2017-07-11 · 7,087 ដងមើល
ផលរំខាននៃការប្រើប្រាស់ថ្នាំអាស្ពីរីន (Aspirin)
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
Aspirin ជាប្រភេទថ្នាំ ដែលអាចបំបាត់ការឈឺចាប់ និងកាត់បន្ថយការប្រឈមទៅនឹងជំងឺនានា ដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺគាំងបេះដូង ជាដើម។ អ្នកអាចរកទិញថ្នាំ Aspirin នេះនៅតាមបណ្តាឱសថស្ថាននានា នៅទូទាំងប្រទេសកម្ពុជា។ យ៉ាងណាមិញ អ្នកគួរមានការប្រុងប្រយ័ត្នក្នុងការទទួលទាន ហើយបើយកល្អ អ្នកគួរតែសាកសួរឱសថការី ឬគ្រូពេទ្យរបស់អ្នក មុននឹងញ៉ាំ ពីព្រោះ ការប្រើប្រាស់លើសកម្រិត ឬខុសគោលដៅ វាអាចបង្កផលវិបាកច្រើនយ៉ាង ចំពោះសុខភាពទូទៅរបស់អ្នក។ ការប្រើថ្នាំនេះក្នុងកម្រិតមួយខ្ពស់ អាចបំបាត់ការឈឺចាប់នានា កាត់បន្ថយការហើម និងព្យាបាលជំងឺគ្រុនក្តៅ។ ប៉ុន្តែផ្ទុយទៅវិញ វាអាចនឹងប៉ះពាល់ដល់សរីរាង្គ និងសុខភាពទាំងមូលរបស់អ្នក។ សម្រាប់អ្នកជំងឺសរសៃឈាម គ្រូពេទ្យប្រហែលជាណែនាំឲ្យអ្នក ទទួលទានថ្នាំ Aspirin ក្នុងកម្រិតមួយទាប ដើម្បីកាត់បន្ថយការប្រឈមទៅនឹងជំងឺ ទាំងនេះ។ ផលវិបាកនៃការប្រើប្រាស់ថ្នាំ Aspirinមានដូចជា ៖ · ប្រឈមទៅនឹងជំងឺក្រពះ-ពោះវៀនធ្ងន់ធ្ងរ ដូចជា ជំងឺរលាកក្រពះ ដំបៅក្រពះ ចុកឆ្អល់ក្នុងពោះ និងក្អួតចង្អោរញឹកញាប់ · មានបញ្ហាតម្រងនោម ដូចជាខ្សោយតម្រងនោមជាដើម · វិបត្តិក្នុងការរំលាយអាហារ · ប្រឈមទៅនឹងជំងឺសរសៃឈាម ដូចជាស្លេកស្លាំង និងបាត់បង់គ្រាប់ឈាមក្រហមជាដើម · មានជំងឺសរសៃឈាមបេះដូង · បញ្ហាប្រព័ន្ធសរសៃប្រសាទ ដែលអាចធ្វើឲ្យអ្នកវិលមុខ ធីងធោង ឈឺក្បាល ពិបាកដកដង្ហើម និងសន្លប់ជាដើម · បញ្ហាប្រព័ន្ធដកដង្ហើម ដូចជា ដកដង្ហើមញាប់ ឬយឺតខុសធម្មតា · ងាយនឹងអាល្លែកហ្ស៊ី ដូចជា មានជំងឺភ្នែកក្រហម ជំងឺរលាកច្រមុះ រមាស់ស្បែក និងប្រទាលត្រអាកជាដើម · ផលវិបាកតិចតួច ដែលកើតឡើងញឹកញាប់ ដូចជា ការវិលមុខ ក្បាល ឈឺក្រពះ ស្ងួតមាត់ គេងមិនលក់ ខ្សោយកម្លាំង និងអន្ទះអន្ទែងក្នុងអារម្មណ៍ជាដើម · បញ្ហាស្បែក · ប្រឈមទៅនឹងជំងឺមហារីក · ការហូរឈាមនៅក្នុងរាងកាយ គឺជាផលវិបាកដែលគេជួបប្រទះញឹកញាប់៕