ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-04-28 · 9,597 ដងមើល

បំបាត់ស្នាមជ្រួញតាមបែបធម្មជាតិ

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

ស្នាមជ្រីវជ្រូញជាដំណើរបែបធម្មជាតិមួយដែលកើតមានឡើងដោយសារតែស្រទាប់កូឡាជែន(collagen) និង អេឡាស្ទីន(elastin) ក្នុងជាលិកាភ្ជាប់នៃស្បែកប្រែក្លាយជាទន់ខ្សោយ និងលែងដំណើរការ ព្រោះតែមានការផ្លាស់ប្តូរក្នុង fibro blasts ដែលផលិត collagen និង elastin ។ មូលហេតុផ្សេងទៀតដែលបង្កជាស្នាមជ្រួញនៅលើផ្ទៃមុខមានដូចជា ការទទួលរងកម្តៅព្រះអាទិត្យ​ច្រើនពេក បរិយាកាសមិនល្អ ការប្រើប្រាស់ឱសថមួយចំនួន ភាពតប់ប្រមល់ការស្រកទម្ងន់ភ្លាមៗ ការបាត់បង់វីតាមីន E ជាដើម។ វាបានក្លាយជាកង្វល់របស់មនុស្សប្រុសស្រីនិងជាពិសេសមិត្តនារីដែលស្រលាញ់ភាពស្រស់ស្អាត គឺប្រាកដជាមិនចង់ឲ្យផ្ទៃមុខរបស់ខ្លួនមាននូវស្នាមជ្រួញអស់ទាំងនោះនោះទេ។ ប្រសិនបើអ្នកក៏មានកង្វល់ចំពោះបញ្ហានេះដែរ អត្ថបទរបស់ ហេលស៍ថាម មួយនេះនឹងជាដំណោះស្រាយដ៏មានគុណប្រយោជន៍របស់អ្នក។

ប្រេងអូលីវ ៖ ប្រេងអូលីវ គឺជាប្រេងម៉ាស្សាដ៏អស្ចារ្យមួយសម្រាប់ស្បែករបស់អ្នក ដោយសារតែវាជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជាវីតាមីន A និង Eដែលប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់ដែលបំផ្លាញស្បែក។ វិធីធ្វើ និងប្រសិទ្ធភាព ការលាបប្រេងអូលីវជាទៀងទាត់ត្រង់ស្បែកដែលរងផលប៉ះពាល់ នឹងផ្តល់​សំណើម ជួសជុល   ព្រមទាំងបង្កើតកោសិកាស្បែកផងដែរ។ នៅពេលដែលប្រេងដែលជ្រាបចូលជ្រៅទៅក្នុងស្បែក វានឹងបង្កើតជារបាំងការពាររយៈពេលវែង ហើយរក្សាសំណើម។​ មិត្តអ្នកអានក៏ អាចធ្វើការលាយពីរបីដំណក់នៃទឹកឃ្មុំជាមួយប្រេងអូលីវចំនួនមួយពីរបីដំណក់ រួមជាមួយ និងគ្លីសេរីន។ ម៉ាស្សាល្បាយនេះចូលទៅក្នុងស្បែកឲ្យបានពីរដងជារៀងរាល់ថ្ងៃ។ ប្រសិទ្ធភាពរបស់​វា គឺលុបបំបាត់ចោលនូវកោសិកាដែលបានងាប់និងជួយរឹតបន្តឹងស្បែកដែលយារធ្លាក់។ អ្នកក៏អាចធ្វើការម៉ាស្សាជាមួយនឹងប្រេងដូង ប្រេងអាល់ម៉ុនឬប្រេងវីតាមីន E ដែលបង្ការ ឬកាត់បន្ថយភាព ជ្រីវជ្រួញ។

ប្រទាលកន្ទុយក្រពើ ៖ ប្រទាលកន្ទុយក្រពើមាន​ផ្ទុកនូវអាស៊ីតម៉ាលិក ដែលជួយកាត់បន្ថយស្នាមជ្រីវជ្រួញ ដោយការសម្រួលដល់ភាពយឺតនៃ​ស្បែករបស់អ្នក។

វិធីធ្វើ និងប្រសិទ្ធភាព កាត់ស្លឹកប្រទាលកន្ទុយក្រពើពីដើម ហើយយកជ័រចេញ ហើយយកជ័រនោះទៅលាបលើស្បែក បន្ទាប់មកទុកវាចោល​រយៈ​ពេលពី 15 ទៅ  20 នាទ ី រួចធ្វើការលាងចេញជាមួយទឹកក្តៅឧណ្ហៗ។ ជម្រើសមួយទៀតគឺ ធ្វើការលាយ​ស្លជែលនេះ មួយស្លាបព្រាកាហ្វេជាមួយនឹងថ្នាំគ្រាប់វីតាមីន E ។ លាបល្បាយនេះត្រង់កន្លែងដែលមានស្នាមជ្រីវជ្រួញ ទុកវាចោល​រយៈ​ពេល​កន្លះម៉ោង ហើយសឹមលាងវាចេញជាមួយទឹកក្តៅឧណ្ហៗ។

ខ្ញី ៖ ខ្ញីមានប្រសិទ្ធភាពខ្លាំងជាងគេក្នុងការប្រឆាំង​នឹងភាពជ្រីវជ្រួញ   ដោយសារតែវាសំបូរដោយសារធាតុដែលប្រឆាំងនឹងអុកស៊ីតកម្ម។ លើសពីនេះ​ទៅទៀត​ វាជួយទប់ស្កាត់ការបំបែកElastin។ វិធីធ្វើ និងប្រសិទ្ធភាព លាយខ្ញីឈូសមួយចឹប ជាមួយនឹងទឹកឃ្មុំមួយស្លាបព្រា។  ធ្វើការទទួលទានល្បាយនេះ ជារៀងរាល់ព្រឹក ឬផឹកតែខ្ញីពីរដង ជារៀងរាល់ថ្ងៃ។

ចេក ៖ ចេកសម្បូរនូវវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលប្រយុទ្ធប្រឆាំងនឹងមូលហេតុនៃភាពជ្រីវជ្រួញ និងស្នាមផ្សេងៗ។ប្រើប្រាស់វិធីនេះពីរដងក្នុងមួយសប្តាហ៍ នឹង​ធ្វើឲ្យ​ស្បែកមើលទៅក្មេងខ្ចី និងព្យាបាលស្នាមជ្រួញតាមបែបធម្មជាតិ។

វិធីធ្វើ និងប្រសិទ្ធភាព ប៉ន់ចេកទុំពីរផ្លែចូលគ្នាឲ្យម៉ដ្ឋ ហើយធ្វើការបិតត្រង់កន្លែងដែលមានស្នាម-ជ្រួញ  ដោយទុកវាចោលឲ្យបានយ៉ាងហោចណាស់មួយម៉ោងកន្លះ រួចសឹមលាងវាចេញជាមួយទឹកក្តៅឧណ្ហៗ។ អ្នកក៏គួរប្រើផលិតផលផ្តល់ សំណើមដល់ ស្បែកអមជាមួយផង។ លោកអ្នកក៏អាចលាយចេកដែលប៉ន់ហើយ ជាមួយនឹងផ្លែប៊័រ រួមជាមួយទឹកឃ្មុំបន្តិចផងដែរ។ លាបវានៅលើ ស្បែក ហើយទុកវាចោលប្រមាណ 20 នាទី និងបន្ទាប់មកលាងវាចេញ។

ការ៉ុត  ៖ ការ៉ុតមានផ្ទុកនូវបរិមាណច្រើននៃវីតាមីន Aដែលជម្រុញការផលិតនៃ collagen និងជួយ​រក្សា​ឲ្យស្បែករលោង។

វិធីធ្វើ និងប្រសិទ្ធភាព ស្ងោរការ៉ុតធំចំនួនពីរឬបីរហូតដល់ក្លាយជាទន់។ លាយជាមួយទឹកឃ្មុំ​ឲ្យមានជាតិទឹកតិចៗ ហើយធ្វើការលាបផ្ទាល់ទៅលើផ្ទៃមុខ។ទុកវាចោលរយៈពេលប្រមាណមួយ​ម៉ោងកន្លះ ហើយលាងវាចេញ​ជាមួយ​ទឹកក្តៅ​ឧណ្ហៗ។ ជម្រើសមួយទៀតដែលមានប្រសិទ្ធភាពដូចគ្នា គឺការលាយចូលគ្នានូវបរិមាណស្មើគ្នានៃទឹកការ៉ុត និងទឹកឃ្មុំ ជារៀងរាល់ព្រឹកនិងល្ងាចដោយធ្វើការទុកវាប្រហែល 10 នាទីសិនមុនពេល​លាងវាចេញ។ ដូចគ្នានេះផងដែរ ប្រិយមិត្តអាចដាក់បញ្ចូលទាំងការ៉ុតឆៅក្នុងរបបអាហាររបស់អ្នក។

ទឹកក្រូចឆ្មារ  ៖ ទឹកក្រូចឆ្មារ គឺសម្បូរទៅដោយ​អាស៊ីតស៊ីត្រិច ដែលមាននាទីក្នុងការច្រឹប និងកម្ចាត់កោសិកាស្បែកដែលងាប់។ វាធ្វើការជា​ភ្នាក់ងារ​លាងសំអាតមួយនិងភ្នាក់ងារធ្វើឲ្យជាលិកា​រួញស្វិត ដែលនឹងជួយបន្ថយស្នាមជាំ ក៏ដូចជា​ស្នាមជ្រួញ និងស្នាមផ្សេងៗដែលជាសញ្ញាណនៃភាពចំណាស់ ដូចជារង្វង់ខ្មៅងងឹតជាដើម។

វិធីធ្វើ និងប្រសិទ្ធភាព ធ្វើការត្រដុសទឹកក្រូចឆ្មារ​ថ្នមៗ ចូលទៅក្នុងស្បែកមុខ ហើយទុកវាចោល​រយៈពេលប្រមាណ 5 ឬ 10 នាទី ហើយលាងមុខ​ជាមួយនឹងទឹក។ ធ្វើបែបនេះពីរទៅបីដងក្នុងមួយ​ថ្ងៃ។ មិនដូច្នោះទេ លោកអ្នកអាចលាយមួយស្លាប​​ព្រាកាហ្វេៗនៃយ៉ាអួ ទឹកឃ្មុំ ប្រេងវីតាមីន E និងក្រូចឆ្មារ។  លាបវាទៅលើផ្ទៃមុខ  ហើយទុកវារយៈ​ពេល 15 ទៅ 20 នាទីមុនពេលលាងវាចេញ។

ម្នាស់ ៖ ផ្លែម្នាស់មានអង់ស៊ីមដែលលើកកម្ពស់ដល់​ការបត់បែន ឬភាពយឺតនៃស្បែក និងផ្តល់សំណើម​លើស្បែក ព្រមទាំងជួយបំបាត់ចោលនូវកោសិកាស្បែកដែលងាប់ផងដែរ។ ផ្លែឈើប្រភេទនេះក៏​សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិសរសៃ  និងវីតាមីនដែលជួយបង្កើនសុខភាពស្បែក។

វិធីធ្វើ និងប្រសិទ្ធភាព ចៀរយកសាច់ម្នាស់ ហើយជូតនៅលើតំបន់ស្បែកដែលមានស្នាមជ្រួញទាំងនោះ ដោយទុកវាឲ្យទៅជាស្ងួតក្នុងរយៈពេល​ប្រមាណ 20 នាទីហើយសឹមធ្វើការលាងជា​មួយទឹក​ក្តៅ ឬត្រជាក់។ ហើយធ្វើការលាបទឹកម្នាស់លើស្បែកជារៀងរាល់ថ្ងៃក្នុងថិរវេលាប្រាំនាទីមុនពេលលាងចេញ។ នេះគឺជាវិធីប្រកបដោយ ប្រសិទ្ធភាពក្នុងការព្យាបាលរង្វង់ខ្មៅនៅជុំវិញភ្នែក។

ទឹក ៖ ទឹកស្អាត គឺជារូបមន្តតាមបែបធម្មជាតិមួយទៀតដែលមានភាពងាយស្រួល និង​មាន​​ប្រសិទ្ធភាពបំផុតសម្រាប់ការព្យាបាលស្នាមជ្រីវជ្រួញលើស្បែក។ ទឹករក្សាជាតិទឹកក្នុងសារពាង្គកាយ និងរក្សាកម្រិតសំណើមនៅក្នុងស្បែក។ នៅពេលដែលរាងកាយខ្វះជាតិទឹក ស្បែក​របស់អ្នក​នឹង​មើល​ទៅចាស់។

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។