2017-06-19 · 4,728 ដងមើល
ព្យាបាលជំងឺមហារីកហើយ ហេតុអ្វីត្រូវបន្តពិនិត្យជាប្រចាំទៀត?
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
សំណួរ ៖ នាងខ្ញុំមានអាយុ ៥៧ឆ្នាំ រស់នៅខេត្តពោធិ៍សាត់។ ខ្ញុំបានទទួលការព្យាបាលជំងឺមហារីកសុដន់រួចមកហើយ ម្យ៉ាងទៀត ជំងឺមហារីកក៏មិនបង្កជាបញ្ហាអ្វីទៀតនោះទេ ប៉ុន្តែលោកវេជ្ជបណ្ឌិតនៅតែឲ្យខ្ញុំបន្តធ្វើការពិនិត្យជាប្រចាំ។ ហេតុអ្វីបានជាខ្ញុំត្រូវធ្វើការពិនិត្យបន្តទៀត បើខ្ញុំបានធូរស្បើយពីជំងឺបន្ទាប់ពីការព្យាបាលរួចទៅហើយ?
ចម្លើយ ៖ មហារីក ជាជំងឺធ្ងន់ធ្ងរ ដែលអ្នកជំងឺមានដុំសាច់ប្រភេទកាច ស្ថិតនៅក្រោមការពិនិត្យតាមដានពីសំណាក់អ្នកឯកទេសក្នុងរយៈពេលយូរ ជាពិសេសកំឡុងពេល ៥ឆ្នាំបន្ទាប់ពីការព្យាបាលបានបញ្ចប់។ ការតាមដាននោះ គឺដើម្បីអាចធានាបាននូវគ្មានការលាប់ឡើងវិញនៃជំងឺ ដោយភាគច្រើនការប្រឈមនៃការរើឡើងវិញពាក់ព័ន្ធទៅលើប្រភេទ និងដំណាក់កាលនៃជំងឺមហារីក ពេលវេលា និងប្រសិទ្ធភាពនៃការព្យាបាល។ មានហេតុផល ៣យ៉ាងដែល អ្នកគួរតែទៅទទួលបានការតាមដាន បន្ទាប់ពីការព្យាបាល ដើម្បី៖ • រកមើលការត្រឡប់ឡើងវិញនៃជំងឺ ឬតើវាអាចរាលដាលដល់សុដន់ម្ខាងទៀតដែរ ឬយ៉ាងណា • រកមើលផលវិបាក និងបញ្ហានានា ដែលអាចនឹងកើតមានឡើងដោយសារឥទ្ធិពលនៃការព្យាបាល • អ្នកជំនាញអាចមានឱកាសផ្តល់នូវការប្រឹក្សាជាកម្លាំងចិត្តដល់អ្នកជំងឺ ពីព្រោះស្រ្តីអាចនឹងមានអារម្មណ៍បាក់ទឹកចិត្តកំឡុងពេលមួយ ឬពីរឆ្នាំ បន្ទាប់ពីដឹងថាខ្លួនមានជំងឺមហារីកសុដន់។ កំឡុងពេលតាមដាន អ្នកជំនាញនឹងធ្វើការពិនិត្យដោយ៖ • សួរពីសញ្ញា និងរោគសញ្ញានានា • ពិនិត្យដោយការស្ទាបផ្ទាល់ • ធ្វើតេស្តឈាមសម្រាប់វិភាគផ្សេងៗ ក៏ដូចជាការធ្វើ mammography, ultrasonography និងការថតឆ្លុះដោយ CT-scan ឬ MRI-scan ដើម្បីកំណត់ពីប្រសិទ្ធភាពនៃការព្យាបាល និងរកមើលការរើឡើងវិញនៃជំងឺមហារីក។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសជំងឺមហារីកកុមារ និងមហារីកទូទៅ និងជាប្រធានផ្នែកមហារីកនៃមន្ទីរពេទ្យអន្តរជាតិសែនសុខ