ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-08-21 · 20,045 ដងមើល

ជំងឺត្បៀតសរសៃឈាមជើង ឃាតករលាក់មុខដែលអ្នកមិនធ្លាប់ដឹង

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 1
ក្នុងអត្ថបទនេះនិយមន័យនៃជំងឺត្បៀតសរសៃឈាមជើងមូលហេតុនៃការបង្កជំងឺកត្តាប្រឈមដែលជំរុញឲ្យមានជំងឺត្បៀតសរសៃឈាមជើងរោគសញ្ញាវិធីសាស្រ្តធ្វើរោគវិនិច្ឆ័យវិធីព្យាបាលជំងឺត្បៀតសរសៃឈាមជើងការព្យាបាលដោយវះកាត់តសរសៃឈាម៖វិធីការពារពីជំងឺ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ជំងឺត្បៀតសរសៃឈាមជើង ត្រូវបានគេចាត់ទុកថាជាជំងឺមិនឆ្លងដូចទៅនឹងជំងឺទឹកនោមផ្អែមនិងជំងឺលើសសម្ពាធឈាមផងដែរ។ ជំងឺត្បៀតសរសៃឈាមជើងនេះ ក៏ត្រូវបានគេជួបប្រទះ ច្រើនផងដែរ ដោយប្រជាជនប្រមាណ ២០០ លាននាក់ក្នុងពិភពលោក កំពុងប្រឈមមុខនឹង បញ្ហាត្បៀតសរសៃឈាមនេះ។

និយមន័យនៃជំងឺត្បៀតសរសៃឈាមជើង

ជំងឺត្បៀតសរសៃឈាមជើង (Peripheral arterial disease of lower limb) គឺជាការត្បៀត ឬស្ទះរបស់សរសៃឈាមនៅចន្លោះអាអក (Aorte) និងសរសៃឈាមទាំងអស់របស់អវយវៈខាងក្រោម។ ការត្បៀតនេះ បណ្តាលឲ្យមានកង្វះខាត ចំពោះតម្រូវការនិងការនាំអុកស៊ីហ្សែនទៅសាច់ដុំ និងសរីរាង្គផ្សេងទៀតដូចជាស្បែកនិងសរសៃប្រសាទជាដើម ដែលនេះនាំឲ្យអ្នកជំងឺមានអាការៈចុកជើងពេលដើរ។

មូលហេតុនៃការបង្កជំងឺ

មូលហេតុញឹកញាប់ដែលគេបានជួបមានដូចជា៖

•ជំងឺ Atherosclerosis៖  ជាការកកខ្លាញ់​នៅតាមជញ្ជាំងសរសៃអាកទែ ដែលនាំឲ្យទំហំនៃសរសៃឈាមរួមតូច

•​ជំងឺ Mediacalcose៖  ជំងឺនេះកើតមានច្រើនលើអ្នកជំងឺទឹកនោមផ្អែម។វាបង្កឡើងដោយការកកសារធាតុកាល់ស្យូមនៅតាមស្រទាប់កណ្តាលនៃសរសៃឈាម ដែលបង្កឲ្យមានការស្ទះសរសៃឈាមដែលនៅខាងចុង។

ក្រៅពីនេះ គេក៏មានជួបនូវមូលហេតុកម្រមួយចំនួន​ដែលអាចបណ្តាលឲ្យកើតមានបញ្ហាត្បៀតសរសៃឈាមជើងនេះផងដែរ៖

•ការរលាកសរសៃឈាម ដែលភាគច្រើនអាច មកពីជំងឺ Bueger ឬ Taxayasu

•របួសនៅត្រង់ជើង ដែលអាចមានការខូចខាត ដល់សរសៃឈាមនៅត្រង់តំបន់នោះ

•ការព្យាបាលដោយកាំរស្មី ដែលការព្យាបាល បែបនេះ អាចបណ្តាលឲ្យមានការខូចខាតដល់សរសៃឈាមនៅត្រង់តំបន់ព្យាបាល

•ទម្រង់មិនធម្មតារបស់សាច់ដុំនិងសរសៃ Ligament​ របស់សាច់ដុំ ដែលអាចសង្កត់ទៅលើ សរសៃឈាម ធ្វើឲ្យសរសៃឈាមត្បៀត។

កត្តាប្រឈមដែលជំរុញឲ្យមានជំងឺត្បៀតសរសៃឈាមជើង

កត្តាប្រឈមដែលជំរុញឲ្យមានជំងឺត្បៀតសរសៃឈាមជើងដោយសារជំងឺត្បៀតសរសៃឈាមជើងជាប្រភេទជំងឺមិនឆ្លង នោះមានកត្តាមួយចំនួនដែល អាចបណ្តាលឲ្យអ្នកជំងឺប្រឈមខ្ពស់ទៅនឹងការកើតជំងឺនេះ៖

•អ្នកជក់បារី

•អ្នកជំងឺទឹកនោមផ្អែម

•អ្នកជំងឺលើសសម្ពាធឈាម

•អ្នកជំងឺលើសកូលេសស្តេរ៉ុល

•អ្នកលើសទម្ងន់ខ្លាំង

•មនុស្សចាស់ ចាប់ពីអាយុ៥០ឆ្នាំទៅ

•អ្នកមានប្រវត្តិគ្រួសារមានជំងឺសរសៃឈាមដូចជាជំងឺសរសៃឈាមជើង ជំងឺសរសៃឈាមបេះដូង និងជំងឺស្ទះសរសៃឈាមខួរក្បាលជាដើម

•អ្នកមានការកើនឡើងនូវពពួកអូម៉ូស៊ីសស្តេអីុន (Homocysteine)។

រោគសញ្ញា

រោគសញ្ញានឹងស្តែងឡើង ខុសៗគ្នាទៅតាមកម្រិត នៃការស្ទះ។

•ករណីសរសៃឈាមស្ទះតិចតួច៖ អ្នកជំងឺអាច នឹងមិនមានរោគសញ្ញាណាគួរឲ្យកត់សម្គាល់ ឬ​អាចមានអាការៈចុកជើងនៅពេលដើរ។

•ករណីសរសៃឈាមស្ទះខ្លាំង៖

-  ការចុកជើងកាន់តែខ្លាំងនៅពេលដើរដែលភាសា​បច្ចេកទេសហៅថា Intermittent claudication

(ពេលដើរទើបចុក ពេលនៅស្ងៀមបាត់ចុក) តែករណីស្ទះកាន់តែខ្លាំង ជើងចុកកាន់តែខ្លាំងបើទោះជានៅស្ងៀមក៏ដោយ ហើយភាគច្រើនចុកចាប់​ខ្លាំងនៅពេលយប់

-   ការអាការៈស្ពឹកជើង មានអារម្មណ៍ថាជើងខ្សោយ មានអារម្មណ៍ថាត្រជាក់នៅជើងខាងស្ទះ

-   អាចមានដំបៅនៅនឹងជើង ភាគច្រើននៅត្រង់ ម្រាមជើង ប្រអប់ជើង និងខ្មងជើង ហើយដំបៅ នោះពិបាកនឹងជាសះស្បើយវិញ

-   ពណ៌ជើងខាងស្ទះមានលក្ខណៈរាងភ្លឺ ឯជើង មិនស្ទះមានលក្ខណៈក្រហមជាង តែបើស្ទះកាន់តែខ្លាំងនោះអាចប្តូរទៅជាពណ៌ស្វាយ ឬខ្មៅតែម្តង

-   ជីពចរនៅនឹងជើងដែលស្ទះអាចមានលក្ខណៈខ្សោយឬគ្មានតែម្តង

-   ចំពោះបុរស អាចមានអាការៈអសមត្ថភាពផ្លូវភេទ។

វិធីសាស្រ្តធ្វើរោគវិនិច្ឆ័យ

មានវិធីសាស្ត្រជាច្រើនក្នុងការធ្វើរោគវិនិច្ឆ័យរកជំងឺត្បៀតសរសៃឈាមជើងនេះ។

១.  ធ្វើការសាកសួរអ្នកជំងឺពីប្រវត្តិជំងឺ​

ការសាកសួរនេះគឺធ្វើឡើងដើម្បីរកថាតើអ្នកជំងឺមានលេចឡើងនូវរោគសញ្ញាដែលមានរៀបរាប់ខាងលើឬទេជាពិសេសអាការៈចុកជើងនៅ ពេលដើរ។

២.  ធ្វើការពិនិត្យ (Physical examination)

•ចាប់ជីពចរតាមសរសៃអាកទែពីលើចុះក្រោម៖ ជាទូទៅ គេរកឃើញថា ជីពចរអាចមានលក្ខណៈខ្សោយឬគ្មានតែម្តងនៅនឹងជើងដែលស្ទះបើប្រៀបធៀបទៅជើងម្ខាងទៀតដែលមិនស្ទះ

•ស្តាប់សំឡេងទៅតាមសរសៃឈាមអាកទែ៖ អាចលឺសំឡេងចរន្តឈាមខ្លាំង

•ប្រៀបធៀបសម្ពាធឈាមនៅជើង និងដៃ (Ankle branchial index)៖ គេធ្វើផលធៀប សម្ពាធឈាមនៅនឹងខ្មងជើង និងសម្ពាធឈាមនៅនឹងដៃ (Blood pressure in ankle/blood pressure in arm)។ កាលណាផលធៀបនេះ ទាបជាង០.៩ នោះបង្ហាញថាអ្នកជំងឺមានជំងឺត្បៀតសរសៃឈាមជើង។

៣.  ធ្វើតេស្តអមវេជ្ជសាស្ត្រ

•ធ្វើអេកូសាស្ត្រសរសៃឈាម៖ រកមើលចរន្តឈាម កន្លែងស្ទះ និងកំណកឈាមដែលស្ទះ

•ស្កេន និងធ្វើ MRI សរសៃឈាមជើង

•ធ្វើ Angiography (ការថតឆ្លុះសរសៃឈាមជើង)៖ អាចធ្វើរោគវិនិច្ឆ័យនិងព្យាបាលរួមគ្នា

•ធ្វើតេស្តឈាម៖ រកកត្តាប្រឈមដែលអ្នកជំងឺ

អាចមានដូចជា ការលើសជាតិស្ករក្នុងឈាមនិងការលើសជាតិខ្លាញ់ក្នុងឈាមជាដើម។

វិធីព្យាបាលជំងឺត្បៀតសរសៃឈាមជើង

ការព្យាបាលជំងឺត្បៀតសរសៃឈាមមានគោលបំណងធំៗចំនួន២គឺ៖

•បន្ថយការឈឺចាប់របស់អ្នកជំងឺ ដើម្បីឲ្យគាត់អាចដើរបានវិញ

•បញ្ឈប់វិវឌ្ឍន៍នៃ Atherosclerosis ដើម្បីកាត់បន្ថយការប្រឈមទៅនឹងបញ្ហាគាំងបេះដូងនិង ស្ទះសរសៃឈាមខួរក្បាល ក៏ដូចជា PAD (Peripheral arterial disease)។

ការព្យាបាលនឹងចាប់ផ្តើម ដោយការណែនាំឲ្យអ្នកជំងឺផ្លាស់ប្តូរទម្លាប់នៃការ រស់នៅរបស់គាត់ដូចជា

•បញ្ឈប់ការជក់បារី

•បរិភោគអាហារដែលមានជាតិខ្លាញ់តិច

•ធ្វើលំហាត់ប្រាណ

•សម្រកទម្ងន់។

ការព្យាបាលដោយឱសថ៖ វីធីនេះត្រូវបានធ្វើឡើង ក្នុងករណីស្ទះកម្រិតល្មម និងដើម្បីកាត់បន្ថយកត្តាជំរុញមួយចំនួនដូចជា

•ឱសថព្យាបាលបញ្ហាលើសជាតិស្ករ

•ឱសថបញ្ហាលើសជាតិខ្លាញ់

•ឱសថបញ្ហាលើសសម្ពាធឈាម

•ឱសថការពារកំណកឈាម(Aspirine, Clop-   idogrel)

•ឱសថពង្រីកសរសៃឈាមជើង (Cilostazol, pentoxifylline, Naftidrofuryl) ដើម្បីបន្ថយការ

ឈឺចុកចាប់ជើងនៅពេលដើរ។

ការព្យាបាលដោយធ្វើ Angioplasty៖ គេធ្វើវិធីសាស្ត្រនេះចំពោះករណីមានស្ទះកម្រិតខ្លាំងដើម្បីថតឆ្លុះរកមើលកន្លែងដែលស្ទះដើម្បីធ្វើការពង្រីកសរសៃឈាមដោយប្រើ Ballon និងអាចដាក់រឺសុ័រ(Stent) ដើម្បីឲ្យសរសៃឈាមមានទំហំធំជាងមុនអាចឲ្យឈាមទៅចិញ្ចឹមជើងផ្នែកខាងក្រោមបានគ្រប់

គ្រាន់។ ករណីមានកំណកឈាមនៅកន្លែងណាមួយ អាចធ្វើការបាញ់ថ្នាំពង្រាវកំណកឈាមនោះ។

ការព្យាបាលដោយវះកាត់តសរសៃឈាម៖

ករណីមិនអាចធ្វើAngioplastyបានគេនឹងធ្វើការវះកាត់តសរសៃឈាម។ការវះកាត់នេះអាចធ្វើបាន២វិធីគឺយកសរសៃឈាមរបស់អ្នកជំងឺផ្ទាល់ឬប្រើសរសៃឈាមសិប្បនិម្មិតពិសេសសម្រាប់ត។យ៉ាងណាមិញដោយសារតែជំងឺត្បៀតសរសៃឈាមជើងជាជំងឺមិនឆ្លងនោះការព្យាបាលនេះទាមទារឲ្យធ្វើមួយជីវិតដោយអ្នកជំងឺត្រូវប្រើថ្នាំគោរពតាមវេជ្ជបញ្ជាមកជួបគ្រូពេទ្យការណាត់ឲ្យបានទៀងទាត់និងត្រូវផ្លាស់ប្តូរទម្លាប់នៃការរស់នៅផងដែរ។

ផលវិបាកដែលបង្កឡើងដោយជំងឺប្រសិនបើអ្នកជំងឺមិនបានទទួលព្យាបាលឲ្យបានត្រឹមត្រូវទេនោះ អ្នកជំងឺអាចនឹងប្រឈមនឹងផលវិបាកដែលបណ្តាលមកពីជំងឺនេះដូចជា៖

•ពិការភាពដោយសារតែការតម្រូវឲ្យកាត់ជើងនៅពេលដែលជើងស្ទះសរសៃឈាមវិវឌ្ឍទៅជាខូចរលួយ (Gangrene)

•ការឆ្លងរោគ (Surinfection) នៅនឹងដំបៅ និងជើងដែលខូចរលួយ ដែលពិបាកក្នុងការព្យាបាលឲ្យជាសះស្បើយ ហើយអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតប្រសិនបើមិនបានទទួលការសង្គ្រោះបានទាន់ពេលវេលា។

វិធីការពារពីជំងឺ

ដើម្បីចៀសវាងពីការកើតជំងឺត្បៀតសរសៃឈាមជើងនេះ ប្រជាជនគួរតែផ្លាស់ប្តូរទម្លាប់ក្នុងការរស់នៅដូចជា៖

•កុំជក់បារី

•ហាត់ប្រាណឲ្យបានទៀងទាត់ឲ្យបាន៣០នាទី២ទៅ៣ដងក្នុង១អាទិត្យ

•បរិភោគអាហារដែលមានជាតិខ្លាញ់តិច

•ករណីធាត់ត្រូវសម្រកទម្ងន់

•ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម លើស សម្ពាធឈាម លើសខ្លាញ់ ត្រូវទទួលការព្យាបាលឲ្យបានត្រឹមត្រូវ

•ចំពោះមនុស្សចាស់ ជាពិសេសអ្នកដែលមានកត្តាប្រឈមច្រើនត្រូវពិនិត្យសុខភាពឲ្យបានទៀងទាត់។

បកស្រាយដោយ វេជ្ជបណ្ឌិត ម៉ាក់ ច័ន្ទមិនា ឯកទេស ជំងឺបេះដូងនិងសរសៃ-ឈាមនៃមន្ទីរពេទ្យព្រះកុសុមៈ

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ