2017-05-05 · 7,837 ដងមើល
កម្ចាត់បញ្ហាផ្ទៃមុខជាមួយក្រែមRETINOID
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
RETINOID គឺជាប្រភេទឱសថ ស្ថិតនៅក្នុងថ្នាក់មានសមាសធាតុគីមីជាពពួកវីតាមីន A ដែលត្រូវបានគេធ្វើឡើងក្រោមទម្រង់ជាក្រែម សម្រាប់ព្យាបាលបញ្ហានៅលើស្បែកមុខ ដូចជា មុន កន្ទួល ខ្មៅ ភាពជ្រីវជ្រួញ និងបញ្ហានានាផ្សេងទៀតដែលកើតលើផ្ទៃមុខ។ សមាសធាតុជាវីតាមីនAបាន ជួយជំរុញការផលិតកោសិកាថ្មីនៃស្បែក ដែលធ្វើឲ្យស្បែកមានសភាពទន់ និងភ្លឺរលោង។
ពពួក Retinoid ដែលគេតែងប្រើប្រាស់មានដូចជា៖ • Retinols • Tretinoin (Retin A®, Avita®, Renova®) • Adapalene (Differen®) • Tazarotene (Tazorac®)
សកម្មភាពរបស់ឱសថ៖ ឱសថប្រភេទ Retinoid មានសកម្មភាពដូចជា៖ • វាជួយពន្លឿនមុខងារស្បែកឲ្យផលិតនូវកោសិកាថ្មីបានឆាប់រហ័ស ជាជាងការលូតលាស់តាមធម្មជាតិ ដោយជាទូទៅការលូតលាស់កោសិកាថ្មីទាមទាររយៈពេល ២៨ថ្ងៃ ប៉ុន្តែឱសថ Retinoid អាចកាត់បន្ថយត្រឹម ១៤ ទៅ ១៦ថ្ងៃ ប៉ុណ្ណោះក្នុងការបង្កើតកោសិកាស្បែកថ្មី។ បន្ថែមពីេនោះវាក៏ចូលរួមចំណែកជំរុញ ការផលិត កូឡាជែននិងសរសៃឈាម ដែលធ្វើឲ្យស្បែកមានសភាពតឹងណែន។ • វាក៏មានសកម្មភាពផងដែរ ក្នុងការជម្រុះកោសិកាដែលខូច ឬកន្ទួលខ្មៅដែលនៅលើផ្ទៃមុខបានឆាប់រហ័ស។
ការប្រើប្រាស់៖ ដោយសារឱសថមានប្រតិកម្មជាមួយនឹងពន្លឺថ្ងៃដូច្នេះគួរលាបក្រែម នៅពេលយប់ ដោយចាំរយៈពេលពី ២០ ទៅ៣០នាទីបន្ទាប់ពីលាងសម្អាតមុខរួច ហើយចៀសវាងប្រើប្រាស់ថ្នាំប៉ះពាល់ដល់ភ្នែក ឬជាលិកាដែលស្តើង។ ផលរំខានរបស់ឱសថ៖ មានផលរំខានដែលតែងកើតជាញឹកញាប់ដូចជា៖ • រលាកស្បែក • ស្បែកឡើងក្រហម • ស្បែកស្ងួត • មានប្រតិកម្មជាមួយពន្លឺថ្ងៃ។
សម្រាប់មធ្យោបាយក្នុងការចៀសវាងពីផលរំខានខាងលើ អ្នកត្រូវប្រើប្រាស់ថ្នាំដោយមានការអត់ធ្មត់ គួរលាបក្រែមក្នុងបរិមាណតិចតួច និងរង់ចាំទាល់តែស្បែកអាចទទួលយកនូវសារធាតុថ្នាំនោះទើបចាប់ប្រើប្រាស់ជារៀងរាល់ថ្ងៃ។ ប្រសិនបើនៅតែមានបញ្ហាទាំងនោះ អ្នកគួរផ្អាកនូវការ ប្រើប្រាស់ថ្នាំមួយរយៈពេលសិន មុននឹងចាប់ផ្តើមសារជាថ្មី។ ការប្រុងប្រយ័ត្ន៖ • មិនត្រូវប្រើឱសថកំឡុងពេលមានផ្ទៃពោះ ឬពេលបំបៅដោះកូននោះទេ ដោយសារតែសារជាតិថ្នាំអាចជ្រាបតាមស្បែកចូលទៅក្នុងចរន្តឈាមបង្កជាហានិភ័យដល់ទារក។ បើទោះបីការបង្កបញ្ហាដល់ទារកនោះ មិនទាន់ត្រូវបានគេកំណត់ច្បាស់នៅឡើយ ក៏គួរតែមានការប្រុងប្រយ័ត្នដើម្បីជាសុវត្ថិភាព។ • កំឡុងពេលប្រើប្រាស់ ហាមប្រើប្រាស់ផលិតផលផ្សេងដែលមានសារជាតិអាចកាត់ស្បែកដោយសារវាអាចឲ្យស្បែកមុខកាន់តែមានប្រតិកម្ម និងរលាក។