2017-07-10 · 5,244 ដងមើល
សម្លឹងកញ្ចក់ទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិកច្រើនពេក ជាដើមហេតុនាំឲ្យភ្នែកស្ងួត
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
សព្វថ្ងៃ បញ្ហាស្ងួតភ្នែក បានក្លាយជារោគសញ្ញាដែលកើតញឹកញាប់ ចំពោះយុវវ័យ និងអ្នកជំងឺមួយចំនួន ដែលបានប្រើប្រាស់ទូរស័ព្ទ អាយផែត កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិកច្រើនលើសកម្រិត នេះបើតាមការសិក្សាថ្មីមួយបង្ហាញ។ វេជ្ជបណ្ឌិត Amber GaumeGiannoni អ្នកជំនាញផ្នែកចក្ខុសាស្រ្ត មកពីសាកលវិទ្យា Houston បានមានប្រសាសន៍ឲ្យដឹងថា «កូនក្មេង និងមនុស្សវ័យជំទង់ ដែលប្រឹងសំឡឹងមើលលើកញ្ចក់ឧបករណ៍អេឡិចត្រូនិក ទំនងជាធ្មេច ឬបិទភ្នែកតិចបំផុត ដែលជាហេតុនាំឲ្យភ្នែករបស់ពួកមានបញ្ហា ជាពិសេស គឺបញ្ហាភ្នែកស្ងួតនេះតែម្តង»។ តើអ្នកដឹងទេថា ការបិទ ឬធ្មេចភ្នែកនេះមានប្រយោជន៍អ្វីខ្លះ? ការបិទ ឬធ្មេចភ្នែក អាចជួយរំញោចដល់ក្រពេញ ដើម្បីផ្តល់សំណើមនៅក្នុងភ្នែក។
ការសិក្សានេះក៏បានបង្ហាញផងដែរថា កូនក្មេង និងមនុស្សវ័យជំទង់ ច្រើនតែសំឡឹងកញ្ចក់ឧបករណ៍អេឡិចត្រូនិកនានា ច្រើនជាង ៦ ម៉ោងក្នុងមួយថ្ងៃ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានចិន Xinhua។ វេជ្ជបណ្ឌិត Giannoni បានណែនាំថា ឪពុកម្តាយគ្រប់រូប គួរតែកំណត់ពេលវេលាមើលទូរស័ព្ទ អាយផែត ឬទូរទស្សន៍របស់កូនៗ។ ម៉្យាងទៀត ពួកគាត់ក៏ត្រូវតាមដាន និងកត់សម្គាល់ជាពិសេសទៅលើសុខភាពភ្នែករបស់កូនៗ ដូចជាការធ្មេចភ្នែក ការញីភ្នែក និងបញ្ហាភ្នែកក្រហមជាដើម។ គាត់ក៏បានបន្ថែមទៀតថា មនុស្សគ្រប់គ្នាគួរតែអនុវត្តវិធានការ ២០-២០-២០ ដែលមានន័យថា សម្រាកភ្នែក ២០ វិនាទី ក្នុងរយៈពេល ២០ នាទីម្តង បន្ទាប់ពីធ្វើការ ហើយសំលឹងឲ្យបាន ២០ ហ្វីត (ប្រហែលជា ៦ ម៉ែត្រ) ទៅកន្លែងផ្សេង៕