ្នក និងមានកម្រាស់ក្រាស់ល្មម ហើយម្យ៉ាងក៏គួរស៊ីនឹងស្រោមជើងផងដែរ។
បាល់ ៖ បើអ្នកមានបាល់ផ្ទាល់ខ្លួន ក៏ងាយស្រួលដល់ការហ្វឹកហាត់ដោយខ្លួនឯងដែរ។ ដោយបាល់មានទំហំខុសៗពីគ្នា ដែលត្រូវបានផលិតឡើងសម្រាប់អ្នកលេងក្នុងវ័យខុសគ្នា។
ទឹក ឬភេសជ្ជៈប៉ូវកម្លាំង ៖ កីឡាករត្រូវការជាតិទឹកច្រើន ហើយត្រូវតែទទួលទានទឹកច្រើនទាំងក្នុងពេលប្រកួត និងហាត់ ដើម្បីបំបាត់នូវភាពនឿយហត់។ មិនថាជាទឹកបរិសុទ្ធ ឬទឹកកម្លាំងសម្រាប់កីឡាករនោះទេ អ្នកគួរតែត្រៀមវាទុកសម្រាប់ទទួលទាន។
កម្តៅសាច់ដុំ និងសន្លាក់ ៖ អ្នកមិនអាចទៅដល់ក៏ចូលលេងភ្លាមនោះទេ ព្រោះអ្នកងាយនឹងប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ ជាពិសេសរមួលសាច់ដុំ ឬឈឺចុកសន្លាក់ជាដើម។
រក្សាភាពរឹងមាំ ៖ បើអ្នកមានសុខភាពមិនល្អ គួរតែកុំចូលលេងអី ដើម្បីចៀសវាងរបួសធ្ងន់ធ្ងរ ឬភាពនឿយហត់។ កុំប្រឹងហួសកម្រិតពេក ត្រូវគិតពីលទ្ធភាព និងលក្ខខណ្ឌសុខភាពរបស់ខ្លួន។
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។