ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-06-02 · 5,319 ដងមើល

ទម្លាប់អាក្រក់ប្រចាំថ្ងៃទាំង ៨ ដែលបំផ្លាញសុខភាពរបស់អ្នក

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

ទម្លាប់អាក្រក់ ពិតជាពិបាកកែប្រែខ្លាំងណាស់ ទោះបីជាអ្នកដឹងថា វាមិនល្អសម្រាប់សុខភាព និងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកក៏ដោយ។ យ៉ាងណាមិញ អ្នកគួរតែព្យាយាមកាត់បន្ថយឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ពីព្រោះបញ្ហាសុខភាពដែលកើតឡើងអាចធ្ងន់ធ្ងរជាងអ្វីដែលអ្នកស្មានដល់។ ខាងក្រោមនេះ គឺជាទម្លាប់អាក្រក់ និងកំហុសឆ្គងទាំង ៨ ដែលអ្នកតែងតែធ្វើដោយមិនដឹងខ្លួន ហើយវាពិតជាគ្រោះថ្នាក់ចំពោះសុខភាពរបស់អ្នក ខ្លាំងណាស់។ ១ ទប់មិនឲ្យកណ្តាស់ ការធ្វើបែបនេះ នឹងបង្កើតសម្ពាធនៅក្នុងក្បាលរបស់អ្នក ដែលជាហេតុនាំឲ្យអ្នកគ្រោះថ្នាក់ដោយមិនដឹងខ្លួនដូចជា ឈឺក្បាល ការខូចខាតសរសៃប្រសាទ និងមានបញ្ហាក្នុងការស្តាប់ជាដើម។

២ ប្រើទឹកអប់ សារធាតុដែលមាននៅក្នុងទឹកអប់មួយចំនួន ពិតជាមិនល្អ និងអាចបង្កគ្រោះថ្នាក់ ចំពោះអ្នកទៀតផង ជាពិសេស អ្នកដែលឆាប់អាល្លែកហ្ស៊ី មនុស្សចាស់ ឬអ្នកមានប្រព័ន្ធភាពស៊ាំទន់ខ្សោយ។

៣ ប្រើទូរស័ព្ទមុនចូលគេង នៅពេលយប់ ពន្លឺដែលចេញពីទូរស័ព្ទ ឬកុំព្យូទ័រ ពិតជាអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ចំពោះសុខភាពទូទៅរបស់អ្នក ជាពិសេស គឺភ្នែកតែម្តង។ វាក៏អាចធ្វើឲ្យអ្នកគេងមិនលក់ បាក់ទឹកចិត្ត មានជំងឺបេះដូង ធាត់លើសទម្ងន់ ហើយប្រព័ន្ធការពាររាងកាយចុះខ្សោយ។

៤ ដាក់អាហារក្នុងប្រអប់ប្លាស្ទិក ប្រអប់ ឬថង់ប្លាស្ទិក មានផ្ទុកសារធាតុគីមីពុលជាច្រើនប្រភេទ ជាពិសេស នៅពេលដែលវាត្រូវនឹងកម្តៅ។

៥ ដុសធ្មេញ ក្រោយញ៉ាំអាហារភ្លាមៗ ទន្តពេទ្យជំនាញបានណែនាំថា អ្នកគួរតែរង់ចាំឲ្យបាន ៣០ ឬ ៦០ នាទី ក្រោយញ៉ាំអាហាររួច ទើបដុសសម្អាតធ្មេញ ដើម្បីការពារការសឹករិចរិល ការខូចខាត និងការស្រៀវធ្មេញ។

៦ ប្រើប្រាស់សាប៊ូកម្ចាត់បាក់តេរីញឹកញាប់ពេក ការប្រើសាប៊ូប្រភេទនេះញឹកញាប់ អាចទៅកម្ចាត់ស្រទាប់ការពារស្បែកខាងក្រៅ ព្រមទាំងបង្កើតឱកាសឲ្យមេរោគនានាជ្រៀតចូលរាងកាយរបស់អ្នក។

៧ ស្លៀកខោអាវតឹងពេក ការស្លៀកបែបនេះ នឹងធ្វើឲ្យរាងកាយរបស់អ្នករងនូវសម្ពាធ ដែលជាហេតុនាំឲ្យវាសង្កត់ និងបង្កបញ្ហាច្រើនដល់សរសៃ និងចរន្តឈាមរត់នៅតំបន់នោះ។

៨ ញ៉ាំទឹកផ្លែឈើត្រជាក់ៗញឹកញាប់ពេក ត្រូវចងចាំថា ទឹកផ្លែឈើ មិនល្អដូចជាផ្លែឈើនោះទេ ហើយក្នុងករណីខ្លះ វាមិនត្រូវបានគេណែនាំឲ្យញ៉ាំសម្រាប់អ្នកជំងឺមួយចំនួននោះទេ៕

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។