2017-06-02 · 5,356 ដងមើល
ការគ្រប់គ្រងអាការៈរលាកសន្លាក់ឆ្អឹងដោយសារការសឹករេចរឹល ឬអន់ថយនៃឆ្អឹង
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ជំងឺរលាកសន្លាក់ឆ្អឹងគឺជា ប្រភេទជំងឺរលាកសន្លាក់ចម្បងនៃជំងឺរលាកសន្លាក់រ៉ាំរ៉ៃ។ នៅពេលដែលឆ្អឹងខ្ចី (ស្រទាប់ឆ្អឹងរលោងដែលស្រោបពីលើឆ្អឹង) បានដាច់រហែក ឬសឹក ឆ្អឹង និងឆ្អឹងត្រូវកកិតគ្នា ដែលជាហេតុធ្វើឲ្យហើម តឹងណែន និងឈឺចាប់នៅតំបន់នោះ។ រយៈពេលយូរទៅ សន្លាក់នឹងបាត់បង់ ភាពរឹងមាំ ហើយការឈឺចាប់នឹងក្លាយទៅជារ៉ាំរ៉ៃរាប់ខែរាប់ឆ្នាំ ដែលនឹងធ្វើឲ្យអ្នកកាន់តែគ្រោះថ្នាក់ ប្រសិនបើអ្នកធាត់លើសទម្ងន់ ប្រវត្តិគ្រួសារមានកើត ជំងឺនេះ អាយុចាស់ ឬធ្លាប់មានគ្រោះថ្នាក់នៅតំបន់សន្លាក់នោះ។ ប្រសិនបើរោគសញ្ញានៃជំងឺរលាកសន្លាក់ឆ្អឹងរបស់អ្នក ស្ថិតក្នុងកម្រិតមួយស្រាល ឬមធ្យម អ្នកអាចគ្រប់គ្រង ឬព្យាបាលវាបាន តាមរយៈ ៖ - សម្រាក និងមានតុល្យភាពចំពោះសកម្មភាពរបស់អ្នក - ប្រើប្រាស់ទឹកក្តៅ ឬទឹកត្រជាក់ ដើម្បីស្អំនៅតំបន់ដែលមានបញ្ហា - ហាត់ប្រាណតិចៗ តាមការណែនាំពីអ្នកជំនាញជាប្រចាំ - រក្សាទម្ងន់ឲ្យបានល្អ (បើលើស ត្រូវព្យាយាមសម្រកមកធម្មតាវិញ) - ហាត់បន្តឹង ឬធ្វើឲ្យសាច់ដុំនៅជុំវិញសន្លាក់រឹងមាំឡើង ដើម្បីជួយទ្រទ្រង់សន្លាក់បន្ថែម - ប្រើប្រាស់ឧបករណ៍ជំនួយ តាមវេជ្ជបញ្ជាគ្រូពេទ្យ - ប្រើប្រាស់ថ្នាំ ដើម្បីបំបាត់ការឈឺចាប់ និងបំបាត់ការលាក ឬហើមតាមវេជ្ជបញ្ជា - ចៀសវាងធ្វើចលនាខ្លាំងពេក។
ប្រសិនបើរោគសញ្ញារបស់អ្នកធ្ងន់ធ្ងរ ដែលបណ្តាលឲ្យអ្នកពិបាក ឬមិនអាចធ្វើចលនាបាន គន្លឹះណែនាំខាងលើនេះ នៅតែអាចជួយអ្នកបាន ប៉ុន្តែ ការប្រឹក្សាយោបល់ និងការព្យាបាលដោយវេជ្ជបណ្ឌិតជំនាញ គឺជារឿងចាំបាច់បំផុត។ គួរបញ្ជាក់ផងដែរថា ជំងឺរលាកសន្លាក់ឆ្អឹងរ៉ាំរ៉ៃបែបនេះ អាចការពារបានដោយការធ្វើឲ្យរាងកាយសកម្ម ថែរក្សាទម្ងន់ឲ្យបានល្អ និងចៀសវាងការរងរបួស និងការធ្វើចលនាដដែលៗញឹកញាប់ខ្លាំងពេក៕