ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-07-03 · 7,810 ដងមើល

Emphysema អាចព្យាបាល តែមិនអាចអាចជាសះស្បើយ

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 1

និយមន័យ Emphysema ជាជំងឺដែលបង្កឡើងដោយការខូចទៅលើជញ្ជាំងនៃកូនថង់សួត តាមរយៈការរលាករយៈពេលយូរ ដែលបណ្តាលឲ្យកូនថង់សួតរលាយចូលគ្នា ក្លាយជាថង់ខ្យល់រីកធំជាប់ជាប្រចាំ (Permanent enlargement of the air space) ជាហេតុធ្វើឲ្យសួតបាត់បង់សមត្ថភាព ក្នុងការផ្លាស់ប្ដូរខ្យល់នៅត្រង់កន្លែងខូច (Dead space)។ ក្នុងករណីដែលមាន Dead space ច្រើនកន្លែងក្នុងសាច់សួត វានឹងបណ្ដាលឲ្យ អ្នកជំងឺជួបប្រទះនូវវិបត្តិក្នុងការដកដង្ហើម  ឬហៅថា  “respiratory insufficiency”។ មូលហេតុ ជំងឺនេះជាទូទៅវាបង្កឡើងដោយសារផ្សែងបារី ព្រោះថាផ្សែងបារីមានផ្ទុកនូវសារធាតុដែលធ្វើឲ្យកូនថង់ ខ្យល់រលាក។ កូនថង់ខ្យល់ទទួលនូវរងឥទ្ធិពល​ នៃសារធាតុនេះ បន្តិចម្តងៗយូរឆ្នាំ ក៏នាំឲ្យមានការរលាយចូលគ្នា ហើយភាគច្រើនយើងតែងជួបជំងឺនេះនៅលើមនុស្សដែលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ។ មួយវិញទៀត ជំងឺនេះក៏ស្ថិតនៅក្នុងប្រភេទជំងឺដែលកើតមានពីកំណើតដោយកង្វះសារធាតុអង់ស៊ីមម្យ៉ាងហៅថា Alpha1anti-trypsin ដែលជាសារធាតុប្រឆាំងការរលាក។ ក្រៅពីកត្តាចម្បងទាំងពីរនេះ ការរស់នៅក្នុងបរិយាកាសដែលពោរពេញទៅដោយសារជាតិពុល ឬសម្បូរដោយឧស្ម័នកាបូនម៉ូណូអុកស៊ីត (CO) ក៏ជាកត្តាជម្រុញ ឲ្យមានការកើតឡើងនៃជំងឺនេះផងដែរ។ មិនតែប៉ុណ្ណោះ យើងក៏ឃើញមានការកើតឡើងនៃ Emphysemaទៅលើអ្នកធ្លាប់កើតជំងឺរបេង ដោយសារ មានការបន្សល់ទុកនូវសម្លាកនៅលើសាច់សួត ដែលបានរាតត្បាតដោយមេរោគរបេង ហើយមិនបានសះជិតល្អទៅវិញ នាំឲ្យកូនថង់ខ្យល់ត្រង់កន្លែងនោះ មិនអាចផ្លាស់ប្តូរខ្យល់ បានក៏បណ្តាលឲ្យទៅជា Emphysema។

រោគសញ្ញា ជាទូទៅអ្នកកើតជំងឺនេះក្នុងជំហានដំបូង ពុំមានជារោគសញ្ញាច្បាស់លាស់ណាមួយគួរឲ្យកត់សម្គាល់នោះទេ ដោយភាគច្រើនអ្នកជំងឺគ្រាន់តែមានអាការៈ ឆាប់ហត់តែប៉ុណ្ណោះ គួបផ្សំទៅនឹងវ័យរបស់អ្នកជំងឺទៀតនោះ នាំឲ្យអ្នកជំងឺមិនអើពើទៅលើរោគសញ្ញានេះឡើយ។ ប៉ុន្តែការហត់នេះ នឹងវិវឌ្ឍកាន់តែធ្ងន់ទៅៗ រួមជាមួយរោគសញ្ញាដទៃទៀត ដូចជា ក្អក និងជំងឺក្លាយរោគផ្សេងទៀត ជាពិសេសជំងឺផ្តាសាយ ដែលធ្វើឲ្យអ្នកជំងឺកាន់តែមានសភាពធ្ងន់ធ្ងរ នឹងឈានដល់ ការប្រឹក្សា​ រួមជាមួយការព្យាបាល ពីគ្រូពេទ្យជំនាញ។

ការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យទៅលើអ្នកជំងឺ Emphysema ត្រូវពឹងផ្អែកទៅលើចំណុច២ធំៗគឺ៖ ការពិនិត្យលើរាងកាយ (PE) និងធ្វើការថតសួត (Imagery) ដោយនៅក្នុងដំណាក់កាលដំបូងនៃជំងឺ Emphysema ការពិនិត្យទៅលើរាងកាយពុំត្រូវបានរកឃើញសញ្ញាជាក់លាក់ណាមួយទេ ព្រោះថានៅក្នុងដំណាក់កាលនេះ អ្នកជំងឺ អាចនឹងគ្មានរោគសញ្ញា ឬមានសញ្ញាក្នុងការពិបាកដកដង្ហើមតិចតួច។ ចំណែកឯអ្នកជំងឺដែលនៅក្នុង ដំណាក់កាលធ្ងន់ធ្ងរ យើងអាចឃើញមានអាការៈមួយចំនួនដូចជា៖ -​​ស្គមស្គាំងលេចចេញឆ្អឹងជំនីរ -​យកដៃទប់ទ្រូង ឬឱបក្បាលជង្គង់ -​ជិតសាច់ដុំចន្លោះឆ្អឹងជំនីរ (Chest drawing) -​មិនស្វាយមុខស្វាយមាត់ទោះបីជាមានការលំបាកក្នុងការដកដង្ហើម (pink puffer sign) -​ដកដង្ហើមធ្វើមាត់ស្រួច (Pursed lip breathing)ដោយដកដង្ហើមចេញចូលវែងៗ ហើយដង្ហើមចេញវែងជាងដង្ហើមចូល -​សួតខាងឈឺមានសភាពប៉ោងជាងសួតមិនឈឺ -​ស្តាប់ឮសូរសម្លេងដូចគេហួច (Wheezing) ក្នុងករណី Emphysema តូចល្មម ឬស្ដាប់ឮសូរសំឡេងពេលដកដង្ហើមចូលមិនសូវច្បាស់ បើធៀបជាមួយនឹងសួតមិនឈឺ ក្នុងករណីមាន Emphysema ទំហំធំ -​គោះឮសូរសំឡេងខ្ទរខ្លាំង ដូចមានខ្យល់ក្នុងប្រអប់ទ្រូង (Hyperesonance) -​ចំពោះរូបភាព X-ray លើការថតសួតយើងឃើញកូនថង់ខ្យល់ដែលទំហំរបស់វាប្រែប្រួលទៅ តាមកម្រិតធ្ងន់ធ្ងរនៃជំងឺ។

ការព្យាបាល ជំងឺនេះពុំអាចធ្វើការព្យាបាលឲ្យជាដាច់នោះទេ ដោយយើងធ្វើការព្យាបាលដើម្បីទប់ស្កាត់ការវិវឌ្ឍទៅមុខនៃជំងឺនេះតែប៉ុណ្ណោះ ដោយធ្វើការចាក់ Alpha antitrypsin ម្តងក្នុង១សប្តាហ៍រហូតទាល់តែគ្រប់ចំនួន ចំពោះអ្នកជំងឺដែលកង្វះអង់ស៊ីមនេះ។ ក្រោយពីជាជំងឺរបេង ឬអ្នកធ្លាប់ប៉ះពាល់នឹងផ្សែងបារី ត្រូវបញ្ឈប់កាជក់បារី ឬ ចៀសវាងផ្សែងបារី និងធ្វើការតាមដានតាមរយៈ X-Ray ឬ CT-Scan និងធ្វើតេស្តទៅលើមុខងារនៃសួត (Pulmonary function test) ទៅលើអ្នកកើតមាន Emphysema។ យើងត្រូវធ្វើការសង្រ្គោះបន្ទាន់ទៅលើអ្នកជំងឺ នៅពេលដែលអ្នកជំងឺមាន៖ -​ការចម្លងរោគ (Infection) ដោយគួបផ្សំនឹងការប្រើប្រាស់ថ្នាំផ្សះ -​ការធ្លាយ Emphysema ដែលនាំឲ្យមានខ្យល់ក្នុងសាច់សួត (pneumothorax) -​ទំហំនៃ Emphysema ធំហួសប្រមាណ ដែលចាំបាច់ត្រូវទទួលយកការវះកាត់​ និងតាមដានក្នុងរយៈពេល ៦ខែម្តង ដើម្បីការពារការលាប់ឡើងវិញ។

ផលវិបាក ក្នុងករណីដែលអ្នកជំងឺមិនបានទទួលការព្យាបាលត្រឹមត្រូវ នោះអ្នកជំងឺនឹងជួបប្រទះផលវិបាកដែលគំរាមកំហែងដល់អាយុជីវិតដូចជា ការឆ្លងរោគកម្រិតធ្ងន់ និងការវិវឌ្ឍយ៉ាងធ្ងន់ធ្ងរក្នុងការរលាយចូលគ្នានៃកូនថង់សួត ដែលនាំឲ្យសួតបាត់បង់សមត្ថភាពក្នុងការបំពេញមុខងាររបស់ខ្លួនព្រមទាំងមានការសង្កត់ទៅលើ សរសៃឈាម ដែលនាំឲ្យប៉ះពាល់ដល់បេះដូង និងស្ដែងឡើងជាជំងឺខូចបេះដូងខាងស្តាំ។ អត្ថបទដោយ៖ លោកវេជ្ជបណ្ឌិត ស៊ីន ឈុនអ៊ីម​ ជាវេជ្ជបណ្ឌិតនៅអគារជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។