2017-08-18 · 4,328 ដងមើល
ចូលចិត្តហិតផ្សែងមិនថាឡាន ម៉ូតូ ឬថ្នាំលាបឡាន និងពិបាកដកដង្ហើម?
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
សំណួរ៖ ខ្ញុំមានអាយុ ២៣ឆ្នាំ ភេទ ស្រី កម្ពស់ ១.៦០ ម៉ែត្រ ទម្ងន់ ៥០គីឡូក្រាម សព្វថ្ងៃជានិស្សិត។ តាំងពីដឹងក្តីមក ខ្ញុំមានបញ្ហា ដោយសារតែខ្ញុំចូលចិត្តហិតផ្សែងមិនថាឡាន ម៉ូតូ ឬថ្នាំលាបឡាននោះទេ និងពិបាកដកដង្ហើម។ ខ្ញុំមិនធ្លាប់ស្វែងរកសេវាព្យាបាលនោះទេ ហើយខ្ញុំក៏មិនមានប្រើប្រាស់ថ្នាំប្រចាំកាយនោះដែរ។ ខ្ញុំចង់សួរលោកវេជ្ជបណ្ឌិតថា ខ្ញុំមានជំងឺអ្វី? តើជំងឺនេះ អាចព្យាបាលជាសះស្បើយឬទេ ដោយមិនចាំបាច់ប្រើប្រាស់ថ្នាំ?
ចម្លើយ៖ ឆ្លើយតបនឹងសំណួររបស់ប្អូនស្រីពីការចូលចិត្តហិតផ្សែងនេះ ថាជាជំងឺអ្វីនោះ វាគឺជាបញ្ហាមួយដែលខាងក្រុមគ្រូពេទ្យមិនអាចនិយាយបានថាជាជំងឺអ្វីប្រាកដនោះទេ តែអាចបញ្ជាក់បានពីផលវិបាកនៃការហិតផ្សែងពុល ដូចជាពពួកឧស្ម័នកាបូនឌីអុកស៊ីតយូរអង្វែង អាចជាកត្តាមួយជំរុញ និងបង្កឲ្យរលាក ឬប៉ះពាល់ដល់ផ្លូវដង្ហើមរ៉ាំរ៉ៃ។ បន្ថែមពីនេះ វាមិនអាចវាយតម្លៃបានត្រឹមរោគសញ្ញាថា ការរលាកសួតនោះបណ្ដាលមកពីបញ្ហាផ្សែង ឬបញ្ហាពីជំងឺផ្សេងនោះទេ វាទាមទារចាំបាច់ឲ្យមានការធ្វើរោគវិនិច្ឆ័យមួយពិតប្រាកដលើអ្នកជំងឺតាមរយៈការសាកសួរ ត្រួតពិនិត្យ ការថតសួត និងការធ្វើតេស្តផ្សេងៗជាមួយគ្រូពេទ្យឯកទេស ដើម្បីដឹងពីមូលហេតុនៃជំងឺ ទើបអាចប្រើថ្នាំព្យាបាលបានត្រឹមត្រូវតាមក្បួនច្បាប់វេជ្ជសាស្ត្រ។
បកស្រាយដោយ ៖ សាស្ត្រចារ្យវេជ្ជបណ្ឌិត គុយ ណូ ឯកទេសសណ្តំ ជំងឺធ្ងន់ សង្គ្រោះបន្ទាន់ និងជំងឺសួត សព្វថ្ងៃលោកជាវេជ្ជបណ្ឌិតឯកទេសប្រពោធកម្ម សល្យសាស្ត្រនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាវេជ្ជបណ្ឌិតឯកទេសបម្រើការនៅមន្ទីរសំរាកព្យាបាលអាយ ស៊ី យូ ធ្លាប់បានបណ្តុះបណ្តាលនៅប្រទេសបារាំង និងប៊ែលសិក