2017-08-17 · 5,242 ដងមើល
៥ ចំណុច អ្នកគួរហាត់ប្រាណក្នុងក្លឹបហាត់ប្រាណ!
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
នឹ កគិតដល់លំហាត់ប្រាណម្តងៗអ្នកប្រហែលអាចគិតឃើញនូវជម្រើសជាច្រើនក្នុងការជ្រើសរើសទីតាំងសម្រាប់ហាត់ដែលអាចធ្វើឡើងនៅតាម ទីធ្លាសាធារណៈសួនច្បារក៏ដូចជាតាមក្លឹបហាត់ប្រាណនានា។គ្រប់ទីតាំងទាំងអស់សុទ្ធតែមានអត្ថប្រយោជន៍រៀងៗខ្លួនតែការហាត់តាមក្លឹបហាត់ប្រាណបានផ្តល់នូវភាពងាយស្រួល នឹងផលវិជ្ជមានជាច្រើនបែបដែលអ្នកប្រហែលជាមិនធ្លាប់់បានដឹងពីមុន។ ដូច្នេះ អត្ថបទខាងក្រោមអាចជាការណែនាំដ៏ល្អសម្រាប់អ្នកដែលចង់ធ្វើការហាត់ប្រាណនៅតាមក្លឹបលំហាត់ប្រាណនានា ដែលនឹងប្រាប់អ្នកពីអត្ថប្រយោជន៍ទាំង ៥នៃក្លឹបលំហាត់ប្រាណ។
១ ឧបករណ៍ហាត់ប្រាណក្នុងទីតាំងតែមួយ លំហាត់ប្រាណខាងក្នុង អាចជួយសម្រួលយ៉ាងច្រើនសម្រាប់អ្នកដែលមានតម្រូវការប្រើប្រាស់ជាមួយឧបករណ៍លំហាត់ប្រាណផ្សេងៗ។ អ្នកអាចហាត់ប្រាណក្នុងទីតាំងទូលាយ ដែលអាចទុកដាក់ឧបករណ៍ហាត់ប្រាណរបស់អ្នកនៅក្នុងទីតាំងតែមួយ និងអំឡុងពេលហាត់ជាមួយគ្នាតែម្តង។
២ ប្រៀបបានជាថ្នាក់បង្រៀន ការហាត់តាមក្លឹបនានា ប្រៀបបានជាការចូលរួមក្នុងថ្នាក់មួយបង្រៀនអ្នកពីលំហាត់ប្រាណផ្សេងៗ ដែលប្រហែលជាអ្នកមិនធ្លាប់បានស្វែងយល់កន្លងមក។ ដោយសារ ការហាត់ត្រូវបានបង្វឹកដោយអ្នកមានជំនាញត្រឹមត្រូវ អ្នកអាចធ្វើលំហាត់ប្រាណដែលស័ក្តិសមនិងមានអត្ថប្រយោជន៍ជាច្រើន ផ្ទុយទៅនឹងការហាត់ប្រាណគ្មានការណែនាំដែលអាចបង្កឲ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ ក្នុងករណីអ្នកហាត់មិនបានត្រឹមត្រូវ។ ម៉្យាងវិញទៀត ការហាត់ជាក្រុមអាចជួយជម្រុញឲ្យមានទឹក-ចិត្តខ្ពស់ក្នុងការហាត់ឲ្យមានប្រសិទ្ធភាព ជាជាងការហាត់តែម្នាក់ឯង។
៣ សម្រួលអារម្មណ៍ក្នុងពេលតែមួយ ក្នុងក្លឹបលំហាត់ប្រាណមួយចំនួន ក្រៅពីមាននូវឧបករណ៍សម្រាប់ការហាត់ប្រាណ ក៏មានរួមបញ្ចូលផងដែរនូវសេវាកម្មមួយចំនួនទៀតដូចជាសោណា និងការម៉ាស្សាជាដើម។ក្នុងករណីការធ្វើលំហាត់ប្រាណផ្តល់នូវភាពហត់នឿយអ្នកអាចស្វែងរកសេវាកម្មទាំងនោះដើម្បីសម្រួលអារម្មណ៍ជាការលើកទឹកចិត្ត ក៏ដូចជាបន្ថែមនូវភាពទំនើបក្នុងជីវិតទៀតផង។
៤ មិនបារម្ភពីអាកាសធាតុ ការហាត់ប្រាណក្នុងទីតាំងមួយ ឬក្លឹបនានា អ្នកមិនចាំបាច់បារម្ភអំពីស្ថានភាពបរិយាកាស ឬអាកាសធាតុ ដែលជាកត្តាមួយអាចបង្អាក់នូវលំហាត់ប្រាណជាប្រចាំរបស់អ្នកនោះឡើយ។ ម៉្យាងទៀត លំហាត់ប្រាណខាងក្នុង អាចបញ្ចៀសនូវហានិភ័យនានាមកពីបរិយាកាសខាងក្រៅដូចជា ប៉ះពាល់ដល់សួត ភ្នែក ឬបំពង់ក ដែលវាអាចជាការប្រឈមខ្ពស់ចំពោះអ្នកដែលរស់នៅក្នុងតំបន់ដែលមានការបំពុលបរិយាកាសខ្លាំងក្លាមួយវិញទៀត វាមានអត្ថប្រយោជន៍ចំពោះអ្នកដែលមានបញ្ហាអាល្លែកហ្ស៊ី ដោយលំហាត់ប្រាណក្នុងក្លឹបអាចជួយឲ្យអ្នកចៀសវាងពីបញ្ហានោះបាន។
៥ អ្នកអាចមានគ្រូបង្វឹកផ្ទាល់ខ្លួន មានគ្រូបង្វឹកផ្ទាល់ខ្លួន ជាជម្រើសដ៏ល្អដែលជួយឲ្យអ្នកអាចធ្វើលំហាត់ប្រាណបានច្រើនបែប។ ដោយហេតុថា គ្រូបង្វឹកនីមួយៗសុទ្ធតែមានជំនាញផ្នែកលំហាត់ប្រាណ ដូច្នេះពួកគេអាចនឹងណែនាំអ្នកពីទម្រង់នៃការហាត់ដែលត្រឹមត្រូវ ម៉្យាងទៀតវត្តមានរបស់ពួកគេបានជួយផ្តល់ជាយោបល់ក្នុងករណីអ្នកមានបញ្ហាក្នុងពេលហាត់។ ជារួមអ្នកនឹងមិនខាតពេលវេលានោះឡើយ តែអ្នកថែមទាំងទទួលបាននូវលំហាត់ប្រាណមួយដែលមានអត្ថប្រយោជន៍យ៉ាងពេញលេញ និងសាកសមទៅនឹងខ្លួនអ្នក។
លំហាត់ប្រាណ បានចូលរួមចំណែកយ៉ាងច្រើនក្នុងការថែរក្សាសុខភាពនិងបន្ថែមរសជាតិជីវិតសម្រាប់បុគ្គលម្នាក់ៗ ដូច្នេះអ្នកគួរមានការជ្រើសរើស និងអនុវត្តវីធីសាស្រ្តក្នុងការហាត់ប្រកបដោយប្រសិទ្ធភាព ចៀសវាងការខិតខំទាំងអស់ប្រែជាការខាតបង់ទៅវិញ។