ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-06-02 · 9,199 ដងមើល

ហេតុអ្វីបានជាសក់ស្កូវមុនអាយុ?

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

អ្នកជំនាញ​ខាង​សើ​ស្បែកបាន​មានប្រសាសន៍ថា ប្រភេទសក់ស្កូវ​មាន​ពីរ​ប្រភេទ​គឺ ស្កូវ​តាម​ធម្មជាតិ​ ពោលគឺ​តាម​វ័យ និង​សក់ស្កូវ​មុន​អាយុ។ ចំពោះសក់ស្កូវទៅតាម​វ័យ ជាទូទៅ​សម្រាប់​ជនជាតិ​អាស៊ី​គឺ​កើតមានចាប់ពី​អាយុ 30 ឆ្នាំ​ឡើងទៅ ដោយឡែក​ចំពោះ​សក់ស្កូវ​មុន​អាយុ​គឺកើតមាន​ចំពោះ យុវវ័យ និង​កុមារ​។​

អ្នកជំនាញ​​ដដែលក៏បាន​ព​ន្យ​ល់ពី​មូលហេតុ​ដែលនាំ​ឲ្យ​កើត​សក់ស្កូវ​មុន​អាយុ​ថា  «សក់ស្កូវ​មុន​អាយុ គឺជា​សញ្ញាណ​ប្រាប់ថា យើងអាច មានជំងឺមួយចំនួន​ដូចជា ជំងឺពកក  កង្វះ​វីតាមីន​ B 12 និងការងាប់​កោសិកា​ចិញ្ចឹម​គល់​សក់ដែលបណ្តាលមកពី ការជក់បារី បញ្ហា​ស្មុគស្មាញ និងដោយសារតំណពូជ​»​។  អ្នក​ដែលមាន​សក់ស្កូវ​មុន​អាយុ​អាច​​នឹង​ព្យាបាល​ជាក៏ប៉ុន្តែ​ការព្យាបាល​ត្រូវ​យោងតាម​បញ្ហា​ជំងឺ​ដែល​ពាក់ព័ន្ធ​។​

ទង្វើដែលអ្នកគួរអនុវត្ត ដើម្បីបង្ការបញ្ហាស្កូវមុនអាយុរួមមានដូចជា ៖ 1.  កាត់បន្ថយ​សម្ពាធ​ការងារ​របស់​អ្នក​មានន័យថា​អ្នក​ត្រូវតែ​ចេះ​សម្រាក ឬ​បន្ធូរ​អារម្មណ៍ ​​ធ្វើ​ឲ្យ​ខ្លួនឯង​សប្បាយចិត្ត​ទើប​មិនងាយ​ដុះសក់ស្កូវ 2. បញ្ឈប់​ការជក់បារី 3.រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ជានិច្ច ដោយ​ត្រូវ​ផឹកទឹក​ឲ្យ​បាន​ច្រើន​ហើយ​មិនត្រូវ​បរិភោគ​ចំណី​ដែលមានជាតិ​ហឹរ ឬប្រភេទអាហារបំពង​ច្រើនពេកនោះ​ទេ 4. បរិភោគ​ចំណី​អាហារដែលមាន​ផ្ទុកនូវវីតា​មីន B12 ឲ្យ​បាន​ច្រើន​រួមមានដូចជា ​ពងមាន់​ សាច់គោ​ ចេក ឬ​ត្រី​ជាដើម 5. ​គេង​ឲ្យ​គ្រប់គ្រាន់​ (មួយថ្ងៃ 8 ម៉ោង​ទើប​ជាការប្រសើរ)

យ៉ាងណាមិញ ដោយសារតែបញ្ហា​សក់ស្កូវ​មុន​អាយុ​អាច​បណ្តាល​មកពី​មូលហេតុ​ផ្សេងៗ​ពីគ្នា ហេតុនេះហើយការព្យាបាល គឺចាំបាច់ទាមទារនូវការវិភាគ និងការព្យាបាល​យូរ ព្រមទាំងចំណាយ​អស់​ថវិកា​ច្រើន​។ នេះជាហេតុនាំឲ្យយុវវ័យ​ខ្លះ​មិនបាន​ដឹង​ពី​មូលហេតុ​នោះទេ ហើយ​ពួកគេបែរជានាំគ្នា​ជ្រើសរើស យក​ការ​លាប​ពណ៌​សក់ម​កបិទបាំងទៅវិញ​។​ ចំពោះការធ្វើបែបនេះ ក្រុមគ្រូពេទ្យសើស្បែកបានបកស្រាយថាការប្រើប្រាស់ ឬលាបមិនបានត្រឹមត្រូវតាម បទដ្ឋាន ហើយបើក្នុងករណីថ្នាំពណ៌នោះគ្មានគុណភាពទៀតនោះ វាអាចនឹងប៉ះពាល់ដល់សុខភាពស្បែកក្បាល និងសក់ហើយក៏អាចបណ្តាលឲ្យកើតមាន បញ្ហារលាក ឬរោគផ្សិតស្បែកក្បាល និងមានអង្គែថែមទៀតផង។ ផ្ទុយទៅវិញ ប្រសិនបើពួកគេជ្រើសរើសយកការព្យាបាលដោយឆ្លងកាត់ការវិភាគ ពីគ្រូពេទ្យជំនាញឯកទេសបានត្រឹមត្រូវនោះអ្នកជំនាញ​​ នឹងពិចារណា ផ្តល់ការព្យាបាលដោយលាបពណ៌សក់ដែលអាចលុបបំបាត់សក់ស្កូវបានជាប់រហូតដល់រយៈពេល 6 ខែ។​

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។