2017-06-30 · 12,267 ដងមើល
តិចនិចបំបាត់ការឈឺចង្កេះ នៅផ្ទះដោយខ្លួនឯង
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
សព្វថ្ងៃនេះ មនុស្សគ្រប់គ្នាចំណាយពេលវេលាច្រើន អង្គុយធ្វើការ ឬមើលទូរទស្សន៍ ដោយមិនចាប់អារម្មណ៍នឹងកាយវិការ ឬរបៀបនៃការអង្គុយរបស់ពួកគេឡើយ។ ការអង្គុយ ឬធ្វើកាយវិការខុសឆ្គង ងាយនឹងធ្វើឲ្យប៉ះពាល់ដល់ឆ្អឹងខ្នង និងចង្កេះរបស់អ្នកខ្លាំងណាស់ ហើយវាក៏ជាមូលហេតុដែលនាំឲ្យអ្នកឈឺខ្នង ឬចង្កេះញឹកញាប់ផងដែរ។ ការឈឺខ្នង ឈឺចង្កេះ គឺជាបញ្ហាចម្បងដែលមនុស្សគ្រប់គ្នាតែងជួបប្រទះ មិនថាមនុស្សវ័យជំទង់ ឬចាស់ជរាឡើយ។ វាអាចកើតឡើងដោយសារតែការខ្សោយសាច់ដុំ និងការធ្វើចលនាខុសទំនង។ ការឈឺឆ្អឹងខ្នងអាចកើតឡើងភ្លាមៗ ហើយមានរយៈពេលយូរថ្ងៃ ឬដល់យូរខែ ឬហូតដល់រ៉ាំរ៉ៃ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ការពារ ឬទទួលការព្យាបាលបានត្រឹមត្រូវល្អ។ វិធីសាស្រ្តបំបាត់ និងការពារការឈឺឆ្អឹងខ្នង ដោយខ្លួនឯង៖ ១. ហាត់ប្រាណ ដើម្បីបង្កើន និងពង្រឹងសាច់ដុំចង្កេះ ២. ហាត់អាអេរ៉ូប៊ិក ៣. ការម៉ាស្សាថ្នមៗទៅលើចង្កេះ ៤. ហាត់សមាធិ ៥. គេងឲ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវតាមទីតាំងណែនាំ ៦ . ស្អំទឹកកក ឬទឹកក្តៅនៅកន្លែងមានបញ្ហា ៧. អនុវត្តកាយវិការអង្គុយ ឬឈរឲ្យបានត្រឹមត្រូវ ៨. ទិញពូកគេងដែលមានគុណភាព ហើយអាចការពារអ្នកពីការឈឺខ្នងឈឺចង្កេះ។ យ៉ាងណាមិញ ប្រសិនបើអ្នកប្រឈមនឹងបញ្ហាឈឺចង្កេះ យកល្អ អ្នកគួរតែប្រញាប់ទៅប្រឹក្សាយោបល់ និងសាកសួរបន្ថែមអំពីក្តីកង្វល់របស់អ្នកជាមួយនឹងវេជ្ជបណ្ឌិតជំនាញ៕